មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជំរុញឱ្យសាលាឧទ្ធរណ៍ ដោះស្រាយករណីជនជាប់ចោទក្នុងបទព្រហ្មទណ្ឌ គ្មានមេធាវីការពារក្ដី និងអវត្តមានក្នុងសវនាការ។ មន្ត្រីសាលាឧទ្ធរណ៍ ទទួលស្គាល់ថា សាលាឧទ្ធរណ៍ មានចំណុចខ្វះខាតមួយចំនួនតូច ប៉ុន្តែបដិសេធការរិះគន់ផ្សេងទៀតរបស់ អង្គការសិទ្ធិមនុស្សនោះថា មិនត្រឹមត្រូវ។
ព្រឹត្តិបត្រព័ត៌មានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញថា ក្នុងចំណោមជនជាប់ចោទ ៣១៦នាក់ នៃសំណុំរឿងព្រហ្មទណ្ឌ ២១៦រឿង ពេញមួយឆ្នាំ២០១៩ មានជនជាប់ចោទ៨០នាក់គ្មានមេធាវីការពារក្ដី ក្នុងសំណុំរឿងបទមជ្ឈិម និង៥៩នាក់ អវត្តមានក្នុងពេលសវនាការ ដោយសារទទួលដំណឹងកាលបរិច្ឆេទសវនាការខុសពេលវេលា និងគ្មានមធ្យោបាយដឹកជញ្ជូនជនជាប់ចោទ មកចូលរួមសវនាការជាដើម។អ្នកសម្របសម្រួលគម្រោង នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហ៊ុន ស៊ាងហាក់ បន្ថែមថា បើទោះ ជាគ្មានមេធាវី ឬអវត្តមានជនជាប់ចោទក្នុងសវនាការ នៅសាលាឧទ្ធរណ៍ មិនខុសច្បាប់ជាតិក៏ដោយ តែការធ្វើបែបនេះ គឺខុសនឹងគោលការណ៍សិទ្ធិមនុស្ស របស់អន្តរជាតិ ដែលកម្ពុជា ព្រមទទួលយកធ្វើជាច្បាប់ នោះ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ។
អ្នកសិទ្ធិមនុស្សរូបនេះ យល់ថា តួលេខជនជាប់ឃុំគ្មានមេធាវី និងអវត្តមាននៅសវនាការ ដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញនៅតែជាតួលេខចោទជាបញ្ហា និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់៖«បើធៀបនឹងចំនួនដែលយើងសង្កេតការណ៍ ហើយធៀបនឹងចំនួនជនជាប់ចោទ យើងឃើញថា ជាទំហំមួយនៅតែជាបញ្ហាគួរតែត្រូវបានដោះស្រាយ ឱ្យបានបន្ទាន់ដើម្បីជាការគោរពទៅដល់សិទ្ធិរបស់ជនជាប់ចោទ ដែលសិទ្ធិគាត់នេះ ត្រូវបានធានាដោយច្បាប់ជាសកល។ អ៊ីចឹងបញ្ហានេះ គួរតែជាបញ្ហាមួយ ដែលត្រូវបានដោះស្រាយ»។
ឆ្លើយតបការរកឃើញរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ទូច ថារិទ្ធិ ទទួលស្គាល់ថា សាលាឧទ្ធរណ៍មានចំណុចខ្វះខាតខ្លះ។ លោកបន្តថា មុនពេលសវនាការ ចៅក្រមឧទ្ធរណ៍ សុទ្ធតែបានផ្ដល់សិទ្ធិឱ្យជនជាប់ចោទ រកមេធាវីការពារក្ដី។ តែករណីខ្លះ ជនជាប់ចោទខ្វះលទ្ធភាពជួលមេធាវី ហើយបានពឹងពាក់ទៅអង្គការផ្សេងៗ។
លោកអះអាងថា ចំពោះរឿងក្ដី ព្រហ្មទណ្ឌវិញ ទាល់តែមានមេធាវី ទើបចៅក្រមបើកសវនាការកាត់ក្ដី។ ឯករណី ជនជាប់ឃុំខកខានចូលរួមសវនាការ លោក ទូច ថារិទ្ធិ ថា ចៅក្រមបានកោះហៅជនជាប់ឃុំទាំងអស់ លើកលែងតែករណីជនជាប់ឃុំ បោះបង់សិទ្ធិចូលរួម។ ចំពោះការដឹកជនជាប់ឃុំ ខុសកាលបរិច្ឆេទ និងគ្មានមធ្យោបាយដឹកជនជាប់ឃុំពីពន្ធនាគារ មកចូលរួមសវនាការឧទ្ធរណ៍នោះលោក ថា ជាភារៈរបស់អគ្គនាយកដ្ឋានពន្ធនាគារ៖ «ការណ៍ដែល ( អង្គការ ) សិទ្ធិមនុស្សនៅកម្ពុជាហ្នឹង គាត់បានធ្វើការអង្កេតហ្នឹង មិនមែនទើបតែធ្វើការអង្កេតនៅក្នុងឆ្នាំ២០១៩ទេ។ យោងទៅតាមការអង្កេតរបស់គាត់ នៅក្នុងឆ្នាំកន្លងៗមកដែរ ខ្ញុំក៏បានឃើញដែរ។ ប៉ុន្តែចំណុចខ្លះក៏ជាចំណុចមួយ ចំណុចដែលខ្ញុំទទួលស្គាល់ថា វាមានចំណុចខ្វះខាតមួយចំនួនតូច។ ប៉ុន្តែចំណុចខ្លះ វាមិនស្របទៅតាមអ្វីជាគោលការណ៍នៃការលើកឡើងរបស់គណៈកម្មការសិទ្ធិមនុស្ស ( អង្គការ ) នោះទេ។ តួយ៉ាងជាក់ស្ដែង ដូចបញ្ហាដែលលើកឡើងថា នៅក្នុងសវនាការ១៩ % ហើយនិង២៥ % ទាំងអស់នៃជនជាប់ចោទអត់មានមេធាវីអ្វីហ្នឹង ប៉ុន្តែតាមផ្លូវតុលាការរាល់នីតិវិធីដំណើរការទាំងអស់នេះ គឺមានមេធាវី ចៅក្រមមុននឹងធ្វើការដំណើរពាក់ព័ន្ធនឹងបទឧក្រិដ្ឋនិងបទមជ្ឈិម គឺតម្រូវឱ្យមានមេធាវីដាច់ខាតតែម្ដង»។
បើទោះយ៉ាងនេះក្ដី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះផ្សាយក្នុងព្រឹត្តិបត្រថា សិទ្ធិទទួលបានមេធាវី និងការចូលរួមរបស់ជនជាប់ឃុំ ក្នុងសវនាការជារឿងសំខាន់ណាស់ សម្រាប់ការជំនុំជម្រះ ដោយយុត្តិធម៌។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថា នីតិវិធីច្បាប់ អាចមានភាពស្មុគស្មាញ និងមានការភាន់ច្រឡំ។ បើគ្មានមេធាវីតំណាង ឱ្យបុគ្គលដែលរងការចោទក្នុងរឿងក្ដី ព្រហ្មទណ្ឌ ជនជាប់ចោទ ទំនងជាត្រូវខាតប្រយោជន៍។
អង្គការសិទ្ធិមនុស្សមួយនេះ ជំរុញអាជ្ញាធរមានសមត្ថកិច្ច គួរផ្ដល់មេធាវី ដោយគ្មានការបង់សេវា ចំពោះបុគ្គលរងការចោទក្នុងរឿងក្ដីព្រហ្មទណ្ឌ ដែលខ្វះលទ្ធភាពជួលមេធាវី។ ឯការជំនុំជម្រះដោយគ្មានវត្តមានជនជាប់ចោទ គឺជាការរាំងស្ទះលទ្ធភាព របស់ជនជាប់ចោទ ដើម្បីការពារខ្លួន ហើយការជម្រះបែបនេះ ជាសវនាការមិនស្របតាមនីតិវិធី នៃច្បាប់ឡើយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សអំពាវនាវឱ្យរដ្ឋាភិបាល និងចៅក្រមឧទ្ធរណ៍ ត្រូវធានាការអនុវត្ត ឱ្យសាលាឧទ្ធរណ៍ និងអគ្គនាយកដ្ឋានពន្ធនាគារ ពិគ្រោះយោបល់ និងសម្របសម្រួលគ្នា ដោះស្រាយបញ្ហាភស្តុភារ និងប្រាស្រ័យទាក់ទងគ្នាឱ្យបានឆាប់រហ័ស ពិសេសធានាថា ការបញ្ជូនជនជាប់ឃុំ ទៅកាន់មហាអយ្យការសាលាឧទ្ធរណ៍ ត្រូវធ្វើឱ្យត្រឹមត្រូវតាមកាលបរិច្ឆេទ ទាន់ពេលវេលា។ ឯចៅក្រមឧទ្ធរណ៍ គួរពន្យារពេលសវនាការ ប្រសិនបើជនជាប់ចោទអវត្តមាន បើទោះជាមានមេធាវីតំណាងក៏ដោយ វៀរលែងតែករណីជនជាប់ឃុំបោះបង់សិទ្ធិចូលរួមសវនាការ ជាផ្លូវការ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏ជំរុញឱ្យចៅក្រម គោរពសិទ្ធិមេធាវី ជាលក្ខណៈសកល ដូចចែងក្នុងច្បាប់អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។