ព្រឹទ្ធសភាអនុម័តសេចក្ដីព្រាងច្បាប់សហជីព ដោយសំឡេងគាំទ្រ ៤០ លើ ៤៦ ដោយគ្មានការគាំទ្រពីសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ដែលចូលរួមប្រជុំនោះទេ។ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ស្នើឲ្យស្ថាប័នកំពូលនីតិប្បញ្ញត្តិនេះ បញ្ជូនសេចក្ដីព្រាងច្បាប់ទៅរដ្ឋសភាអោយពិនិត្យកែប្រែខ្លឹមសារឡើងវិញឲ្យបានយ៉ាងតិច ៥០ភាគរយ។
សេចក្ដីព្រាងច្បាប់សហជីពដែលបញ្ជូនដល់ដៃព្រឹទ្ធសភាអនុម័តពេលនេះ ព្រឹទ្ធសភាមិនបានកែប្រែចំណុចណាមួយនោះទេ ទោះមានសំណើពីសមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ក្ដី។ កិច្ចប្រជុំដែលចំណាយពេលជាង ២ម៉ោង នៅថ្ងៃទី១២ ខែមេសា ក្នុងពេលជជែកសួរដេញដោលនោះ មានសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី តែម្នាក់ទេ គឺលោក យូ ស៊ាងហេង មានឱកាសបញ្ចេញមតិចោទសួរ និងដាក់សំណើ។
ក្រៅពីនេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា សឹងតែទាំងអស់ បានយកវេទិកានោះវាយប្រហារទៅលើការបញ្ចេញមតិរបស់សមាជិកព្រឹទ្ធសភាបក្សប្រឆាំង និងថ្លែងការពារសេចក្ដីព្រាងច្បាប់សហជីព។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ថ្លែងក្រោយកិច្ចប្រជុំអនុម័តថា ការស្នើរបស់សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ស្នើឲ្យបញ្ជូនសេចក្ដីព្រាងច្បាប់ទៅរដ្ឋសភាពិនិត្យឡើងវិញថា គ្មានមូលដ្ឋានត្រឹមត្រូវទេ។ លោកថា សេចក្ដីព្រាងនេះ ការពារទាំងកម្មករ និងអ្នកវិនិយោគ៖ « ខ្ញុំសន្និដ្ឋានថា នេះជាចរិតរបស់អ្នកប្រឆាំង គឺថាធ្វើម៉េចឲ្យតែប្រឆាំង បើយើងគិតពីទម្រង់ច្បាប់ គឺត្រឹមត្រូវស្របច្បាប់ទាំងអស់ »។
កិច្ចប្រជុំនោះដែរ មានការចូលរួមពីតំណាងរាជរដ្ឋាភិបាល គឺរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង និងតំណាងក្រសួងយុត្តិធម៌ មកថ្លែងការពារនៅវិមានព្រឹទ្ធសភា។ សេចក្ដីព្រាងច្បាប់ដែលមាន ១៧ជំពូក និង ១០០មាត្រា ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៤ ខែមេសា។
សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក យូ ស៊ាងហេង លើកឡើងថា សេចក្ដីព្រាងច្បាប់រឹតត្បិតសិទ្ធិធ្វើបាតុកម្ម កូដកម្មរបស់កម្មករ បង្កការលំបាកដល់ការបង្កើតសហជីព និងបើកដៃឲ្យរដ្ឋាភិបាលជ្រៀតជ្រែកផ្នែកហិរញ្ញវត្ថុរបស់សហជីព។ លោកស្នើឲ្យមានការកែសម្រួលសេចក្ដីព្រាងច្បាប់នេះឡើងវិញ៖ « សរុបជារួមមក គឺច្បាប់នេះនៅសល់មានប្រហោងច្រើន ហើយភាគីសហជីពដែលចូលរួមក្នុងសិក្ខាសាលា មិនបានដែលបញ្ចេញមតិមិនបានដាក់បញ្ចូលទេ។ ដូច្នេះ ខ្ញុំសុំឲ្យអង្គព្រឹទ្ធសភា បញ្ជូនសេចក្តីព្រាងច្បាប់នេះទៅរដ្ឋសភាវិញ »។
គណបក្សប្រឆាំង សង្គមស៊ីវិល សហជីព សមាជិកសភាអាស៊ាន និងសហគមន៍អន្តរជាតិ តែងបញ្ចេញប្រតិកម្មមិនពេញចិត្តចំពោះសេចក្ដីព្រាងច្បាប់នេះ។
កាលពីថ្ងៃទី៥ ខែមេសា ក្រុមសមាជិកសភាអាស៊ាន ផ្នែកសិទ្ធិមនុស្ស ស្នើអោយព្រឹទ្ធសភាបដិសេធច្បាប់នេះ ហើយបញ្ជូនត្រឡប់ទៅឲ្យស្ថាប័នជំនាញពិនិត្យឡើងវិញ ដោយសារតែពួកគេយល់ថា សេចក្ដីព្រាងច្បាប់នេះពុំបានឆ្លងការពិគ្រោះយោបល់គ្រប់គ្រាន់ និងបំពេញបានត្រឹមត្រូវតាមបទដ្ឋានច្បាប់អន្តរជាតិ ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ។
ចំណែករដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ឡើងថ្លែងប្រាប់អង្គប្រជុំ ក្រោយព្រឹទ្ធសភាអនុម័តសេចក្ដីព្រាងច្បាប់ថា សេចក្ដីព្រាងច្បាប់នេះ មិនជ្រៀតជ្រែកហិរញ្ញវត្ថុសហជីពទេ ប៉ុន្តែក្រសួងត្រូវដឹងពីប្រភពចំណូលរបស់សហជីព។ ទាក់ទងការធ្វើកូដកម្ម ឬបាតុកម្ម លោកថា នេះជាវិធីចុងក្រោយដែលកម្មករចង់បានយុត្តិធម៌ ប៉ុន្តែមិនមែនគ្រាន់តែមនុស្សពីរបីនាក់មកធ្វើបាតុកម្មរំខាន ឬបំពានទៅកម្មករផ្សេងដែលគេមិនដឹងអីនោះទេ៖ « មិនដូចអ្នកនយោបាយខ្លះថា យើងខ្លាចបាតុកម្មនោះទេ សំខាន់ឲ្យតែយើងធ្វើតាមនីតិវិធី ប៉ុន្តែផ្ទុយទៅវិញ សិទ្ធិនេះត្រូវបំពាន និងអនុវត្តមិនបានត្រឹមត្រូវ »។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ឲ្យដឹងថា បន្ទាប់ពីព្រឹទ្ធសភាអនុម័តសេចក្ដីព្រាងច្បាប់សហជីពរួចហើយ ព្រឹទ្ធសភានឹងបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមើល បន្ទាប់មកទៀត នឹងថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រះហស្តលេខា។ រដ្ឋមន្ត្រីក្រសួងការងារអះអាងថា នៅពេលច្បាប់នេះចូលជាធរមាន លោកនឹងអនុវត្តឲ្យបានលឿន និងឲ្យមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។