
នៅសល់ពីរសប្ដាហ៍ទៀតប៉ុណ្ណោះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាអាណត្តិទី៨ របស់ខ្លួន។ ការបោះឆ្នោតនេះ គឺនឹងធ្វើឡើងស្របពេលដែលគណៈមេធាវី ប្រារព្ធធ្វើសន្និបាតប្រចាំឆ្នាំលើកទី២០ នៅព្រឹកថ្ងៃសុក្រ ទី១៦ តុលា។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថា ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាសម្រាប់អាណត្តិលើកទី៨ របស់ខ្លួន នៅព្រឹកថ្ងៃសុក្រ ទី១៦ តុលា នឹងជ្រើសរើសដោយសេរីពីសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុន ហុន មានប្រសាសន៍ថា ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅដោយលក្ខណៈយុត្តិធម៌ មិនមានការបង្ខិតបង្ខំសមាជិក ឬឥទ្ធិពលនយោបាយណាមួយឡើយ៖ «អ៊ីចឹងការជ្រើសរើសលោកណាមួយជាសមាជិកក្រុមប្រឹក្សា វាជាសិទ្ធិរបស់សមាជិកសមាជិកាគណៈមេធាវីមួយរូបៗ។ គ្មានអ្នកណាបង្ខិតបង្ខំ គ្មានអ្នកណាណែនាំ និងគ្មានការលួចបន្លំសន្លឹកឆ្នោតអ្នកណាទេ ព្រោះនៅនឹងមុខ ឈរមើលទាំងអស់គ្នា រាប់ភ្លាមៗទាំងអស់គ្នា ហើយយើងប្រើប្រព័ន្ធតម្លាភាពនៅទីនោះតែម្ដង។ យើងអត់មានស្អីទេ គឺម្នាក់ៗអង្គុយមើល និងតាមដានទាំងដំណើរការនៃការបោះឆ្នោតតាំងពីដំបូងរហូតដល់ចប់»។
លោក ប៊ុន ហុន ឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ មានបេក្ខជនចំនួន ១០៣រូបហើយដែលកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅពីរសប្ដាហ៍ទៀតនោះ។ ចំនួនសមាជិកក្រុមប្រឹក្សា ដែលត្រូវបោះឆ្នោតជ្រើសតាំងតាមច្បាប់កំណត់ គឺចំនួន ២៧រូប ហើយអាណត្តិទី៨ នឹងនៅរក្សាដដែល។ នៅពេលនេះ មានបេក្ខជនកំពុងធ្វើយុទ្ធនាការរកសំឡេងឆ្នោតរៀងៗខ្លួន។
បទបញ្ជាផ្ទៃក្នុងរបស់គណៈមេធាវីកំណត់ថា បេក្ខជនអាចមានសិទ្ធិចេញលិខិតលាយលក្ខណ៍អក្សរ ឬជួបប្រជុំគ្នាឃោសនាអំពីផែនការគ្រប់គ្រងរបស់ខ្លួន ប៉ុន្តែមិនឲ្យវាយរិះគន់បុគ្គលិកលក្ខណៈរបស់បុគ្គលជាបេក្ខជនទេ។
លោកមេធាវី សំ សុគង់ ជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជនទាំង ១០៣រូប កំពុងធ្វើយុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោក។ លោក សំ សុគង់ ថ្លែងថា ការឈរឈ្មោះរបស់លោក គឺចូលរួមចំណែកលើកស្ទួយវិជ្ជាជីវៈមេធាវី ដែលជាវិជ្ជាជីវៈសេរីថ្លៃថ្នូរ។ លោកអះអាងថា លោកនឹងចូលរួមការពារផលប្រយោជន៍វិជ្ជាជីវៈ និងកិត្យានុភាពរបស់សមាជិកគណៈមេធាវីនេះ៖ «ទីពីរ កែទម្រង់ និងលុបបំបាត់ភាពអសកម្ម និងអំពើពុករលួយ ដែលនាំឲ្យប៉ះពាល់កិត្តិយសរបស់គណៈមេធាវី និងសហភាតា»។
ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុន ហុន បញ្ជាក់ថា លោកមិនដែលឃើញគណៈមេធាវីស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អ្នកនយោបាយទេ ចាប់ពីពេលលោកមកគ្រប់គ្រងស្ថាប័ននេះ។ លោកសន្យាថា ការបោះឆ្នោតនឹងស្ថិតនៅក្នុងលក្ខខណ្ឌដដែល បើទោះជាសមាជិកមាននិន្នាការនយោបាយខុសៗគ្នាក៏ដោយ។
គណៈមេធាវី គ្រោងបង្ហាញក្នុងកម្មវិធីរបស់ខ្លួនថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាអាណត្តិទី៨ នេះ នឹងត្រូវប្រកាសនៅរសៀលថ្ងៃទី១៦ តុលា គឺនៅថ្ងៃតែមួយនៃថ្ងៃបោះឆ្នោត។ គេហទំព័រនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញថា ស្ថិតិសរុបសមាជិកសមាជិកាគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ មានចំនួន ១.១២៦រូប គឺមានមេធាវីប្រុសចំនួន ៩១០រូប និងមេធាវីស្រីចំនួន ២១៥រូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។