រដ្ឋសភា​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ខណៈ​រង​ការរិះគន់​ជុំ​ទិស

ដោយ មាន ឫទ្ធិ
2020.04.10
ហ៊ុន សែន សភា ៩២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេងជួរមុខ) ចូលរួម​ប្រជុំអនុម័តសេចក្ដីព្រាង​ច្បាប់ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន នៅ​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

រដ្ឋសភា​បាន​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​ហើយ នៅ​ថ្ងៃ​ទី​១០ មេសា​នេះ តាម​ការ​ចង់​បាន​របស់​មេ​ដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ទោះបី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ សំដែង​ក្តី​បារម្ភ​ថា ច្បាប់​នេះ​នឹង​អាច​ត្រូវ​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​គាបសង្កត់​សិទ្ធិ​របស់​ពលរដ្ឋ​ក៏ដោយ​។ គណបក្ស​សង្គ្រោះ​ជាតិ​ថា ច្បាប់​នេះ​នឹង​ជួយ​ពង្រឹង​អំណាច​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន កាន់តែ​ខ្លាំង​ថែម​ទៀត។

រដ្ឋសភា​ឯក​បក្ស​បាន​ប្រើ​ពេល​ត្រឹម ១​ម៉ោង ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដែល​មាន ៥​ជំពូក ចែក​ជា ១២​មាត្រា។

រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដែល​ជា​អ្នកមាន​ស្នាដៃ​កែ​ច្បាប់​រំលាយ​បក្ស​ប្រឆាំង​នោះ បាន​ឡើង​ការពារ​សេចក្តី​ព្រាងច្បាប់​នេះ​ថា ច្បាប់​នេះ​ធ្វើឡើង​ដើម្បី​អនុវត្ត​មាត្រា​២២ ថ្មី នៃ​រដ្ឋធម្មនុញ្ញ ឬក៏​ថា​ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ដល់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​នៅ​ពេល​ព្រះមហាក្សត្រ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន។

សមាជិក​សភា​ចំនួន​៣ រូប រួមមាន លោក ឈាង វុន លោក សេរី កុសល និង​លោក ទី សុគន្ធ បាន​ឡើង​បញ្ចេញ​យោបល់​ចំពោះ​សេចក្តី​ព្រាងច្បាប់​នេះ​។ ទោះជា​យ៉ាងណា យោបល់​ទាំងនោះ មិនមែន​ជា​ការ​ស្នើ​ឱ្យ​កែ​លម្អ​លើ​ចំណុច​ណាមួយ​នោះ​ឡើយ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​គាំទ្រ​ការ​ធ្វើ​ច្បាប់​នេះ ហើយ​និង​ការ​ទាត់ចោល​មតិ​រិះគន់​ទាំងឡាយ​លើ​ការ​ធ្វើ​ច្បាប់​នេះ​ប៉ុណ្ណោះ។

សមាជិក​សភា​ចំនួន ១១៥​នាក់ ដែល​មាន​វត្តមាន បាន​នាំគ្នា​លើកដៃ​អនុម័ត​យល់ព្រម​លើ​សេចក្តី​ព្រាងច្បាប់​នេះ​ទាំងអស់​គ្នា ដោយ​គ្មាន​នរណា​ស្នើ​សុំ​ឱ្យ​កែប្រែ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់​នេះ​ឡើយ​។​

អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ីសេរី​ថា រដ្ឋសភា​ពិនិត្យ​ឃើញ​ថា​ច្បាប់ នេះ​មិនបាន​ផ្ដល់​អំណាច​ច្រើន​លើសលប់​ដល់​រដ្ឋាភិបាល​ដូច​ការ​លើកឡើង​នោះ​ឡើយ ព្រោះ​រដ្ឋាភិបាល​ត្រូវ​រាយការណ៍​ជូន​សភា​ជាប់​ជាប្រចាំ​នៅ​ពេល​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន៖ «ក្នុង​វិធានការ​នីមួយៗ អត់​មាន​អ្វី​ថា លើសលស់​ប៉ុន្មាន​ទេ​។ អ៊ីចឹង​អ្នក​ដែល​ថា ច្បាប់​នេះ​វា​តឹង​ជ្រុល​ហួស​ហ្នឹង គឺ​មិន​ត្រឹមត្រូវ​ទេ​។ វិធានការ​ដែល​ចែង​នៅ​ក្នុង​ហ្នឹង គឺ​វា​សមរម្យ សម​ល្មម​ហើយ»

នៅ​ក្នុង​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​៤ នេះ តំណាងរាស្ត្រ​ភាគច្រើន​បាន​នាំ​គ្នា​ពាក់​ម៉ាស់​ការពារ​សុវត្ថិភាព ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ប្រកាន់​ជំហរ​ដាច់ខាត​របស់​លោក គឺ​មិន​ព្រម​ពាក់​ម៉ាស់​ឡើយ​។ ចំណែក ក្រុម​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ទៅ​ការពារ​សេចក្តី​ព្រាង​ច្បាប់​នេះ ក៏​គ្មាន​អ្នកណា​ពាក់​ម៉ាស់​ដែរ ពោល​គឺ​ពួកគេ​បង់ក​ក្រម៉ា​តាម​លោក ហ៊ុន សែន ដែរ។

លោក ឡេង ប៉េងឡុង បញ្ជាក់​ថា រដ្ឋសភា​លើកទឹកចិត្ត​ឱ្យ​តំណាងរាស្ត្រ​គ្រប់រូប​ពាក់​ម៉ាស់ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ លោក​ថា ក្នុង​ន័យ​នេះ រដ្ឋសភា​បាន​ចែក​ម៉ាស់​ឱ្យ​គ្រប់​តំណាងរាស្ត្រ និង​មន្ត្រី​ទាំងឡាយ​ដែល​មាន​វត្តមាន​នៅ​ក្នុង​អង្គប្រជុំ ក៏ប៉ុន្តែ​ត្រង់​អ្នកណា​ពាក់ ឬ​មិន​ពាក់ គឺជា​សិទ្ធិ​របស់​ពួកគេ។

ជុំវិញ​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ថា លោក​គ្មាន​អ្វី​ភ្ញាក់ផ្អើល​នោះ​ទេ ព្រោះ​លោក​ថា រដ្ឋសភា​ជា​ស្ថាប័ន​ដែល​ចាំតែ​ប្រថាប់ត្រា​ឱ្យ​លោក ហ៊ុន សែន ប៉ុណ្ណោះ​។ លោក​នៅតែ​យល់​ឃើញ​ថា លោក ហ៊ុន សែន ធ្វើ​ច្បាប់​នេះ​ដើម្បី​ទុក​ប្រើ​នៅ​ពេល​អំណាច​របស់​គាត់​រង​ការ​គំរាមកំហែង​ដោយ​ប្រការ​ណាមួយ​៖ «គាត់​នឹង​ប្រើប្រាស់​ច្បាប់​នេះ គឺ​នៅ​ពេល​ណា អ្នកណា​ដែល​ហ៊ាន​ប្រឆាំង​នឹង​ការ​ផ្ទេរ​អំណាច​របស់​គាត់​ទៅ​ឱ្យ​កូន​គាត់ អាហ្នឹង​គឺ​គាត់​យក​ច្បាប់​ហ្នឹង​មក​ប្រើ ប៉ុន្តែ​នៅ​ក្នុង​ស្ថានភាព​ឥលូវ​នេះ គឺ​គាត់​គ្រាន់តែ​យក​ឱកាស​ធ្វើ​ច្បាប់​ហ្នឹង​តែ​ប៉ុណ្ណឹង​ទេ»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លទ្ធភាព​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​អំឡុង​វិបត្តិ​កូវីដ​-១៩ មាន​មិន​ដល់​១% នោះ​ឡើយ ប៉ុន្តែ​លោក​ថា ច្បាប់​នេះ​នឹង​ទុក​ប្រើ​នៅ​ពេល​ស្ថានការណ៍​ស្រុកទេស​គ្រប់គ្រង​លែង​បាន​។ ទោះជា​យ៉ាងណា លោក ហ៊ុន សែន បាន​សារភាព​ថា ទោះជា​គ្មាន​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ក៏ដោយ ក៏​លោក​ធ្លាប់​បាន​ប្រើ​កងកម្លាំងប្រដាប់អាវុធ​ដើម្បី​បង្ក្រាប​ការ​ប្រមូលផ្តុំ ឬ​ការ​តវ៉ា​របស់​ពលរដ្ឋ​រួច​ទៅ​ហើយ​ដែរ៖ «លើ​ការ​ជាក់ស្ដែង ពូ​បណ្ដោយ​ឱ្យ​ធ្វើបាតុកម្ម​ជិត​មួយ​ឆ្នាំ​នៅ​ភ្នំពេញ សូម​អញ្ជើញ​ធ្វើ​ទៅ កុំ​តែ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ​។ ដល់ពេល​វា​ពង្រីក​ទ្រង់ទ្រាយ​រហូត​ឈាន​ដល់​ការ​ផ្តួល​រលំ អត់​ចាំបាច់​ច្បាប់​គ្នា​មាន​អាសន្ន​ទេ ប៉ោង​ខោ​រត់​ខ្ទេច​។ អា​មេៗ រត់​ទៅ​ដេក​កន្លែង​យូមែន រ៉ៃត៍ (Human Rights) នៅក្បែរ​វត្ត​លង្កា ម៉ោង ៣ ទូរស័ព្ទ​ឱ្យ​គេ​ទិញ​ភីហ្សា​យក​មក​ស៊ី​។ កុំ​ចង់​ពេក តែ​ដល់​ម៉ោង គេ​ដាក់​ហើយ មិន​ចាំ​បាច់​ប្រកាស​ច្បាប់​ទេ​។ តែ​ដល់​ម៉ោង និយាយ​គ្នា​មិន​ស្ដាប់​ហើយ ដាក់​ភូស រត់​ព្រាត»

អ្នក​ជំនាញ​ច្បាប់ និង​ជា​អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា តាមពិត​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ភាព​អាសន្ន​យូរ​ណាស់​មក​ហើយ ពោល​គឺ​តាំងពី​ពេល​ដែល លោក ហ៊ុន សែន បាន​បញ្ជូន​កម្លាំង​ទៅ​បំបែក និង​សម្លាប់​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុង​ឆ្នាំ​២០១៣​មក​ម្ល៉េះ​។ លោក​ថា ចាប់​តាំង​ពី​ពេលនោះ​មក​កម្ពុជា បាន​ផ្អាក​ការ​គោរព​សិទ្ធិមនុស្ស​មួយ​ចំនួន​រួច​មក​ហើយ ហើយ​ការប្រើប្រាស់​អំណាច​នោះ គឺ​ហួស​ពី​ព្រំដែន កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ទៅ​ទៀត​ផង៖ «ច្បាប់​នេះ គឺ​បើ​ខ្ញុំ​ប្រៀបធៀប ដឹង​យ៉ាងម៉េច​ទេ​? គឺ​ដូចជា ដែល​គេ​ហៅថា​ធ្វើ​ឱ្យ​ស្របច្បាប់ នូវ​សកម្មភាព ឬ​ទង្វើ ឬ​វិធាន​ការដែល​រដ្ឋាភិបាល បាន​ចាត់​ជា​បណ្តើរៗ មាន​សភាព​ដូចជា ច្បាប់​តុលាការ​កាលពី​ឆ្នាំ​២០១៤​។ គឺ​អ្វី​ដែល​បាន ធ្វើ​ហើយ​មក​ហ្នឹង គ្រាន់តែ​ធ្វើជា​ច្បាប់​ទៅ​ឱ្យ​វា​ស្របច្បាប់​តែ​ប៉ុណ្ណឹង​ទេ​។ នេះ​គឺ​ទូទៅ​ទេ»

បណ្ឌិត ឡៅ ម៉ុងហៃ បន្ត នៅ​ពេល​ដែល​ច្បាប់​នេះ ត្រូវ​យក​ទៅ​អនុវត្ត កម្ពុជា​នឹង​ជួប​នូវ ភាព​ស្មុគស្មាញ​ខ្លាំង ព្រោះ​ច្បាប់​នេះ​បង្កើត​ឡើង​ដោយ​ច្របូកច្របល់​ដោយ​គ្មាន​ការចែក ច្បាស់លាស់ រវាង​ករណី​អាសន្ន​ផ្នែក​សុខាភិបាល​សាធារណៈ ករណី​សណ្ដាប់ធ្នាប់​សាធារណៈ ករណី​សង្គ្រាម ឬ​ករណី​គ្រោះអាសន្ន​អន្តរជាតិ​ផ្សេងៗ​ទៀត៖ «យើង​នេះ​គឺ​យក​ករណី​ទូទៅ​ទាំងអស់ គឺ​សង្គ្រាម​ក៏​អ៊ីចឹង សណ្ដាប់ធ្នាប់​សាធារណៈ​ក៏​អីចឹង រឿង​សុខាភិបាល​ក៏​អ៊ីចឹង​ទៅ​។ ម្ល៉ោះហើយ​គឺ​ការអនុវត្ត វា​ពិបាក»

រីឯ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថា​លោក ហ៊ុន សែន​បង្កើត​ច្បាប់​នេះ​ឡើង ព្រោះតែ​លោក​កំពុងតែ​ស្ថិត​ក្នុង​ភាព​អាសន្ន​ខ្លួនឯង​ដោយសារ​មិនបាន​ការពារ​ជំងឺ​កូវីដ​១៩​ទាន់​ពេល​។ ម្យ៉ាងវិញទៀត លោក​ថា លោក ហ៊ុន សែន ចង់​យក​ច្បាប់​នេះ​ទៅ​ទប់​ទល់នឹង​ការ​តវ៉ា របស់​ពលរដ្ឋ​ដែល​បាត់​ជំនឿ​លើ​រូបលោក និង​ដើម្បី​យក​ទៅ​អនុវត្ត ទាំង​នៅ​ពេល​ជួប​វិបត្តិ​ជំងឺ​កូវីដ​១៩ និង​នៅ​ក្រោយ​វិបត្តិ​នេះ៖ «ក្រោយ​ពេល​ដែល​អត់​កូវីដ​ទៅ​ក៏ដោយ ប្រទេស​កម្ពុជា​ក៏​មិនមែន អត់​បញ្ហា​ដែរ គឺ​បញ្ហា​ចម្រុះ​តែម្ដង​។ យើង​ឧទាហរណ៍​ថា បញ្ហា​សេដ្ឋកិច្ច ដោះស្រាយ​ដោយ​វិធី​ណា​? រដ្ឋ​អត់​មាន​លុយ​ក្នុង​ការ​រៀប​ផែនការ​ទេ​។ ផែនការ​មកដល់​ឥឡូវ ច្របល់ៗ​ស្លន់ៗ ហើយ​ក្រោយ​កូវីដ​១៩ ទីផ្សារ​របស់​កម្ពុជា ក៏​អត់​ច្បាស់លាស់​ទៅទៀត ទីផ្សារ​អឺរ៉ុប​។ សេដ្ឋកិច្ច​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ស្ថិត​ក្នុង​សេដ្ឋកិច្ច ខ្ចី​ដង្ហើម​គេ​ដក​ហ្នឹង។ អត់​មាន​អ្វី​ជា​របស់​ខ្លួន​ទេ អត់​មាន​ផលិតកម្ម​របស់​ខ្លួន​ទេ​។ អ៊ីចឹង ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ មិន​ងាយ​ទេ​។ បើ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​មិន​ងាយ បាន​ន័យ​ថា ការងារ​ក៏​មិន​ងាយ​ដែរ​។ អ៊ីចឹង គាត់​ត្រូវ​ប្រឈម​ជាមួយ​កម្មករ​ច្រើន​រាប់​ម៉ឺន​នាក់​ណាស់ ទោះបីជា​ក្រោយ​កូវីដ១៩​ក៏ដោយ»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា​ច្បាប់​នេះ​នឹង​ជួយ​លោក ហ៊ុន សែន ឱ្យ​គ្រប់គ្រង​ប្រទេស​តាម​បែប​ផ្ដាច់ការ​យូរអង្វែង​តទៅទៀត ជាពិសេស គឺ​វា​នឹង​ធ្វើ​ឱ្យ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​គាត់​ក្លាយ​ជា​ស្របច្បាប់ និង​មាន​លក្ខណៈ​ផ្លូវការ។ នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​នេះ លោក ប្រ៊ែដ អាដាមស៍ (Brad Adams) ថា រដ្ឋាភិបាល កំពុង​ប្រើប្រាស់​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩ ធ្វើជា​លេស ទៅ​ច្បាម​យក​អំណាច​គ្រប់​ទិដ្ឋភាព ទាំងអស់​ក្នុង​សង្គម រាប់ទាំង​ផ្នែក​ស៊ីវិល នយោបាយ សង្គម និង​សេដ្ឋកិច្ច ដោយ​គ្មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ត្រឹមត្រូវ។ រីឯ នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ថា ច្បាប់​នេះ​នឹង​បង្កើន​ការ​គាបសង្កត់​លើ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​ក្នុង​ប្រទេស ដែល​នឹង​បណ្ដាល​ឱ្យ​មាន​ការរំលោភ​កាន់តែ​ខ្លាំង​លើ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា។

នាយក​ការិយាល័យ​អគ្គលេខាធិការ​អង្គការ​លើកលែងទោស​អន្តរជាតិ Amnesty International លោក ដេវីដ គ្រីហ្វីដស៍ (David Griffiths) មាន​ប្រសាសន៍​ថា ច្បាប់​ស្ដីពី​ការ​ដាក់​ប្រទេស ក្នុង​ភាព​អាសន្ន​នេះ រំលោភ​សិទ្ធិ​មនុស្ស​ទាំង​ស្រុង​តែម្ដង​។ លោក​ផ្ដល់​អំណះអំណាង​ថា ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ប្រវត្តិ​កំណត់ត្រា​សិទ្ធិមនុស្ស​ដ៏​អាក្រក់​នោះ អំណាច​ស្នើ​ឡើង​ក្នុង​ច្បាប់​នេះ នឹង​ក្លាយជា​វិធី​ដ៏​ល្អឥតខ្ចោះ ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​គោរព​សិទ្ធិមនុស្ស​។ លោក ដេវីដ គ្រីហ្វីដស៍ គូស​បញ្ជាក់​ថា ដំណើរការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ ធ្វើឡើង​ដោយ​គ្មាន​តម្លាភាព គ្មាន​ការពិគ្រោះ​យោបល់ និង​គ្មាន​នីតិវិធី​ត្រឹមត្រូវ​។ លោក​ហៅ​ដំណើរការ​តាក់តែង​ច្បាប់​យ៉ាង​ដូច្នេះ ថា​ជា​ការ​កេងប្រវ័ញ្ច​ដោយ​ឥត​លាក់លៀម ទៅលើ​ភាព​ភ័យ​ស្លន់ស្លោ​សាធារណៈ​ជុំវិញ​ជំងឺ​កូវីដ​-១៩ និង ជា​ការ​គំរាមកំហែង​ដល់​ការ​ការពារ​ជា​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស ដែល​ត្រូវ​បាន​ធានា​ឡើង​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​។​លោក​គូស​បញ្ជាក់​ថា គំនិត​នៃ​ការ​ប្រមូលផ្តុំ​អំណាច​ក្នុង​កណ្តាប់​ដៃ​រដ្ឋាភិបាល​បែបនេះ ដែល​គ្មាន​ការ​ត្រួតពិនិត្យ បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​បំផុត។

ដោយឡែក អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន ថា​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ រំលោភ​សេរីភាព​នៃ​ការ​ផ្តល់​ព័ត៌មាន និង​សេរីភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន​។ នាយក​កិច្ចការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន លោក ដានីញ៉ែល បាស្តាត (Daniel Bastard) ថា ច្បាប់​នេះ ក៏​នឹង​បង្កើត​ឱ្យ​មាន​នូវ​ប្រព័ន្ធ​មួយ​នៃ​ការ​តាមដាន​ឈ្លប​យកការណ៍ និង ការ​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញមតិ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​រយៈពេល ៣០​ឆ្នាំ នៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក​ថា លោក ហ៊ុន សែន ក៏​អាច​យក​ច្បាប់​នេះ មក​ប្រើប្រាស់ ដើម្បី​រឹតត្បិត​ការ​ជជែក​ដេញដោល​នៅ​ក្នុង​សារព័ត៌មាន ជុំវិញ​លទ្ធភាព​នៃ​ការ​កាន់​តំណែង​បន្តវេន​ដល់​កូនៗ​លោក និង​និន្នាការ​នៃ​ការបះបោរ​ផ្ទៃក្នុង​របស់​គណបក្ស​កាន់អំណាច ផង​ដែរ។

នៅ​មុន​ការ​អនុម័ត​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន យ៉ាងហោចណាស់ ពលរដ្ឋ​ជិត​២០​រូប​ហើយ ត្រូវ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ឃាត់ និង​ចាប់​ដាក់​ពន្ធនាគារ ក្នុង​នោះ​មាន ៤​នាក់ ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ ចុងក្រោយ​នេះ លោក ហ៊ុន សែន បាន​ព្រមាន​ចាប់ខ្លួន​អ្នកការពារ​សិទ្ធិ​មនុស្សលោក អំ សំអាត និង​បាន​ចាប់ខ្លួន​និពន្ធ​នាយក សារព័ត៌មាន​អន​ឡាន​ម្នាក់​ឈ្មោះ សុវណ្ណ រិទ្ធី ដោយសារតែ​លោក​បាន​ស្រង់​សម្ដី​ដើម​របស់ នាយករដ្ឋមន្ត្រី​មក​ផុស​បន្ត​លើ​ហ្វេ​ស​ប៊ុ​ក ជុំវិញ​វិធានការ​ទប់ទល់​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩​។​

ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​បន្ត​ឱ្យ​ទៅ​ព្រឹទ្ធសភា និង​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​បន្ត មុននឹង​សម្រេច​ដាក់​ឱ្យ​ព្រះមហាក្សត្រ​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ធរមាន​។ នៅ​ពេល​ចូល​ជា​ធរមាន ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ អាច​ដាក់​ទោស​ទណ្ឌ​អ្នក​ល្មើស ឬ​រារាំង​ដល់​ការអនុវត្ត​ច្បាប់​នេះ ដោយ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​រហូតដល់ ១០​លាន​រៀល​។ ច្បាប់​នេះ​កំណត់​ថេរវេលា​នៃ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន មិន​ឱ្យ​លើស​ពី​៣ ខែ ក៏ប៉ុន្តែ​អាច​ប្រកាស​បន្ត​បាន​នៅ​ក្នុង​លក្ខខណ្ឌ​ដូចគ្នា​។ ការ​បញ្ចប់​ស្ថានភាព​អាសន្ន​ដោយ​ប្រការ​ណាមួយ​សុទ្ធតែ​ត្រូវ​ឆ្លងកាត់​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​របប​ក្រុងភ្នំពេញ​បាន​រៀបចំ​បង្កើត​ច្បាប់​ចម្រូងចម្រាស បែបនេះ​ឡើង​។ នៅមុន​ការបោះឆ្នោត របប​នេះ​បាន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ ថា​បង្កើត​ច្បាប់​ឡើង ដើម្បី​សម្លាប់​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​។ របប​នេះ បាន​បង្កើត​ច្បាប់​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​តុលាការ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់​រម្លាយ​គណបក្ស​នយោបាយ និង​យក​អាសនៈ​បក្ស​ឈ្នះ​ឆ្នោត​ដែល​ត្រូវ​រម្លាយ ទៅ​បែងចែក​ឱ្យ​គណបក្ស​ដទៃ​ដែល​ពលរដ្ឋ​មិនបាន​បោះឆ្នោត​ឱ្យ​។ គឺ​ច្បាប់​ទាំងនោះ​ហើយ ដែល​នាំ​មានការ​វាយតម្លៃ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ស្លាប់​បាត់​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។