តុលាការ​ជូនដំណឹង​ពី​ការ​បិទ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង លោក គង់ ម៉ាស់

0:00 / 0:00

សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ជាង​៨​ខែ ហើយ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​រិះគន់​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នោះ បាន​ចូល​ដល់ដៃ​ចៅក្រម​ជំនុំជម្រះ​ហើយ ប៉ុន្តែ​មិនទាន់​កំណត់​ថ្ងៃ​ជំនុំ​ជម្រះ​នោះ​ទេ។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គង់ ម៉ាស់ គឺ​លោក សំ សុគង់ ប្រាប់​អាស៊ីសេរី​ថា ចៅក្រម​ស៊ើបសួរ​របស់ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ថា សំណុំរឿង​របស់ លោក គង់ ម៉ាស់ ត្រូវ​បាន​បិទ​បញ្ចប់​ការ​ស៊ើបសួរ​រួចហើយ និង​បាន​ចេញ​ដីកា​ដំណោះស្រាយ​ព្រម ទាំង​បាន​បញ្ជូន​ទៅ​ចៅក្រម​ជំនុំជម្រះ​រួចហើយ​ដែរ។ «»

កាលពី​សប្ដាហ៍​មុន លោក​មេធាវី សំ សុគង់ និង​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​ថា ការ​ចាប់​ឃុំខ្លួន​លោក គង់ ម៉ាស់ ក្នុង​ពន្ធនាគារ​រយៈពេល​ជាង ៨​ខែ ដោយ​គ្មាន​ការ​ជំនុំជម្រះ​ក្ដី​បែបនេះ គឺ​រំលោភ​ទាំង​ច្បាប់ និង​សន្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស។

របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​លោក គង់ ម៉ាស់ ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម និង​ជា​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ចោទប្រកាន់​ពី​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ និង​មាត្រា ៥០២​នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ករណី​សរសេរ​សារ​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

សារ​ដែល​លោក គង់ ម៉ាស់ បង្ហោះ​នោះ រួមមាន​យុទ្ធនាការ​ម្រាមដៃ​ស្អាត​កាលពីមុន​បោះឆ្នោត ការ​បង្ហោះ​រូបភាព​ជួបជុំ​សកម្មជន​តាម​មូលដ្ឋាន និង​សារ​រិះគន់​បែប​ស្ថាបនា​អំពី​ភាព​អសកម្ម​មួយ​ចំនួន​របស់ របប​លោក ហ៊ុន សែន រួមមាន​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម និង​ករណី​ចុងក្រោយ​តម្លៃ​កសិផល​ចុះថោក​ក្រោយពី​សហភាព​អឺរ៉ុប​យកពន្ធ​អង្ក​កម្ពុជា​ជាដើម។

អ្នកច្បាប់ និង​មន្ត្រី​សិទ្ធិមនុស្ស យល់ថា ការ​បង្ហោះ​សារ​ផ្សេងៗ​របស់​លោក គង់ ម៉ាស់ គឺ​គ្រាន់តែ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ហើយ​កា​រិះគន់​នោះ គឺជា​ការរិះគន់​បែប​ស្ថាបនា គ្មាន​ន័យ​ប្រមាថ​រដ្ឋាភិបាល​ឡើយ​។​ពួកគេ បាន​ទាមទារ​ឲ្យ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​លោក គង់ ម៉ាស់ វិញ​ជា​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។