សង្គម​ស៊ីវិល​ថា ជំនួយ​សម្រាប់​បង្ការ​ការ​ឆ្លង​កូវីដ​-១៩ ក្នុង​ពន្ធនាគារ ជា​រឿង​ចាំបាច់

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ស្វាគមន៍​ជំនួយ​របស់​រដ្ឋាភិបាល​បរទេស និង​អង្គការ​អន្តរជាតិ​នានា សម្រាប់​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ សង្គម​ស៊ីវិល​នៅតែ​ទទូច​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​ការ​ចង្អៀត​ណែន​ខ្លាំង​ក្នុង​ពន្ធនាគារ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ឱ្យ​ដឹង​ថា ពន្ធនាគារ​ទូទាំង​ប្រទេស​មាន​សភាព​ចង្អៀត​ណែន​ខ្លាំង ធ្វើឱ្យ​អ្នក​ជាប់ឃុំ​មិន​អាច​អនុវត្ត​គោលការណ៍​គម្លាត​សង្គម ដូច​នៅ​ក្រៅ​ពន្ធនាគារ​បាន​នោះទេ​។ ម្យ៉ាងវិញទៀត លោក​ជឿថា ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ពន្ធនាគារ​នៅ​កម្ពុជា អាច​ប្រឈម​នឹង​ការ​ខ្វះខាត​សម្ភារៈ ឬ​របស់​ប្រើប្រាស់​ផ្សេងៗ សម្រាប់​បង្ការ​ការ​ឆ្លង​ជំងឺ​ថ្មី​នេះ​។ ហេតុ​ដូច្នេះ លោក​ថា ជំនួយ​ពី​រដ្ឋាភិបាល និង​ពី​អង្គការ​អន្តរជាតិ​នានា មាន​ភាព​ចាំបាច់​ខ្លាំង ទោះជា​កម្ពុជា​មិន​ទាន់​មាន​ករណី​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​ពន្ធនាគារ​ក៏ដោយ៖ «យើង​ ឃើញ​ថា ជំនួយ​ផ្សេងៗ​ដូចជា កាកបាទ​ក្រហម ​នោះ គឺ​គេ​បាន​ជួយ​ទៅលើ​បញ្ហា​សម្អាត​អនាម័យ​ផ្សេងៗ​នៅតាម​ពន្ធនាគារ ឬ​តាម​ ការ​បាញ់សម្លាប់ ​មេរោគ​អ្វី​ផ្សេងៗ អាហ្នឹង​គឺមាន​សារៈសំខាន់​ណាស់ ពីព្រោះ​នៅក្នុង​ពេលដែល​អ្នក​ជាប់​ឃុំ​មាន​ភាព​ចង្អៀត​ណែន អាហ្នឹង​ ការ​បារម្ភ ហើយ​និង​ហានិភ័យ វា​អាច​ នឹង​មាន ​ខ្ពស់»។

កាលពី​ថ្ងៃទី​១៣ ឧសភា ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ បានផ្តល់​ជំនួយ​ជា​ម៉ាស់​ការពារ​មេរោគ​ចំនួន​៤ ពាន់ (៤.០០០) ម៉ាស់ ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ​។ ជំនួយ​របស់​ស្ថានទូត​វៀតណាម​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ស្នើ​ដល់​បណ្តា​ស្ថានទូត និង​អង្គការ​អន្តរជាតិ​នានា ជួយ​ឧបត្ថម្ភ​សម្ភារៈ និង​បរិក្ខារ​ផ្សេងៗ​ដល់​អ្នក​ជាប់ឃុំ​នៅ​កម្ពុជា អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ-១៩។

អគ្គនាយក​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក ចាន់ គីម​សេង ថ្លែង​នៅក្នុង​ឱកាស​នោះ​ថា ជំនួយ​របស់​រដ្ឋាភិបាល និង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​របស់​វៀតណាម​នេះ ពិត​ជា​មាន​ប្រសិទ្ធភាព ជាក់ស្ដែង​សម្រាប់​ការ​បង្ការ និង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។ នេះ​បើតាម​ការបញ្ជា​ក់លើ​ហ្វេសប៊ុក (Facebook) របស់​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​។​

អាស៊ីសេរី​មិនអាច​ទាក់ទង​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដើម្បី​សាកសួរ​រឿងនេះ​បានទេ​នៅ​ថ្ងៃ​ទី​១៦ ឧសភា។

គិត​ត្រឹម​ចុងខែ​មីនា ឆ្នាំ​២០២០ កម្ពុ​ជាមាន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ចំនួន​ជិត ៤​ម៉ឺន​នាក់ (៣៨.៩៩០) នាក់ ក្នុងនោះ​អ្នក​ជាប់ឃុំ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​មាន​ជាង ២​ម៉ឺន​នាក់។ ក្នុង​ចំណោម​អ្នក​ជាប់ឃុំ​ជិត​៤ ម៉ឺន​នាក់​នោះ ទណ្ឌិត ឬ​អ្នកមាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ មាន​តែ​ប្រមាណ ១​ម៉ឺន​នាក់​ប៉ុណ្ណោះ ក្រៅពីនេះ​សុទ្ធសឹងតែ​អ្នក​រង់ចាំ​ការ​ជំនុំជម្រះហើយ​និង​អ្នក​មិន​ទាន់​ទទួល​បាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ​ពី​តុលាការ។

អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​នេះ​ជា​បន្ទាន់ ដើម្បី​បញ្ចៀស​មហន្តរាយ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ពន្ធនាគារ និង​ដើម្បី​កុំឱ្យ​ប៉ះពាល់​សិទ្ធិ​អ្នក​ជាប់ឃុំ។

ជា​ការ​ឆ្លើយតប ក្រសួងយុត្តិធម៌​បាន​បង្កើត​គណៈកម្មការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​តុលាការខេត្ត​ក្រុង កាល​ពី​ថ្ងៃទី​១២ ឧសភា ដើម្បី​រួមចំណែក​ដោះស្រាយ​ការ​ចង្អៀត​ណែន​នៃ​អ្នក​ជាប់ឃុំ​នៅតាម​ពន្ធនាគារ​។ គណៈកម្មការ​ថ្មី​នេះ មាន​លោក កើត រិទ្ធ ជា​ប្រធាន ហើយ​រដ្ឋមន្ត្រី​យុត្តិធម៌​រូបនេះ​នឹង​ប្រកាស​បើក​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត ចាប់ពី​ថ្ងៃទី​១៨ ឧសភា តទៅ។

អ្នក​ការពារ​សិទ្ធិមនុស្ស លោក អំ សំអាត ថ្លែង​ថា លោក​មិន​ទាន់​អាច​សន្និដ្ឋាន​អំពី​ប្រសិទ្ធភាព​នៃ​យន្តការ​ថ្មី​នេះ​ទេ ដោយ​រង់ចាំ​តាមដាន​ការអនុវត្ត​ការងារ​របស់​គណៈកម្មការ​ថ្មី​នេះ​ជា​មុន​សិន៖ «យើង​មិនទាន់​ដឹងថា តើ​ប្រសិទ្ធភាព​ហ្នឹង យ៉ាងម៉េច​នោះទេ ប៉ុន្តែ​បើ​មាន​ឆន្ទៈ ហើយ​និង​ការតាំង​ចិត្ត​ប្រាកដប្រជា ខ្ញុំ​គិតថា អាច​នឹង​ជួយ​បាន​មួយផ្នែក​ទាក់ទង​នឹង​បញ្ហា​ភាព​កកស្ទះ​នៃ​សំណុំរឿង​តាម​បណ្តា​សាលាដំបូង​រាជធានី​ខេត្ត​ហ្នឹង»។

កាល​ពី​ចុង​ឆ្នាំ​២០១៨ កន្លងទៅ ក្រសួងមហាផ្ទៃ​បាន​បង្កើត​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​រួចមកហើយ ប៉ុន្តែ​អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ពិនិត្យ​ឃើញ​ថា យន្តការ​នោះ​មិនមាន​ប្រសិទ្ធភាព​ឡើយ ពោលគឺ​អ្នក​ជាប់ឃុំ​នៅ​តែ​បន្ត​កើន​ឡើង​ឥត​ឈប់ឈរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។