ស្ថានទូតចិនពឹងអាជ្ញាធរកម្ពុជា ដើម្បីចាប់ជនជាតិចិនដែលប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសនេះ ហើយបញ្ជូនទៅប្រទេសចិនវិញ។ ប៉ុន្តែសង្គមស៊ីវិលចង់ឱ្យតុលាការ កាត់ទោសជនល្មើសជាមុនសិន មុននឹងបញ្ជូនត្រឡប់ទៅប្រទេសចិន។
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលក្រុងភ្នំពេញលោក ស ថេត ប្រាប់អាស៊ីសេរីថា ស្ថានទូតចិនបានស្នើសុំឱ្យសមត្ថកិច្ចកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការការងារសន្តិសុខ ព្រោះអ្នកទេសចរចិននិងពលរដ្ឋចិន ព្រមទាំងអ្នកវិនិយោគចិន កំពុងមានការភ័យខ្លាច ដោយសារជនជាតិចិនខិលខូចមួយចំនួនបានប្រើអំពើហិង្សា និងចាប់ជំរិតពួកគេ។
អគ្គកុងស៊ុលចិន លោក ហ៊ូ វ៉ៃ ធ្វើសំណើនេះ កាលពីថ្ងៃទី៩ ខែធ្នូ ក្នុងជំនួបជាមួយលោក ស ថេត នៅទីក្រុងភ្នំពេញ។ ក្នុងពេលជំនួបនោះ លោក ហ៊ូ វ៉ៃ បានលើកឡើងពីកង្វល់អសន្តិសុខ ដែលបង្កឡើងដោយជនជាតិចិន ហើយលោកបានស្នើសុំឱ្យកម្ពុជាសហការចាប់ខ្លួនជនល្មើសដើម្បីបញ្ជូនទៅប្រទេសចិនវិញ៖ «គាត់ចង់សម្ដែងការគួរសម ទំនាក់ទំនងការងារដើម្បីគាត់មើលការខុសត្រូវជនជាតិរបស់គាត់ដែលមកវិនិយោគ ទេសចរ ស្អីៗចឹង ទៅណាស់ ហើយក៍បានសំណូមពរឱ្យយើងដើម្បីជួយការពារអ្នកវិនិយោគដែលត្រឹមត្រូវ ជួយនៅពេលមានបញ្ហាសំណូមពរពីខាងគាត់ សុំឱ្យសមត្ថកិច្ចយើងជួយក្នុងការអនុវត្តច្បាប់ ការពារអ្នកត្រឹមត្រូវ ហើយបើអ្នកខិលខូចយើងអនុវត្តន៍ទៅតាមច្បាប់ប្រទេសនៃព្រះរាជាណាចក្រកម្ពុជារបស់យើង»។
លោកថា កម្ពុជានិងចិនបានពិភាក្សានិងឯកភាពគ្នា ក្នុងការបញ្ជូនមន្ត្រីនគរបាលទៅរៀនយកជំនាញ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ក្នុងការថែរក្សាសន្តិសុខ ព្រោះកន្លងមកមានបទល្មើសកើតឡើងច្រើន ដែលបង្កដោយជនជាតិចិនទាំងនៅភ្នំពេញ និងនៅខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា បទល្មើសដែលបង្កដោយជនជាតិចិនសព្វថ្ងៃ មានការកើនឡើងជាងមុន។ ដូច្នេះស្ថានទូតចិនបានសុំឱ្យសមត្ថកិច្ចកម្ពុជាជួយសហការដើម្បីចាប់ជនខិលខូច ហើយបញ្ជូនជនល្មើសទាំងនេះត្រឡប់ទៅប្រទេសចិនវិញដើម្បីអនុវត្តន៍ទោសនៅទីនោះ៖ «កន្លងទៅចិន វាមានការប្រើអំពើហិង្សា ឬក៏បទល្មើសផ្សេងៗនៅក្នុងរាជធានីភ្នំពេញក៏ដូចជានៅកំពង់សោមអីចឹងហ្នឹងណាស់។ ពួកគាត់ហ្នឹងច្រើនតែពេលខ្លះវាហូបចុកអីស្រវឹងទៅ គាត់រករឿងគ្នាគាត់អីចឹងទៅឬក៏ប្រព្រឹត្តបទល្មើសនៅក្នុងរាជធានីភ្នំពេញហ្នឹង យើងបានអនុវត្តន៍ច្បាប់អីចឹងទៅ គាត់ក៏គាំទ្រថាមិនកាន់ជើងអ្នកខិលខូចទេ គាត់គាំទ្រទៅលើចំណាត់ការរបស់សមត្ថកិច្ចរបស់យើង»។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជូនជនជាតិចិនចំនួន ៩០៦ នាក់ ទៅប្រទេសចិនវិញនៅឆ្នាំ២០១៩នេះ ក្នុងនោះមានស្រី១៧២នាក់។ ចំណែកស្ថានទូតចិននៅកម្ពុជា ធ្លាប់បានចេញរបាយការណ៍មួយបញ្ជាក់ថា ជនជាតិចិនចំនួនជាង ១.០០០នាក់ ត្រូវបានបញ្ជូនទៅប្រទេសចិនវិញក្នុងឆ្នាំនេះ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យដឹងថា ជនជាតិចិនដែលបានបញ្ជូនត្រឡប់ទៅវិញនោះ មានជាប់ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ចនៅប្រទេសចិន និងមួយចំនួនជាប់ពាក់ព័ន្ធទៅនឹងបទល្មើសល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ និងមួយចំនួនពាក់ព័ន្ធនឹងបទក្លែងបន្លំឆបោកតាមរយ:ទូរគមនាគមន៍នៅកម្ពុជា (VOIP)។
សង្គមស៊ីវិលមួយចំនួនបានរិះគន់អាជ្ញាធរកម្ពុជាថា មិនបានផ្ដន្ទាទោសជនជាតិចិនទៅតាមច្បាប់ប្រទេសរបស់ខ្លួន មុននឹងបញ្ជូនទៅប្រទេសចិន ព្រោះថាជនល្មើសមិនរាងចាលទេ ហើយនិងបន្តការប្រព្រឹត្តបទល្មើសតទៅទៀត ក្នុងពេលពួកគេស្នាក់នៅប្រទេសមួយផ្សេងទៀត។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ (Licadho) លោក អំ សំអាត និយាយថា ជនជាតិចិនដែលបានប្រព្រឹត្តបទល្មើសនៅកម្ពុជា ត្រូវតែផ្ដន្ទាទោស ឬកាត់ទោសសិន ហើយចាំបញ្ជូនទៅប្រទេសចិនតាមក្រោយ ព្រោះនេះជាការអនុវត្តន៍ច្បាប់របស់ខ្មែរ៖ «បើសិនជាជនបរទេសហ្នឹងប្រព្រឹត្តខុសហើយ ហើយគ្រាន់តែបញ្ជូនទៅវិញ មិនអនុវត្តន៍តាមច្បាប់ខ្មែរ អាហ្នឹងវាប្រៀបការអនិវត្តន៍ច្បាប់អត់មានប្រសិទ្ធភាពទេ ហើយគេក៏អត់ខ្លាចដែរ»។
លោកថា ជនជាតិចិនដែលបានប្រព្រឹត្តបទល្មើសនៅស្រុកខ្មែរ ត្រូវតែកាត់ទោសនៅស្រុកខ្មែរ ហើយធ្វើបត្យាប័នដាក់ពន្ធនាគារនៅប្រទេសចិន ទៅតាមទោសកំហុសដែលបានកំណត់នៅកម្ពុជា ហើយបើសិនប្រទេសចិនរកឃើញបទល្មើសផ្សេងទៀត អាជ្ញាធរចិនអាចដាក់ទោសទណ្ឌបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
