លោក អះម៉ាត់ យ៉ះយ៉ា ថា ការ​កាត់ទោស​លោក​១៥​ឆ្នាំ គឺជា​រឿង​ចោទ​ប្រកាន់​ប្រឌិត​ឡើង

អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា បាន​សរសេរ​លិខិត​ដោយ​ផ្ទាល់ដៃ​ចេញ​ពី​ពន្ធនាគារ​ព្រៃស ចំ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ លើកឡើង​ថា តុលាការ​ផ្ដន្ទាទោស​លោក​ចំនួន​១៥​ឆ្នាំ​នោះ ពី​បទ​ជួញដូរ​មនុស្ស គឺជា​រឿង​ដែល​គេ​ប្រឌិត​ឡើង ដើម្បី​ចោទប្រកាន់​លោក​ទាំង​អយុត្តិធម៌។

ខ្លឹមសារ​នៅ​ក្នុង​លិខិត​ដែល​លោក អះម៉ាត់ យ៉ះយ៉ា ផ្ញើ​ចេញ​កាលពី​ថ្ងៃ​ទី​១០​ធ្នូ ក្រៅពី​សរសេរ​ថា ករណី​លោក ថា ជា​រឿង​ដែល​គេ​ប្រឌិត​ឡើង ដើម្បី​ធ្វើ​បាប​លោក​នោះ លោក​ក៏​ថ្លែង​អរគុណ ចំពោះ​អ្នក​ដែល​អាណិត​ស្រលាញ់​លោក​ដែរ​។ លោក​រៀបរាប់​ថា លោក​ស្រក់​ទឹកភ្នែក នៅ​ពេល​លោក​បាន​អាន​សារ (Comment) ពី​ហ្វេសប៊ុក​ដែល​គេ​បាន​ថតចម្លង (Copy) យក​ទៅ​ឱ្យ​លោក​មើល​នៅ​ក្នុង​ពន្ធនាគារ ដោយ​អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នោះ​។ លោក អះ​ម៉ាត់ យ៉ះយ៉ា បាន​សង្កត់ធ្ងន់​ថា៖ «ជីវិត​របស់​មនុស្ស​គឺ​មិន​ដូចគ្នា​ទេ ហើយ​អ្នក​ដែល​បាន​ធ្វើ​បាប​លោក​ក៏​មិន​អស្ចារ្យ​ប៉ុន្មាន​ដែរ នៅ​ក្នុង​ពិភពលោក និង​នៅ​ថ្ងៃ​បរលោក។ អ្នក​ដែល​ជឿ​លើ​សាសនា​គេ​មិន​ធ្វើបាប​គ្នា​ដោយ​ប្រឌិត​សាច់រឿង ដើម្បី​ធ្វើបាប​មនុស្ស​ដូច្នេះ​ឡើយ នេះ​គឺជា​អំពើ​បាបកម្ម​មួយ​នៅ​ក្នុង​បញ្ជី​របស់​ទេវតា​ដែល​ថែរក្សា​មនុស្ស​ម្នាក់ៗ ហើយ​នៅ​ថ្ងៃ​បរលោក​គេ​នឹង​ភ្លឺ​ភ្នែក​ជា​មិនខាន»។

ទោះជា​លោក អះម៉ាត់ យ៉ះយ៉ា សរសេរ​មិន​ចំ​ឈ្មោះ អ្នក​ដែល​ធ្វើបាប​លោក​នៅ​ក្នុង​លិខិត​នេះ​ក្ដី ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​អាស៊ីសេរី​នៅមុន​ពេល​តុលាការ​ចាប់ខ្លួន​លោក​ពី​ខែ​សីហា​ឆ្នាំ​២០១៩​ថា ការរៀបចំ​ប្រឌិត​រឿង ដើម្បី​ចាប់ខ្លួន​លោក​នេះ គឺ លោក ឧស្មាន ហាស្សាន់ ត្រូវជា​ក្មួយ​ជីដូនមួយ​របស់​លោក បច្ចុប្បន្ន​ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​។ លោក​ថា លោក ឧស្មាន់ ហាស្សាន់ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ចង់​ចាប់ខ្លួន​លោក ដោយសារតែ​លោក និង​ពលរដ្ឋ​ជាច្រើន​ទៀត ធ្លាប់​មាន​ទំនាស់​ជាមួយ​លោក អូស្មាន ហាស្សាន់ រឿង​មិន​គាំទ្រ​ការ​ពុះ​ដី​វិហារ​បឹងកក់​ធ្វើ​ផ្លូវ​។ លោក អះម៉ាត់ យ៉ះយ៉ា អះអាង​ថា លោក និង​ពលរដ្ឋ​មិន​ជំទាស់​លោក អូស្មាន ហាស្សាន់ ចង់​ធ្វើ​ផ្លូវ​ពុះ​ដី​វិហារ​បឹងកក់​នោះ​ទេ ប៉ុន្តែ​លោក និង​ពលរដ្ឋ​ចង់​ឱ្យ​ធ្វើ​ផ្លូវ​វាង​របង​វិហារ ដោយសារ​វិហារ គឺជា​កន្លែង​ប្រតិបត្តិ​សាសនា ហើយ​ចង់​រក្សា​ភាព​ស្ងប់ស្ងាត់​៖ « រឿង​នេះ​តាម​ខ្ញុំ​ដឹង ឧស្មាន ហាស្សាន់ ធ្វើ​ផ្លូវ​អត់​បាន គឺ​គាត់​ខាត​ផលប្រយោជន៍ ដោយសារ​នៅ​ខាងឆ្វេង​ដៃ​ក្នុង​បរិវេណ​ដី​វិហារ​នោះ គឺជា​ដី​មូលនិធិ​របស់​គាត់ ដែល​គាត់​សុំ​លុយ​អារ៉ាប់ ដើម្បី​មក​សង់​ខុនដូ ហើយ​គាត់​សង់​អត់​បាន គាត់​ប្រាប់​គេ​ថា គាត់​ខាត​រយ​លាន​ដុល្លារ»។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី​អម​ប្រតិភូ​នៃ​គណៈរដ្ឋមន្ត្រី​ជាច្រើនលើក តែ​មិន​អាច​ទាក់ទង​បាន​តាម​ទូរស័ព្ទ​។

សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៣ សីហា បាន​ផ្ដន្ទាទោស លោក អះម៉ាត់ យ៉ះយ៉ា អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង លោក អ៊ីស្មាឯល ពិន អូស្មាន បេក្ខជន​តំណាងរាស្ត្រ​មិន​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់ ១៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រួមគ្នា​ចំនួន ២០០​លាន​រៀល​ប្រមាណ ៥​ម៉ឺន​ដុល្លារ ទៅ​ឱ្យ​ដើមបណ្ដឹង​ពីរ​នាក់ តាម​មាត្រា​១១​នៃ​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់​ថា ក្នុង​ពេល​សវនាការ​សួរដេញដោល តុលាការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់​បន្ទុក​លើ​លោក អះម៉ាត់ យ៉ះយ៉ា និង​ក្មួយប្រុស​នោះ​ឡើយ ហើយ​ដើមបណ្ដឹង​មួយ​ចំនួន​ក៏​មិនបាន​បង្ហាញខ្លួន​ក្នុង​អង្គ​សវនាការ​នោះ​ដែរ​។ លោក​បន្ត​ថា សំណុំ​រឿង​នេះ​នៅ​មាន​ភាព​មិនប្រក្រតី​មួយ​ចំនួន​ទៀត ក៏ប៉ុន្តែ​តុលាការ​បែរជា​ផ្ដន្ទាទោស​អ្នក​ទាំងពីរ ដែល ការសម្រេច​នេះ​ធ្វើ​ឱ្យ​បាត់បង់​ប្រយោជន៍ និង​ភាព​យុត្តិធម៌​សម្រាប់​ជនជាប់ចោទ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​អះអាង​ថា អង្គការ លីកាដូ នឹង​តាមដាន​សំណុំ​រឿង​នេះ​បន្ត​ទៀត នៅ​ពេល​មានការ​ប្ដឹង​ទាស់​ទៅ​តុលាការ​ជាន់ខ្ពស់​៖ «សាល​សវនាការ​ហ្នឹង ក្នុង​គម្រោង​សាល​ទី​៥ វា​តូច ដោយសារ​ជាន់​រឿង​គ្នា គេ​ប្ដូរ​ទៅ​សាល​ទី​១ វិញ ហាក់បីដូចជា​គេ​មិន​ប្រកាស​ជា​សាធារណៈ​ឱ្យ​ដឹង​ជា​សាធារណៈ ទី​២ ការ​ជជែក​ដេញដោល​រក​ភស្តុតាង​ហ្នឹង​មិន​មាន​អ្វី​គ្រប់គ្រាន់ ហើយ​ដើមបណ្ដឹង​ហ្នឹង គឺ​មាន​អ្នក​បោះ​ប្រ៊ីយ៉ុង កឺ​មាន​អ្នក​ប្រាប់​ហើយ​ចាំ​ឆ្លើយ​តាម»។

ក្រោយ​តុលាការ​បញ្ជូន​លោក អះម៉ាត់ យ៉ះយ៉ា ទៅ​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​មក ក្រុម​អ្នក​លេង​ហ្វេសប៊ុក​ជនជាតិ​ចាម ទាំង​អ្នក​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស សម្ដែង​ការ​សោកស្ដាយ ដែល​តុលាការ​ផ្ដន្ទាទោស​លោក​នោះ​។ ពួកគេ​បាន​សរសេរ​ថា «ពួកគាត់​មិន​ជឿ​ទេ​ថា លោក​អះម៉ាត់ យ៉ះយ៉ា ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​របស់​តុលាការ ហើយក៏​មិន​ចង់​ឃើញ​លោក អះម៉ាត់ យ៉ះយ៉ា ជាប់​ពន្ធនាគារទាំង​អយុត្តិធម៌​បែបនេះ​ឡើយ ខណៈ​ដែល​សហគមន៍​ខ្មែរ​ចាម ឬ​ខ្មែរ ឥស្លាម​នៅ​ត្រូវការ​មនុស្ស​ល្អ​ដូច​រូបលោក ដើម្បី​ឱ្យ​បន្ត​រួមចំណែក​ជួយ​ដល់​សហគមន៍​ចាម​កម្ពុជា និង​ប្រទេសជាតិ​តទៅទៀត​។ ក្រុម​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក៏​ចែករំលែក​រូបថត​លោក ពី​មួយ​ទៅ​មួយ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក​វិញ ដោយ​ចាត់​ទុក​ការ​កាត់ទោស​លោក​ឱ្យ​ជាប់ពន្ធនាគារ​១៥​ឆ្នាំនេះ ស្មើ​និង​ដាក់ទោស​មួយ​ជីវិត​ដូច្នោះ​ដែរ ពីព្រោះ​លោក​បច្ចុប្បន្ន​មាន​អាយុ​៦៥​ឆ្នាំ​ទៅ​ហើយ​នោះ»។

នៅ​ក្នុង​លិខិត​របស់​លោក អះម៉ាត់ យ៉ះយ៉ា ដដែល​សរសេរ​ទៀត​ថា ទោះបីជា​លោក​នៅ​ក្នុង​គុក​ព្រៃ​សរ​ក៏ដោយ ក៏​ចិត្ត​របស់​លោក នៅ​ជាមួយ​អ្នកគាំទ្រ​របស់​លោក​ជានិច្ច​មិនដែល​ភ្លេច​មួយ​វិនាទី​ណា​ឡើយ​។ លោក អះម៉ាត់ យ៉ះយ៉ា ដែល​ជា​អ្នក​ជំនឿ​សាសនា​តឹងរ៉ឹង​ផង​នោះ មាន​ជំនឿ​ថា លោក​នឹង​បាន​ចេញពី​គុក​ព្រៃស ក្នុង​ពេល​ឆាប់ៗ​នេះ ប្រសិនបើ​លោក​ទទួល​បាន​យុត្តិធម៌​។ នៅ​ចុង​បញ្ចប់​នៃ​លិខិត​នេះ លោក អះម៉ាត់ យ៉ះយ៉ា លើក​ឡើង​ថា​" ដរាបណា​តែ​យើង​នៅ​មាន​ជីវិត ដ៏​រាប​នោះ​យើង​នៅ​មាន​សេចក្ដី​សង្ឃឹម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។