អង្គភាពប្រឆាំងអំពើពុករលួយប្រកាសថា នឹងសាកសួរឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ពីសំណុំរឿងអំពើពុករលួយបន្តទៀតនៅពន្ធនាគារ។ កាលពីថ្ងៃទី៧ ខែមេសា លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនទៅឲ្យតុលាការសាកសួរពេញមួយថ្ងៃ រួចនាំទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។
ក្រោយពីការសាកសួរលោក ស៊ុត ឌីណា ជិត ១២ម៉ោង សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូងរូបនេះចំនួន ២បទល្មើស គឺបទកេងយកផលប្រយោជន៍ដោយខុសច្បាប់តាមមាត្រា ៥៩៧ និង ៥៩៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងបទរំលោភអំណាចមានប្រសិទ្ធភាពតាមមាត្រា៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងក្នុងសន្និសីទកាសែតស្របពេលដែលលោក ស៊ុត ឌីណា កំពុងត្រូវបានតុលាការសាកសួរថា បច្ចុប្បន្នលោក ស៊ុត ឌីណា មានសាច់ប្រាក់នៅក្រៅធនាគារជាង ៧លានដុល្លារអាមេរិក គឺកើនឡើងចំនួន ៣លានដុល្លារបន្ថែមទៀត មុនពេលដែលលោកបានធ្វើជាឯកអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង។ ក្រៅពីនេះ លោក ស៊ុត ឌីណា ក៏មានមាសសុទ្ធជិត ៣៤០តម្លឹង ដែលស្មើជាង ១២គីឡូក្រាមផងដែរ។
លោក ឱម យ៉ិនទៀង បញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់លោក ស៊ុត ឌីណា។ បើពិតជារកឃើញថា មានកំហុសដូចការចោទប្រកាន់ក្នុង ២បទល្មើសមែននោះ លោក ស៊ុត ឌីណា អាចប្រឈមនឹងការជាប់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ។
បើទោះជាលោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនឲ្យតុលាការសាកសួរដើម្បីចោទប្រកាន់ហើយក្តី តែលោក ឱម យ៉ិនទៀង ឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយនឹងសាកសួរលោក ស៊ុត ឌីណា នៅពន្ធនាគារបន្ថែមទៀត។
លោក ឱម យ៉ិនទៀង ឲ្យដឹងដែរថា រហូតមកទល់ពេលនេះភស្តុតាងចោទប្រកាន់លើលោក ស៊ុត ឌីណា ដែលអង្គភាពប្រឆាំងអំពើពុករលួយប្រគល់ឲ្យតុលាការទើបបានប្រហែល ១ ភាគ ៣ នៃភស្តុតាងសរុប៖ «៣លានដុល្លារនោះបើគាត់ឆ្លើយមិនបានរឹបយក តិចទៀតយើងខ្ញុំទៅសួរចម្លើយគាត់នៅពន្ធនាគារហើយ អ៊ីចឹងបើករឿងថ្មីបន្តភាគមកទៀត ការសួរចម្លើយគាត់ទៅរកគាត់នៅនោះ ហើយសួរគាត់ឲ្យគាត់ពន្យល់ ថាតើ ៣លាននោះមកពីណា? បើគាត់ឆ្លើយមិនបានរឹបអូសយក ៣លានសិន»។
ក្នុងពេលលោក ស៊ុត ឌីណា ត្រូវបានគេបញ្ជូនខ្លួនទៅកាន់តុលាការ ភរិយា និងមេធាវីការពារក្តីលោក ស៊ុត ឌីណា បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទេពីការចោទប្រកាន់លើលោក ស៊ុត ឌីណា។ ប៉ុន្តែលោក ស៊ុត ឌីណា បានស្រែកពេលសមត្ថកិច្ចបញ្ជូនខ្លួនដល់តុលាការថា ការចោទប្រកាន់នេះ ជារឿងអយុត្តិធម៌ណាស់ចំពោះរូបលោក។ ចំណែកអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា ក៏មិនឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានពីករណីលោក ស៊ុត ឌីណា នេះដែរ។
ទោះជាយ៉ាងណា មន្ត្រីពន្ធនាគារព្រៃសដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យវិទ្យុអាស៊ីសេរី ដឹងកាលពីយប់ថ្ងៃទី៧ មេសា ថា លោក ស៊ុត ឌីណា ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំនៅពន្ធនាគារព្រៃសរួចហើយ។ មន្ត្រីដដែលឲ្យដឹងថា លោក ស៊ុត ឌីណា ត្រូវបានឃុំនៅក្នុងអគារ ប៊ី (B) បន្ទប់លេខ១៥ ជាប់នឹងបន្ទប់មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ឃុំដែរនោះ។
លោក ស៊ុត ឌីណា ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួននៅថ្ងៃទី៤ ខែមេសា បានធ្វើជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង តាំងពីដើមឆ្នាំ២០១៤។ មុនពេលលោក ស៊ុត ឌីណា បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយក្រោយមកលោកត្រូវបានក្រសួងការបរទេសតែងតាំងធ្វើជាឯកអគ្គរាជទូតនោះ លោក ស៊ុត ឌីណា ធ្លាប់បានដឹកនាំក្រុមយុវជន និងធ្លាប់រិះគន់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីមិនសំចៃមាត់ឡើយ។
អ្នកវិភាគមើលឃើញថា ការចាប់ខ្លួនលោក ស៊ុត ឌីណា ពីរឿងពុករលួយពេលនេះ ដោយសារលោក ស៊ុត ឌីណា មិនមានខ្នងក្រាស់នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ឬអាចមកពីមានការប្រកួតប្រជែងដើម្បីស្វែងរកផលប្រយោជន៍ផ្ទៃក្នុងរបស់បក្សកាន់អំណាច។ ការកត់សម្គាល់ដូចនេះ ដោយសារអ្នកវិភាគមើលឃើញថា ក្នុងជួររដ្ឋាភិបាលបច្ចុប្បន្នមានមន្ត្រីគ្រាក់ៗមិនតិចទេ ដែលអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ឬកិបកេងលុយរដ្ឋ ប៉ុន្តែមិនឃើញអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតលើមន្ត្រីទាំងអស់នោះឡើយ។
អង្គភាពប្រឆាំងអំពើពុករលួយបង្ហាញភស្តុតាងពុករលួយរបស់លោក ស៊ុត ឌីណា
អង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញភស្តុតាងថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា បានប្រព្រឹត្តអំពើពុករលួយ នៅរសៀលថ្ងៃទី៧ មេសា។ ការបង្ហាញភស្តុតាងនេះ គឺជាការឆ្លើយតបមួយទៅនឹងការបញ្ចេញមតិមួយចំនួននៅបណ្ដាញសង្គមហ្វេសប៊ុក ដែលថា លោក ស៊ុត ឌីណា ជាមនុស្សស្អាតស្អំ និងជាមន្ត្រីក្រីក្រ។
សូមស្ដាប់អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី លោក ឡេង ម៉ាលី ដែលទៅយកព័ត៌មានអំពីសន្និសីទកាសែតនេះ រាយការណ៍ដូចតទៅ៖
[ ទស្សនាវីដេអូ៖ តុលាការបញ្ជូនលោក ស៊ុត ឌីណា ទៅឃុំខ្លួនបណ្ដោះអាសន្នOpens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
