លោក កឹម សុខា គ្មានឈ្មោះនៅក្នុងបញ្ជីដោះលែង និងបន្ធូរបន្ថយអ្នកទោស ក្នុងពិធីបុណ្យអុំទូកទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៩ តុលាថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកទោសនយោបាយផ្សេងទៀតដែលរបបលោក ហ៊ុន សែន ចាប់ខ្លួន កាលពីពេលថ្មីៗ នេះ គ្មានឈ្មោះនៅក្នុងបញ្ជីលើកលែងទោស និងបន្ធូរបន្ថយទោសក្នុងពីធីបុណ្យអំទូកនាពេលខាងមុខនេះទេ។
ក្រសួងយុត្តិធម៌គ្រោងបន្ធូរបន្ថយ និងលើកលែងទោសដល់អ្នកទោសចំនួន ៥១២នាក់ ក្នុងនោះមានស្ត្រីចំនួន ៥៨នាក់ នៅក្នុងពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៩ ខាងមុខនេះ។
លោក ជិន ម៉ាលីន អះអាងថា ចំពោះគោលការណ៍ច្បាប់ក្នុងការលើកលែងទោស និងបន្ធូរបន្ថយទោសក្រសួងមិនបានផ្តោតលើអ្នកទោសទាំងនោះ ជាសកម្មជនគណបក្សនយោបាយទេ គឺសំខាន់ឱ្យតែអ្នកទោសនោះបំពេញទៅតាមច្បាប់បានកំណត់។
លោកបញ្ជាក់ថា ចំពោះកម្ពុជាគ្មានអ្នកទោសនយោបាយទេ៖ « មែនទែនរឿងលើកលែងទោសនិងបន្ធូរបន្ថយទោសហ្នឹងគេមានយន្តការ និងនិតិវិធីវាយតម្លៃច្បាស់លាស់ណាស់។ មានការចូលរួមទាំងថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ មានការវាយតម្លៃតាំងពីក្នុងពន្ធនាគារ តាំងពីគណៈកម្មការថ្នាក់ខេត្ត រហូតដល់គណៈកម្មការថ្នាក់ជាតិ » ។
ទោះបីជាយ៉ាងណាក៏ដោយ អនុប្រធានអង្គការ លីកាដូ ទទួលបន្ទុកឃ្លាំមើលការរំលោភសិទ្ធិមនុស្សលោក អំ សំអាត មានប្រសាសន៍ថា ក្រសួងយុត្តិធម៌ត្រូវធ្វើយ៉ាងណាឲ្យមានសុក្រឹតភាព និង តម្លាភាពដោយគ្មានការរើសអើង។
គេហទំព័ររបស់ក្រសួងយុត្តធម៌បានបញ្ជាក់ថា អង្គប្រជុំបានសម្រេចធ្វើសំណើជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រ ក្នុងការផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុប ៩០នាក់ (ស្រី ១៧នាក់) ដែលនៅក្នុងនោះ បន្ថយទោស ៦ខែ ចំនួន ៥៨នាក់ (ស្រី ១៣នាក់) បន្ថយទោស ៩ខែ ចំនួន ១៤នាក់ (ស្រីម្នាក់) បន្ថយទោស ១២ខែ ចំនួន ៨នាក់ (ស្រីម្នាក់) លើកលែងទោស ចំនួន ១០នាក់ (ស្រី ២នាក់)។
អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងជាអនុប្រធានលេខាធិការដ្ឋាននៃក្រសួងយុត្តិធម៌ លោក សុច សុផាន់ណារ៉ា បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការជាតិដើម្បីពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសកាលពីថ្ងៃទី២១ តុលាថា កម្ពុជាមានអ្នកទោសជាង ៣៤.០០០នាក់ ក្នុងនោះមានស្រ្តីជាង ១.០០០នាក់កំពុងជាប់ពន្ធនាគារនៅពន្ធនាគារ ខេត្តក្រុងចំនួន ២៣ និងមណ្ឌលកែប្រែចំនួន ៤ ក្នុងប្រទេសកម្ពុជា ហើយក្នុងចំណោមនោះក៏មានអ្នកទោសជាជនបរទេសជាង ១.០០០នាក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។