គ្រួសារជនជាតិអាមេរិក ដែលបានដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយចោទប្រកាន់ ថាមន្ត្រីតុលាការខ្មែរគ្រប់ជាន់ថ្នាក់ ចូលដៃក្នុងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ រងការគំរាមកំហែង ក្រោយដាក់ពាក្យប្ដឹងរឿងអំពើពុករលួយពាក់ព័ន្ធមន្ត្រីតុលាការកម្ពុជា។
ជនជាតិអាមេរិកលោក ចេរ៉ល ឃែណិន (Gerald Cannon) ដែលមានភរិយាខ្មែរ កំពុងរស់នៅជាមួយលោកនៅសហរដ្ឋអាមេរិក គឺលោកស្រី តេង រីណា ដែលត្រូវជាក្មួយស្រីបង្កើតរបស់ចៅក្រមសាលាឧទ្ធរណ៍ ដែលចូលនិវត្តន៍គឺលោក ងួន អ៊ីម ឱ្យអាស៊ីសេរីដឹងថា លោក ងួន អ៊ីម បានទូរស័ព្ទគំរាមលោកស្រី តេង រីណា ថានឹងត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាម បើហ៊ានវិលត្រឡប់ទៅស្រុកខ្មែរវិញ ព្រោះជាប់ឈ្មោះក្នុងបណ្ដឹង ដែលលោកដាក់ប្ដឹងលោក ងួន អ៊ីម និងកូនប្រុសពីរនាក់របស់លោក ងួន អ៊ីម ព្រមទាំងព្រះរាជអាជ្ញា និងចៅក្រមជាច្រើនរូបផ្សេងទៀត ពីបទអំពើពុករលួយ។
លោក ចេរ៉ល ឃែណិន កាលពីខែសីហា បានដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយចោទប្រកាន់មន្ត្រីតុលាការ ចាប់តាំងពីសាលាដំបូង ដល់តុលាការកំពូល អំពីអំពើពុករលួយ ទាក់ទងនឹងការទទួលប្រាក់សំណូក រាប់ម៉ឺនដុល្លារ ជាថ្នូរនឹងការកាត់ឱ្យលោកឈ្នះក្តី ករណីទាមទារសិទ្ធិគ្រប់គ្រងកូនរបស់លោក ដែលកើតមានក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ២០១៨។
ក្នុងបណ្ដឹងនោះ លោក ចេរ៉ល ឃែណិន រៀបរាប់អំពីមន្ត្រីតុលាការមានទាំងមេធាវី ក្រឡាបញ្ជី ព្រះរាជអាជ្ញា និងចៅក្រម នៅគ្រប់ស្ថាប័នតុលាការ ដែលបង្កើតមុខរបរសូកប៉ាន់នេះ ជាលក្ខណៈគ្រួសារ និងជាប្រព័ន្ធ។
លោកលើកយកករណីគ្រួសារចៅក្រមតុលាការកំពូលលោក ឃឹម ប៉ុណ្ណ និងកូនស្រីគឺលោកស្រី ប៉ុណ្ណ សំខាន់ ដែលពេលនោះពាក់ផ្កាយ ៣ (ឧត្តមសេនីយ៍ឯក) សព្វថ្ងៃជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោក ចេរ៉ល អះអាងថា លោកបានសូកលុយ ៣.០០០ ដុល្លារដោយផ្ទាល់ដៃ ទៅអ្នកស្រី ប៉ុណ្ណ សំខាន់ ដើម្បីឱ្យទៅចៅក្រម ឃឹម ប៉ុណ្ណ យកទៅសូកបន្តទៅប្រធានតុលាការកំពូល គឺលោកចៅក្រម ឌិត មុន្ទី ដែលជាអ្នកសម្រេចក្តីក្នុងសំណុំរឿងនោះ។
លោកស្រី ប៉ុណ្ណ សំខាន់ បានបដិសេធ ថាលោកស្រីមិនបានដឹងរឿងនេះទេ។ អាស៊ីសេរី នៅតែមិនទាន់អាចសុំការបំភ្លឺពីលោក ឃឹម ប៉ុណ្ណ និងលោក ឌិត មុន្ទី នៅឡើយ។ លោក ឌិត មុន្ទី ជាប្រធានតុលាការកំពូល ដែលកាត់ក្តីរម្លាយគណបក្សសង្គ្រោះជាតិ។ លោកក៏ជាសមាជិកគណៈ អចិន្ត្រៃយ៍របស់គណៈមជ្ឈិមបក្សរបស់គណបក្សប្រជាជនកម្ពុជា។
មន្ត្រីតុលាការជាច្រើនរូបទៀត រួមមានចៅក្រម សេង លាង ចៅក្រម លាង សំណាត់ អ្នកស្រីចៅក្រម គឹម ដានី លោកចៅក្រម ប៉ាក ច័ន្ទសំបូរ ព្រះរាជអាជ្ញារងលោក ស្រី ម៉ាក់នី និងក្រឡាបញ្ជី និងមេធាវីជាច្រើនរូបផ្សេងទៀត ក៏មានរៀបរាប់នៅក្នុងពាក្យបណ្ដឹងរបស់លោកដែរ។
អាស៊ីសេរី នៅតែមិនទាន់អាច សុំការបំភ្លឺពីមន្ត្រីទាំងនេះបាននៅឡើយទេ កាលពីថ្ងៃទី១៩ ខែធ្នូ។
លោក ចេរ៉ល ឃែណិន ក៏លើកឡើងករណីលោក ងួន អ៊ីម និងកូនៗ ពីរនាក់របស់ចៅក្រមរូបនេះ រួមមានលោក តេង សាម៉ៃ ដែលជាព្រះរាជអាជ្ញារង និង លោក តេង បូរ៉ា ដែលជាមេធាវី ដែលសុទ្ធតែចូលដៃក្នុងអំពើពុករលួយនេះទាំងអស់។ លោកក៏លើកឡើងអំពីភរិយាបច្ចុប្បន្នរបស់លោក គឺលោកស្រី តេង រីណា ដែលជាក្មួយស្រីលោក ងួន អ៊ីម ដែលបានណែនាំលោកឱ្យបានស្គាល់ក្រុមគ្រួសារលោក ងួន អ៊ីម រហូតដល់មានការសូកប៉ាន់មន្ត្រីតុលាការរាប់ម៉ឺនដុល្លារដូច្នេះ។ លោក ចេរ៉ល ឃែណិន អះអាងថា ភរិយារបស់លោក គឺលោកស្រី តេង រីណា គ្រាន់តែជាសាក្សី ដែលដឹងឮរឿងសូកប៉ាន់មន្ត្រីតុលាការនេះ ព្រោះជួយបកប្រែលោក។
នៅក្នុងភស្តុតាងបន្ថែម ដែលលោក ចេរ៉ល ឃែណិន ដាក់ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ កាលពីពាក់កណ្ដាលខែវិច្ឆិកា លោកបានភ្ជាប់សារសន្ទនាគ្នារបស់លោកស្រី តេង រីណា ដែលទាក់ទងតាមសារទូរស័ព្ទ ជាមួយលោក តេង សាម៉ៃ កាលអំពីដើមខែ ធ្នូ ឆ្នាំ ២០១៧ អំពីការសូកប៉ាន់ចៅក្រម សេង លាង ដើម្បីឱ្យឈ្នះក្តីរឿងសុំសិទ្ធិគ្រប់គ្រងកូន។ នៅក្នុងសារនោះ លោក តេង សាម៉ៃ ដែលលោកស្រី តេង រីណា ហៅថា បងសាម៉ៃ នោះ បានសរសេរសារប្រាប់លោកស្រីថា លោកបានទាក់ទងចៅក្រម សេង លាង ដើម្បីអន្តរាគមន៍ក្នុងរឿងក្តីនេះហើយ។ លោកស្រី តេង រីណា តបថា ដើម្បីធ្វើយ៉ាងណាឱ្យឈ្នះក្តីនេះ លោកចៅក្រម សេង លាង ត្រូវការប្រាក់ប៉ុន្មានទៀត ឱ្យប្រាប់លោកស្រី ដើម្បីលោកស្រីរៀបចំជូន។
សារឆ្លើយឆ្លងគ្នាតាមទូរស័ព្ទនេះ ត្រូវបានលោក ចេរ៉ល ឃែណិន ថតទុក ដើម្បីធ្វើជាភស្តុតាង ដាក់ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយរួចហើយ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីលោកចៅក្រម សេង លាង ដើម្បីបំភ្លឺរឿងនេះ បាននៅឡើយទេ។ អាស៊ីសេរី ក៏មិនទាន់អាចសុំការបំភ្លឺពីលោកស្រី តេង រីណា ជុំវិញរឿងនេះបាននៅឡើយដែរ ដោយសារតែលោក ចេរ៉ល ឃែណិន អះអាងថា លោកស្រី មិនចង់ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានទេ ព្រោះកំពុងរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ក្រោយលោក ងួន អ៊ីម គំរាមថា លោកស្រីនឹងត្រូវចាប់ខ្លួន បើលោកស្រីមិនព្រមចេញមុខបដិសេធអង្គហេតុដែលបានរៀបរាប់ក្នុងបណ្ដឹងរបស់លោក ចេរ៉ល ឃែណិន នោះទេ។
មិនតែប៉ុណ្ណោះលោក ចេរ៉ល ឃែណិន បន្ថែមថា លោក ងួន អ៊ីម ថែមទាំងបញ្ចុះបញ្ចូលឱ្យលោកស្រី តេង រីណា ចេញមុខប្រកាសជាសាធារណៈ ថា អ្វីដែលលោកលើកឡើងក្នុងពាក្យបណ្តឹងនោះ គឺមិនពិត និងជារឿងកុហក។ លោក ងួន អ៊ីម គំរាមលោកស្រី តេង រីណា មិនឱ្យចូលរួមក្នុងការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ នោះឡើយ ព្រោះ បើហ៊ានចូលរួម គឺនឹងរងចំណាត់ការផ្លូវច្បាប់ជាក់ជាមិនខាន។
លោក ចេរ៉ល ឃែណិន បន្ថែមទៀតថា លោក ងួន អ៊ីម ប្រាប់លោកស្រី តេង រីណា ទៀតថា មានតែឆ្លើយបដិសេធប៉ុណ្ណោះ ទើបគ្រួសារលោក ងួន អ៊ីម ជ្រះស្រឡះពីការចោទប្រកាន់នេះ ហើយលោកស្រី តេង រីណា ក៏រួចខ្លួនដែរ។ លោកថាសារគំរាមនេះ ធ្វើឱ្យលោកស្រី តេង រីណា រងការភ័យខ្លាច និងលែងមានសុវត្ថិភាព ក្នុងការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ទោះលោកស្រីមានឪពុកម្ដាយចាស់ៗ ដែលលោកស្រីត្រូវទៅសួរសុខទុក្ខ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីលោក ងួន អ៊ីម និងកូនប្រុសទាំងពីររបស់លោក គឺលោក តេង សាម៉ៃ និងលោក តេង បូរ៉ា បានទេ ទោះជាព្យាយាមទូរស័ព្ទជាច្រើនដង និងជាច្រើនថ្ងៃយ៉ាងណាក៏ដោយ ព្រោះពួកគាត់មិនទទួលទូរស័ព្ទ។ លោក ងួន អ៊ីម កាលពីខែ តុលា ធ្លាប់អស់សំណើចពេលនិយាយដល់រឿងលោកពាក់ព័ន្ធនឹងការសូកប៉ាន់នេះ។ កាលណោះ លោកថាមិនខ្លាចប្រឈមមុខច្បាប់ទេបើតុលាការកោះហៅឱ្យទៅបំភ្លឺរឿងនេះ៖ «ខ្ញុំដល់តែនិយាយអ៊ីចឹង ចង់តែសើច ! មិនដឹងជាបានលុយមកពីណា មកដាក់ឈ្មោះខ្ញុំថា ជាអ្នកដើរសូកគេ។ ដូច្នេះ ខ្ញុំមិនធ្វើអត្ថាធិប្បាយបន្ថែមនោះទេ ពីព្រោះលុះត្រាតែ ក្នុងពាក្យបណ្តឹងគេហ្នឹង ចាំគេហៅសួរទៅ ខ្ញុំមិនដឹងទេ ព្រោះខ្ញុំសុំសើចបន្តិចទៅចុះ»។
ប៉ុន្តែ ភ្លាមៗក្រោយអាស៊ីសេរីសម្ភាសលោករួច និងបានចុះផ្សាយអំពីពាក្យបណ្តឹងអំពីអំពើពុករលួយនេះ លោកក៏បានទូរស័ព្ទទៅគំរាមក្មួយស្រីលោក គឺលោកស្រី តេង រីណា នោះភ្លាមដែរ។
លោក ចេរ៉ល ឃែណិន បានដាក់ប្តឹងរឿងគំរាមនេះ ទៅអង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា កាលពីពាក់កណ្ដាលខែ វិច្ឆិកា ដើម្បីសុំអន្តរាគមន៍។ ប៉ុន្តែ រហូតមកដល់ពេលនេះ លោកនៅតែគ្មានទទួលបានការឆ្លើយតបអ្វីពីអង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នោះឡើយ។
កាលពីខែ សីហា លោកក៏បានដាក់លិខិតអន្តរាគមន៍មួយច្បាប់ ទៅលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែរ ដោយផ្ញើតាមសារអេឡិចត្រូនិក។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ថា យន្តការផ្លូវការក្នុងការបញ្ជូនលិខិតបែបនេះ មិនអាចផ្ញើតាមសារអេឡិចត្រូនិកទេ។ លោកស្នើឱ្យលោក ចេរ៉ល ដាក់លិខិតនោះជាឯកសាររឹងវិញ។
លោក ចេរ៉ល កាលពីដើមខែវិច្ឆិកា បានដាក់លិខិតនោះជាឯកសាររឹង ដោយផ្ញើតាមប៉ុស្តិ៍ប្រៃសណីយ៍ ដើម្បីឱ្យស្របតាមយន្តការផ្លូវការនោះ។ ប៉ុន្តែ រហូតមកពេលនេះ លោក ជិន ម៉ាលីន នៅតែអះអាងថា លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មិនទាន់បានទទួលបានឯកសារនោះទេ។
លោក ចេរ៉ល ថា ការប្តឹងមន្ត្រីតុលាការកម្ពុជា រឿងអំពើពុករលួយ គឺជារឿងដ៏លំបាកមួយ ដោយសារតែបញ្ហាសុវត្ថិភាព និងការគំរាមកំហែងពីមន្ត្រីតុលាការមកលើអ្នកដាក់ពាក្យប្តឹង។ លោកថា មានជនរងគ្រោះជាច្រើនផ្សេងទៀត ដែលភាគច្រើនជាជនជាតិខ្មែរ ដែលរងគ្រោះដោយសារអំពើពុករលួយនេះ តែមិនហ៊ានដាក់ពាក្យប្ដឹងបែបនេះទេ ដោយសារតែពួកគាត់ ភ័យខ្លាចពីការធ្វើបាបពីសំណាក់មន្ត្រីតុលាការ។
លោក ចេរ៉ល ឃែណិន ក៏ព្រួយបារម្ភពីសុវត្ថិភាព និងសន្តិសុខផ្ទាល់របស់លោកដែរ បើលោកហ៊ានវិលទៅកម្ពុជាវិញ។
មន្ត្រីអង្គការសង្គមស៊ីវិល ថា ប្រព័ន្ធយុត្តិធម៌កម្ពុជា នៅតែទន់ខ្សោយ ដោយសារតែអំពើពុករលួយ។ នាយកកម្មវិធីជាន់ខ្ពស់នៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ថាតាមការស្រាវជ្រាវរបស់អង្គការលោក បានបញ្ជាក់ច្បាស់ថា ប្រព័ន្ធយុត្តិធម៌កម្ពុជា នៅមិនទាន់មានលទ្ធភាពផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋទូទៅ។ លោកស្នើឱ្យមានការកែទម្រង់ប្រព័ន្ធយុត្តិធម៌នេះបន្ថែម និងឱ្យមានប្រសិទ្ធភាព ដើម្បីស្ដារជំនឿទុកចិត្តពីសាធារណជនលើប្រព័ន្ធតុលាការ៖ «បើសិនជាយើងមិនស្ដារប្រព័ន្ធយុត្តិធម៌ទេ គឺពលរដ្ឋនៅតែរងគ្រោះ ហើយពលរដ្ឋនៅតែមានការខឹងសម្បារទៅនឹងប្រព័ន្ធយុត្តិធម៌បន្តទៅទៀត។ កាលណាប្រជាពលរដ្ឋអត់សប្បាយចិត្ត ប្រជាពលរដ្ឋខឹងសម្បារ អាចធ្វើឱ្យមានការរិះគន់បន្ថែម»។
របាយការណ៍អំពើពុករលួយឆ្នាំ ២០១៨ កន្លងទៅ របស់អង្គការតម្លាភាពអន្តរជាតិ រកឃើញថា អំពើពុករលួយនៅប្រទេសកម្ពុជា រួមទាំងអំពើពុករលួយក្នុងប្រព័ន្ធតុលាការផង នៅមានកម្រិតខ្ពស់ខ្លាំង ដោយកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស ២០ នៅបាតតារាង នៃប្រទេសដែលមានអំពើពុករលួយជាងគេនៅលើពិភពលោក។ កម្ពុជាមានលេខរៀង ១៦១ ក្នុងចំណោមប្រទេស ១៨០៕
ខាងក្រោមនេះ គឺជាសាច់រឿងដែលពាក់ព័ន្ធនឹងបណ្តឹងនេះ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។