ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ចាប់ផ្ដើមប្រើប្រាស់សិទ្ធិតាមរយៈការស្វែងរកមេធាវី ដើម្បីតតាំងក្ដីតាមផ្លូវតុលាការហើយ ក្រោយពីចំណាយពេលរង់ចាំយុត្តិធម៌ពេញមួយឆ្នាំកន្លងទៅនេះ។ ស្របពេលលោកស្រី ភោគ សេ ដែលត្រូវជាម្ដាយលោកបណ្ឌិត កែម ឡី បានស្នើសុំមេធាវីដើម្បីរៀបចំបណ្ដឹងនៅក្នុងតុលាការហើយនោះ ទន្ទឹមនឹងនេះ លោកស្រីក៏បានដាក់សំណើដាច់ដោយឡែកមួយទៀតទៅតុលាការ ដើម្បីស្នើសុំសាលក្រមដែលតុលាការសម្រេចផ្ដន្ទាទោសទណ្ឌិត អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត។
ថ្វីបើចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ លោក លាង សំណាត់ បានប្រកាសសាលក្រមចំពោះមុខ ជួប សម្លាប់ កាលពីខែមីនា ដែលជាសាលក្រមមួយមានកម្រិតទោសអតិបរមារហូតអស់មួយជីវិតហើយក៏ដោយចុះ រឿងនេះនៅមិនទាន់ធ្វើឲ្យអ្នកគាំទ្រលោកបណ្ឌិត កែម ឡី ស្ងប់ចិត្តនៅឡើយទេ។
នេះជាលើកនេះទីមួយហើយដែលក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ចាប់ផ្ដើមស្វះស្វែងរកមេធាវី និងប្រើប្រាស់នីតិវិធីមួយចំនួនដើម្បីតតាំងតាមផ្លូវតុលាការ ក្រោយពីសំណុំរឿងព្រហ្មទណ្ឌមួយនេះបានបន្តអូសបន្លាយពេញមួយឆ្នាំកន្លងផុតទៅ។
លោក សៅ កុសល ជាសមាជិកសាងសង់ចេតិយតម្កល់សពលោកបណ្ឌិត កែម ឡី អះអាងនៅថ្ងៃទី១១ កក្កដា ថា លោកស្រី ភោគ សេ ជាម្ដាយលោកបណ្ឌិត កែម ឡី បានធ្វើសំណើសុំពឹងពាក់រកមេធាវីរួចហើយ ហើយក៏ឆ្លងកាត់ការពិគ្រោះយោបល់រួចហើយដែរ។ ប៉ុន្តែដោយសារសំណុំរឿងនេះជារឿងដែលរសើបខ្លាំង ហេតុនេះការស្វែងរកមេធាវីដើម្បីការពារក្តីសំណុំរឿងឃាតកម្មនេះ ប្រហែលជាជួបផលលំបាកខ្លះ។ លោកបន្តថា « យើងបានឯកភាពគ្នាបែបហ្នឹងហើយ ប៉ុន្តែយើងមិនទាន់បានលទ្ធផលយ៉ាងម៉េចទេ ដោយសារតែមានផលលំបាកក្នុងការស្វែងរកមេធាវីស្ម័គ្រចិត្តហ្នឹង។ រឿងក្តីនេះវាធំ ហើយរឿងមេធាវីស្ម័គ្រចិត្តហាក់បីដូចជាអ្នកណាចេញមុខជួយធ្វើរឿងហ្នឹង »។
លោកស្រី ភោគ សេ ក្រៅពីបានប្រើប្រាស់សិទ្ធិដើម្បីស្វះស្វែងរកមេធាវីហើយ ក្នុងនោះលោកស្រីបានធ្វើសំណើដាច់ដោយឡែកមួយផ្សេងទៀតដាក់ទៅតុលាការ ដើម្បីស្នើសុំចម្លងសាលក្រមដែលចៅក្រមជំនុំជម្រះដោយលោក លាង សំណាត់ បានសម្រេចផ្ដន្ទាទោសលោក អឿត អាង រួចហើយកាលពីខែមីនា ឆ្នាំ២០១៧។
លិខិតចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ របស់លោកស្រី ភោគ សេ បានសរសេរថា សំណើសុំថតចម្លងសាលក្រមជំនុំជម្រះកន្លងទៅនេះ ប្រយោជន៍ដើម្បីឲ្យលោកស្រីអាចពិនិត្យខ្លឹមសារនៃសាលក្រម និងបើកផ្លូវឲ្យមេធាវីបានបំពេញកិច្ចការរបស់ខ្លួនតាមផ្លូវតុលាការនៅពេលខាងមុខ។
សមាជិកសាងសង់ចេតិយតម្កល់សពលោកបណ្ឌិត កែម ឡី លោក សៅ កុសល ឲ្យដឹងថា ឆ្លងការពិគ្រោះយោបល់ ម្ដាយលោកបណ្ឌិត កែម ឡី បានដាក់សំណើរួចហើយទៅស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើកិច្ចការលើវិស័យច្បាប់ ដើម្បីស្នើសុំពឹងពាក់រកមេធាវី ប៉ុន្តែចម្លើយជាផ្លូវការមកដល់ពេលនេះ នៅមិនទាន់ទទួលបាននៅឡើយទេ។
នាយកប្រតិបត្តិអង្គការមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ (CENTRAL) លោក មឿន តុលា បដិសេធថា ចំពោះស្ថាប័នរបស់លោកនៅមិនទាន់ទទួលបានពាក្យស្នើសុំណាមួយពីក្រុមគ្រួសារលោកបណ្ឌិត កែម ឡី នៅឡើយទេ។ លោកបន្តថា ជាគម្រោង ត្រូវរង់ចាំចម្លើយជាមុនសិនពីប្រពន្ធលោកបណ្ឌិត កែម ឡី ថាតើលោកស្រីនឹងសម្រេចបែបណាក្នុងរឿងនេះ។ លោកបន្តថា « ខ្ញុំមិនច្បា ស់ ដែរ ប៉ុន្តែ កាលពី ប្រពន្ធគាត់ ( ប្រពន្ធ កែម ឡី ) នៅក្នុងស្រុកហ្នឹង គាត់ថាត្រូវរង់ចាំរហូតដល់ពេលគាត់មានសុវត្ថិភាព និង ទៅដល់ ប្រទេស ដែលមាន សុវត្ថិភាពសិន »។
កាលពីថ្ងៃទី២៣ ខែមីនា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ លោក លាង សំណាត់ សម្រេចផ្ដន្ទាទោសទណ្ឌិតឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត។ សាលក្រមដែលប្រកាស ២៣ថ្ងៃក្រោយបើកការជំនុំជម្រះលើអង្គសេចក្ដីកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នោះ ត្រូវរងការរិះគន់ថា តុលាការក្រុងភ្នំពេញហាក់ធ្វើសេចក្ដីសម្រេចដ៏ប្រញាប់ប្រញាល់ ហើយការស៊ើបអង្កេតមិនគ្រប់ជ្រុងជ្រោយនៅឡើយ។
សវនាការកាលពីដើមខែមីនា ដែលពុំមានមេធាវីការពារក្តីខាងដើមចោទ បានជំរុញឲ្យក្រុមអ្នកសង្កេតការណ៍នៅក្នុងបន្ទប់ជំនុំជម្រះ មានមន្ទិលសង្ស័យជាច្រើនចំណុចទៅលើភស្តុតាងជាខ្សែអាត់វីដេអូថតបានពីកាមេរ៉ាសុវត្ថិភាព ដាក់បង្ហាញមិនអស់ប្លង់ ហើយប្លង់ខ្លះទៀតមិនច្បាស់ ជាដើម។ ចំណែកមន្ត្រីតុលាការបានជម្រាបអង្គជំនុំជម្រះនៅពេលនោះថា ប្លង់ផ្សេងដែលមិនដាក់បង្ហាញនោះ ព្រោះវាជាប្លង់ដែលមិនចាំបាច់។
យ៉ាងណា កាលពីថ្ងៃទី៩ ខែកក្កដា ក្រុមសមាគមអង្គការជាតិ និងអន្តរជាតិជិត ១៧០ បានផ្សាយលិខិតចំហមួយនៅថ្ងៃទី៧ កក្កដា ដើម្បីស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ និងឥតលម្អៀងមួយដែលស្របតាមបទដ្ឋានអន្តរជាតិ ដើម្បីបន្តស៊ើបអង្កេតបន្ថែមទៀតជុំវិញករណីឃាតកម្មលោកបណ្ឌិត កែម ឡី។
សំណើនេះ ក្រោយពីស្ថាប័នមិនមែនរដ្ឋាភិបាលទាំងនោះយល់ឃើញថា ការស៊ើបអង្កេតមិនគ្រប់ជ្រុងជ្រោយ សាលក្រមដែលផ្ដន្ទាទោស អឿត អាង ធ្វើឡើងមិនអាចជឿទុកចិត្តបាន ជាពិសេសរកមិនឃើញការពិតទៅនឹងចម្លើយសារភាពរបស់ទណ្ឌិតរូបនេះ ទាក់ទងជនសង្ស័យ ២រូបផ្សេងទៀតឈ្មោះ លិស និងឈ្មោះ ចក់។
បើទោះជាបែបណា លោកស្រី ភោគ សេ ម្ដាយលោកបណ្ឌិត កែម ឡី យល់ឃើញថា សេចក្ដីសម្រេចរបស់តុលាការទៅតាមសំណើនេះ នឹងជាការបើកផ្លូវឲ្យមេធាវីអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការតតាំងក្ដីនៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
