មនុស្ស​ចំនួន​២៤​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយ​ពី​បាន​រិះគន់​រឿង​ជំងឺ​កូវីដ-១៩

ដោយ ហេង រស្មី
2020-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​វិមាន​សន្តិភាព នៅថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២០។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​វិមាន​សន្តិភាព នៅថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២០។
Photo: RFA

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​២៤​នាក់​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​រឿង​ជំងឺ​កូវីដ-១៩ ក្នុង នោះ​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ផង​ដែរ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ។ អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ចាត់​ទុក​ថា សកម្មភាព​របស់​អាជ្ញាធរ ជា​ការ​បំបិទ​សិទ្ធ​ប្រជាពលរដ្ឋ​មិន​ឱ្យ​សំដែង​មតិ​ខណៈ​ជំងឺ​កំពុង​រាលដាល​ជុំវិញ​សកលលោក។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ថា ទង្វើ​របស់​អាជ្ញាធរ​ក្នុង​ភ្នំពេញ ទៅលើ​អ្នក​រិះគន់​រឿង​ជំងឺ​កូ​វីដ១៩ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​លែង​ហ៊ាន​និយាយ​ការពិត​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ថ្មី​នេះ។

នាយករង​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ប្រាប់​អាស៊ីសេរី​ថា នៅ​ក្នុង​ដំណាក់កាល​នេះ ការ​ជ្រើសរើស​របស់​អាជ្ញាធរ​ក្នុង​ការ​ចាប់ខ្លួន​នឹង​ការ​ឃុំខ្លួន​អ្នក​ហ៊ាន​និយាយ​រិះគន់​មិនមែន​ជា​ការ​ល្អ​ប្រសើរ​នោះ​ទេ។ រដ្ឋាភិបាល​គួរតែ​ហៅ​ពួកគាត់​មក​អប់រំ​ប្រសើរ​ជាង​ការ​ចាប់ខ្លួន​ដោយ​បង្ខំ​ស្រប​ពេល​ដែល​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩៖ «ការ​ចាប់​និង​ការ​ឃុំខ្លួន​នេះ យើង​គូរ​តែ​ពិនិត្យ​មើល​ដែរ​ថា​អ្វី​ជា​បទល្មើស​អ្វី ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ហើយ​ប្រសិនជា​យើង​ធ្វើការ​ឃុំខ្លួន​ដោយ​មិន​បាន​ពិចារណា​ឱ្យ​ត្រឹមត្រូវ​ថា​អ្វី​ជា​សេរីភាព​បញ្ចេញមតិ អ្វី​ជា​បទល្មើស​នោះ​ទេ អាហ្នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដែរ​សម្រាប់​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​នោះ​បាទ»

លោក អំ សំអាត និយាយ​ថា ចាប់​តាំង​ពី​ដើមខែ​មករា រហូតដល់​ចុងខែ​មីនា​នេះ មាន​មនុស្ស​ចំនួន​២៤​នាក់​ហើយ​ត្រូវ​របប​ក្រុងភ្នំពេញ​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ផ្សេងៗ​គ្នា។

លោក​បញ្ជាក់​ថា ក្នុង​ចំណោម​ជនរងគ្រោះ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មាន​ចំនួន ១៧​នាក់ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​សង្ស័យ​ថា មាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត រឿង​ជំងឺ​កូវីដ​១៩​រួចហើយ បាន​បញ្ជូន​ទៅ​ដាក់​ក្នុង​មន្ទីរឃុំឃាំង​ដើម្បី​រង់ចាំ​ជំនុំជម្រះ​ទោស។ ចំណែក​៧​នាក់​ផ្សេងទៀត​ជា​សកម្មជន​គណបក្សប្រឆាំង​តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​រួមគំនិត​ក្បត់​ដែល​សំណុំរឿង​ខ្លះ​បាន​កើតមានឡើង​តាំងពី​ឆ្នាំ​២០១៨​មក​ម្ល៉េះ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​រស់នៅ​និទ្ទេស​ក្នុង​ប្រទេស​សហរដ្ឋអាមេរិក​លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ការ​ចាប់ខ្លួន​សកម្មជន​គណបក្សប្រឆាំង និង​អ្នក​រិះគន់​រឿង​ជំងឺ​កូវីដ១៩ នេះ​គឺ​របប​ក្រុងភ្នំពេញ​ភ័យខ្លាច​ការ​ងើប​ប៉ះបោរ​ពី​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​ការដឹកនាំ​គ្មាន​ការទទួលខុសត្រូវ​របស់​លោក ហ៊ុន សែន។

លោក​មានប្រសាសន៍ថា ទង្វើ​របស់​របប​លោក ហ៊ុន សែន បង្ហាញ​ឱ្យ​ឃើញ​ថា មាន​ភាព​ព្រៃផ្សៃ​មិន​ខុស​ពី​ជំងឺ​កូវីដ​១៩​ទេ ដោយសារតែ​ពិភពលោក​ទាំងមូល​គេ​ផ្ដោត​ការ​យកចិត្តទុកដាក់​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​។​ប៉ុន្តែ​របប​លោក ហ៊ុន សែន មិន​ដែល​ភ្លេច​រឿង​ការរំលោភ​សិទ្ធិមនុស្ស​មក​លើ​ពលរដ្ឋ​ខ្លួន​នោះ​ទេ។

ការចោទប្រកាន់​ពី​មន្ត្រី​គណបក្សប្រឆាំង​និង​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នេះ​ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​ក្រសួងយុត្តិធម៌​និយាយ​ថា អ្វីដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើ​កន្លងមក​គឺជា​រឿង​ត្រឹមត្រូវ​ដើម្បី​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

ទោះបីជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន មានប្រសាសន៍​ថា ការ​បង្ហោះ​សារ​ក្នុង​ន័យ​អប់រំ​ដើម្បី​ទប់ស្កាត់​ជំងឺ​កន្លង​ទៅ​នោះ គឺជា​ការ​​អនុវត្ត​សិទ្ធិ ប៉ុន្តែ​រាល់​ការ​បង្ហោះ​សារ​ដែល​មានន័យ​ក្នុង​ការ​បំភិតបំភ័យ​បង្ក​ភាព​ចលាចល​ក្នុង​សង្គម​មិនមែន​ជា​ការអនុវត្ត​សិទ្ធិ​ទេ គឺ​ជា​ការ​បំពាន​ច្បាប់​ហើយ​សមត្ថកិច្ច​មាន​សិទ្ធិ​ក្នុង​ការ​បង្ក្រាប​ដើម្បី​នាំ​ខ្លួន​អ្នក​ប្រព្រឹត្ត​មក​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់៖ «ប្រជាពលរដ្ឋ​ភាព​ច្រើន​ធ្វើ​ការ​បញ្ចេញមតិ​រឿង​កូវីដ ដូចជា​មិន​អី​ទេ ដូច​មិន​មាន​បញ្ហា​អ្វី​ទេ។ ប៉ុន្តែ​រដ្ឋាភិបាល​មាន​វិធានការ​ច្បាប់​ចំពោះ​ជន​មួយ​ក្រុម​តូច​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​ចេតនា​ទុច្ចរិត​ដើម្បី​បំភិតបំភ័យ​បំផ្លើស​ក្នុង​ចេតនា​បង្ក​ភាព​ចលាចល​ក្នុង​សង្គម»

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិនដែល​ចាប់​មនុស្ស​ណា​ដែល​គ្មាន​កំហុស​នោះ​ទេ។ លោក​បញ្ជាក់​ថា ប្រសិនបើ​សមត្ថកិច្ច​ពិនិត្យ​ឃើញ​ថា​ទង្វើ​របស់​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​នោះ​ទេ សមត្ថកិច្ច​គ្រាន់តែ​កោះហៅ​ពួកគេ មក​សារ​សួរ​តែប៉ុណ្ណោះ តែ​ត្រូវ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​ពី​ពី​អាជ្ញាធរ។

ចាប់​ពី​ផ្ទុះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​កូវិដ​១៩ នៅ​ទីក្រុង​វូហាន​ប្រទេស​ចិន​តាំងពី​ចុង​ឆ្នាំ​២០១៩​មក គឺ​របប​ក្រុង​ភ្នំពេញ បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ក្នុង​នោះ​ក៏​មាន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ព្រៃវែង សៀមរាប ស្វាយរៀង នៅ​ខេត្ត​កំពង់ឆ្នាំង និង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ជាដើម ដោយសារតែ​ពួកគេ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក និង​និយាយ​ទូរស័ព្ទ​ព្រួយបារម្ភ​ពី​ការ​រីករាលដាល​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​។​

គិត​ត្រឹម​ថ្ងៃ​ទី​២៨ មីនា​ក្រសួងសុខាភិបាល រក​ឃើញ​អ្នក​កើត​ជំងឺ​កូវីដ​១៩ (Covid-19) ចំនួន ៤​នាក់​ថែមទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​កើត​ជំងឺ​នេះ សរុប កើន​ដល់ ១០២​នាក់​។ អ្នក​កើត​ជំងឺ​ថ្មី​ចំនួន ៤​នាក់​នោះ គឺជា​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល