ព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី បានអនុញ្ញាតឲ្យប្រធានសាលាឧទ្ធរណ៍ លោកចៅក្រម យូ ប៊ុនឡេង មានសិទ្ធិនៅបន្តការងាររបស់លោកបានមួយឆ្នាំបន្ថែមទៀត ទោះបីជាលោកត្រូវគ្រប់អាយុចូលនិវត្តន៍តាមច្បាប់កំណត់ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះក៏ដោយ។
លោក យូ ប៊ុនឡេង ក្លាយជាចៅក្រមមួយរូបនៅសាលាឧទ្ធរណ៍ តាំងពីឆ្នាំ១៩៩៣។ ក្រោយមកនៅឆ្នាំ២០០៧ លោកត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍។ លោកបន្តកាន់តួនាទីនេះរហូតដល់បច្ចុប្បន្ន។ ក្នុងពេលជាមួយគ្នានេះដែរ លោកក៏មានតួនាទីមួយទៀត ជាសហចៅក្រមស៊ើបអង្កេតជាតិនៃសាលាក្ដីខ្មែរក្រហម និងជាសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសដាច់ណាត់កាលពីខែតុលា ឆ្នាំ២០១៤ ដោយអះអាងថា ចាប់ពីឆ្នាំ២០១៥ តទៅ នឹងគ្មានអនុញ្ញាតឲ្យពន្យារអាយុចូលនិវត្តន៍ជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធតទៅទៀតជាដាច់ខាត ដោយគ្រប់ក្របខ័ណ្ឌមន្ត្រីទាំងអស់ត្រូវចូលនិវត្តន៍ក្នុងអាយុ ៦០ឆ្នាំ។ ប៉ុន្តែ នៅខែធ្នូ ឆ្នាំ២០១៧ លោកបានបង្ហើបអំពីផលចំណេញផ្នែកថវិកានៅពេលពន្យារអាយុចូលនិវត្តន៍របស់មន្ត្រីរាជការឲ្យដល់ ៦៥ឆ្នាំ ហើយបញ្ហាពន្យារអាយុចូលនិវត្តន៍នេះ នឹងត្រូវលើកយកទៅពិចារណានៅឆ្នាំ២០១៩។
សង្គមស៊ីវិលព្រួយបារម្ភថា បើមន្ត្រីរាជការដែលដល់អាយុចូលនិវត្តន៍នៅតែអាចស្នើសុំពន្យារអាយុនេះបានបែបនេះ នោះនឹងប៉ះពាល់ដល់ឱកាសសម្រាប់បណ្ដុះធនធានយុវជនជំនាន់ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
