តុលាការក្រុងភ្នំពេញសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ករណីឃាតកម្មស្រីស្នេហ៍ ទៅពេលក្រោយដោយគ្មានកំណត់កាលបរិច្ឆេទ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះ ពីអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក គុជ គឹមឡុង នៅថ្ងៃទី២២ សីហា បានទេ ដោយលោកប្រាប់ថា ជាប់រវល់កាត់ក្ដី។ ប៉ុន្តែសារព័ត៌មានក្នុងស្រុកផ្សាយថា ការសម្រេចពន្យារពេលរបស់ប្រធានចៅក្រមជំនុំជម្រះលោក ហម ម៉េងសែ ដោយសារសំណុំរឿងនេះ មានភាពស្មុគស្មាញ និងត្រូវពិនិត្យមើលឡើងវិញ ឱ្យច្បាស់លាស់ជាមុនសិន។
ក្នុងពេលសវនាការកន្លងមក សារព័ត៌មានក្នុងស្រុក ស្រង់សំដីលោក ឡាយ វណ្ណៈ ដោយសារភាពថា ពិតជាមានស្នេហាលួចលាក់ជាមួយជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ជាស្ត្រីមេម៉ាយកូន ៣នាក់ពិតមែន គឺចាប់តាំងពីឆ្នាំ២០១៦ ប៉ុន្តែលោកបដិសេធសម្លាប់លោកស្រី ចេវ សុវឌ្ឍនាទេ។
កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញស្លាប់ដោយមានចងកនៅក្នុងផ្ទះជួលមួយ ក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ក្រោយកើតហេតុនេះជាង២ខែ នៅពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួន មនុស្ស៤នាក់ តាមដីការបស់តុលាការក្រុងភ្នំពេញ។ ក្នុងនោះមាន លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងលោក ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ ដោយត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា និងមនុស្ស២នាក់ទៀត ដែលជាអ្នកបើកឡានឱ្យលោក ឡាយ វណ្ណៈ និងអ្នកបម្រើប្រុសរបស់ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា ពីបទលាក់បាំងតម្រុយ អំពើឃាតកម្មជនរងគ្រោះ។នៅក្នុងសំណុំរឿងឃាតកម្មដែលមានចំណុចអាថ៌កំបាំងជាច្រើននេះ មហាជនទូទៅ និង អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន សង្ស័យថា នៅមានរឿងរាវជាច្រើនទៀតនៅពីក្រោយរឿងនេះ។ ពួកគេទាមទារឱ្យសមត្ថកិច្ច និងតុលាការបង្ហាញភស្តុតាងពិត និងឃាតកពិត ព្រមទាំងអ្នកពាក់ព័ន្ធនៅពីក្រោយខ្នង នាំទៅផ្ដន្ទាទោសតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។