ពលរដ្ឋ​នៅ​កំពង់ធំ​ស្វែង​រក​អន្តរាគមន៍​ក្នុង​រឿង​ជម្លោះ​ដី

ប្រជាពលរដ្ឋ​នៅ​ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខែត្រ​កំពង់ធំ បាន​យក​ពាក្យ​បណ្ដឹង​ដាក់​ជូន​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ទប់​ស្កាត់​ក្រុមហ៊ុន​ឈ្មោះ ម្លប់​បៃតង ដែល​បាន​ទៅ​វាស់វែង​លើ​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់​នោះ។

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​ឈ្មោះ សោម ផាន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា​ថា កាល​ដើម​ខែ​មករា ឆ្នាំ​២០១១​នេះ អាជ្ញាធរ​ខែត្រ និង​ក្រុមហ៊ុន​បាន​ចុះ​ទៅ​សិក្សា​គម្រោង​អភិវឌ្ឍន៍​ដាំ​ដើម​កៅស៊ូ និង​បាន​ចុច GPS វាស់​វែង​កំណត់​ផ្ទៃ​ដី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ចំនួន ១៣០​គ្រួសារ ដែល​មាន​ផ្ទៃ​ដី ១.១៦១​ហិកតារ​នៅ​ក្នុង​ឃុំ​ទំរីង ដែល​ប្រជាពលរដ្ឋ​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៩៥​មក ៖ «ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ខ្លាច​គេ​ឈូស​ឆាយ​ហ្នឹង​ណា! ដី​ភូមិ ដី​ស្រែ​ចម្ការ»

មេ​ឃុំ​ទំរីង លោក សៀ សៀន បាន​ឲ្យ​ដឹង​ថា លោក​គ្រាន់​តែ​ដឹង​ថា ក្រុមហ៊ុន​ម្លប់​បៃតង មាន​គម្រោង​ធ្វើការ​អភិវឌ្ឍ​ដាំ​ដើម​កៅស៊ូ​នៅ​ក្នុង​ឃុំ​របស់​លោក ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃ​ដី​ទំហំ​ប៉ុន្មាន​ហិកតារ ឬ​យ៉ាង​ណា​នោះ លោក​មិន​ដឹង​នោះ​ទេ ៖ «គេ​មិន​ប្រាកដ​ថា គេ​វាស់​យក​ទេ គេ​គ្រាន់​តែ​ធ្វើការ​ស្រាវជ្រាវ​លើ​ផល​ប៉ះពាល់ និង​វាយ​តម្លៃ ហើយ​គេ​រាយការណ៍​ជូន​ឯកឧត្ដម​អភិបាល​ខែត្រ​តែប៉ុណ្ណោះ»

អនុ​ប្រធាន​ក្រុម​ការងារ​ពិសេស​ចុះ​ជួយ​ប្រជាពលរដ្ឋ​ស្រុក​សណ្ដាន់ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ជួយ​យក​ពាក្យ​បណ្ដឹង​មក​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នោះ បាន​មាន​ប្រសាសន៍​ថា បាន​ជា​លោក​យក​ពាក្យ​បណ្ដឹង​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ដោយសារ​តែ​បញ្ហា​ជម្លោះ​ដីធ្លី​កន្លង​មក​នៅ​ក្នុង​ខែត្រ​កំពង់ធំ អាជ្ញាធរ​ខែត្រ​មិន​បាន​ជួយ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​សមរម្យ​នោះ​ឡើយ ៖ «ជាក់​ស្ដែង​រឿង​ជា​ច្រើន​មក​ហើយ​នៅ​ក្នុង​ឃុំ​ទំរីង​នេះ មិន​បាន​សម្រេច​គោលដៅ​របស់​ប្រជាជន​ថ្នាក់​ក្រោម​នេះ មិន​បាន​គិត​ពី​ប្រជាជន​ទេ គេ​គិត​ពី​ផល​ប្រយោជន៍​របស់​គេ»

អភិបាល​រង​ខែត្រ​កំពង់ធំ លោក អ៊ុត សំអន បាន​ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​អំពី​ករណី​នេះ ប៉ុន្តែ​លោក​អះអាង​ថា អាជ្ញាធរ​ខែត្រ​បាន​កំណត់​ថា គ្រប់​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​វិនិយោគ​ដាំ​ដើម​កៅស៊ូ​ទាំង​អស់​នៅ​ខែត្រ​កំពង់ធំ បើ​សិន​ជា​ការ​កាប់​រាន​ណា​មួយ​ប៉ះ​ពាល់​លើ​ដី​ប្រជាពលរដ្ឋ ក្រុមហ៊ុន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

លោក អ៊ុត សំអន មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ក្រុមហ៊ុន​ខ្លះ​គេ​សហការ​ដោះស្រាយ (ជម្លោះ​ដី) ជាមួយ​យើង​បាន​ល្អ​ករណី​នេះ តែ​ក្រុមហ៊ុន​ខ្លះ​គេ​មិន​បាន​ដោះស្រាយ​បាន​រលូន​ទេ»

លោក អ៊ុត សំអន បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដាំ​ដើម​កៅស៊ូ​នៅ​ខែត្រ​កំពង់ធំ មាន​ចំនួន ១៥​ក្រុមហ៊ុន ក្នុង​នោះ​ក្រុមហ៊ុន​បរទេស​មាន​ចំនួន ៦​ក្រុមហ៊ុន ដូចជា​ក្រុមហ៊ុន​មក​ពី​វៀតណាម និង​ក្រុមហ៊ុន​មក​ពី​ប្រទេស​កូរ៉េ ហើយ​ក្រុមហ៊ុន​ក្នុង​ស្រុក​មាន​ចំនួន ៩​ក្រុមហ៊ុន ដែល​ក្រុមហ៊ុន​ទាំង​អស់​នេះ​ធ្វើការ​វិនិយោគ​ដាំ​ដើម​កៅស៊ូ​ក្នុង​ស្រុក​ចំនួន ៤ ដូច​ជា​ស្រុក​សណ្តាន់ ស្រុក​សន្ទុក ស្រុក​ស្ទោង និង​ស្រុក​ប្រាសាទបល្ល័ង្ក។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១០ របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​សរសេរ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៣​ម៉ឺន​គ្រួសារ​នៅ​ទូទាំង​ប្រទេស រង​គ្រោះ​ប្រឈម​នឹង​ការ​បាត់បង់​ដីធ្លី ហើយ​មនុស្ស​ចំនួន ៣០៦​នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង ៥៤​នាក់​កំពុង​បន្ត​ជាប់​គុក​ដល់​បច្ចុប្បន្ន ដោយសារ​ទាមទារ​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន និង​ជាមួយ​អ្នក​មាន​អំណាច៕