សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនស្ត្រីខ្មែរចំនួន៣៣នាក់ ដែលត្រូវបានគេជួលឲ្យពពោះជំនួសដើម្បីបង្កើតកូនឲ្យស្ត្រីជនជាតិចិន ពីបទជួញដូរមនុស្សឆ្លងដែន និងបទអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ។
បច្ចុប្បន្នស្ត្រីចំនួន ៣២នាក់ ត្រូវតុលាការបានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរង់ចាំបើកសវនាការ។ មន្ត្រីតុលាការប្រាប់កាសែតក្នុងស្រុកមួយថា ស្ត្រីទាំងនោះកំពុងត្រូវបានឃុំខ្លួននៅមន្ទីរពេទ្យដើម្បីងាយស្រួលតាមដានសុខភាពដោយសារតែពួកគេកំពុងមានផ្ទៃពោះ។ ចំណែកស្ត្រីម្នាក់ទៀតមិនបានចូលបំភ្លឺនៅតុលាការ ហើយមិនទាន់ត្រូវបានឃាត់ខ្លួននៅឡើយទេ។ ប្រសិនបើតុលាការរកឃើញថា អ្នកទាំងនោះមានទោស ពួកគេអាចប្រឈមមុខនឹងជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ។ កាលពីខែមិថុនា សមត្ថកិច្ចបានឆ្មក់ចុះបង្ក្រាបករណីពពោះជំនួស ដោយឃាត់ខ្លួន ជនសង្ស័យចំនួន ៥នាក់ រួមមានជនជាតិចិនម្នាក់ផង ហើយអ្នកទាំង៥នាក់នោះ ត្រូវបានចោទប្រកាន់ពីបទរត់ពន្ធមនុស្ស។
តម្រូវការនៃពពោះកើតកូនជំនួសនោះ បានកើនឡើងដោយសារតែប្រទេសចិនបានលុបបំបាត់នយោបាយឲ្យមានកូនតែមួយ។ ក្រោយការលុបបំបាត់ចោលនយោបាយកូនមួយនេះ ស្ត្រីជនជាតិចិនប្រមាណ ៩០លាននាក់ អាចនឹងមានសិទ្ធិ មានកូនបានមួយបន្ថែមទៀត។ ប៉ុន្តែការពរពោះជំនួសនៅប្រទេសចិន ជាទង្វើខុសច្បាប់ទើបពួកគេបានព្យាយាមស្វែងរកប្រទេសផ្សេងទៀតដើម្បីឲ្យស្ត្រីពពោះជំនួស។
កាលពីឆ្នាំ២០១៦ អាជ្ញាធររបបលោក ហ៊ុន សែន បានបង្ក្រាបករណីពពោះជំនួសដំបូងគេនៅកម្ពុជា។ ការបង្ក្រាបនោះ សមត្ថកិច្ចបានចាប់ខ្លួនស្ត្រីជនជាតិអូស្ត្រាលីម្នាក់ ហើយកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ ពីបទគ្រប់គ្រងកន្លែងពពោះជំនួសមួយកន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
