អង្គការស្ត្រីស្នើពិចារណាធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់
2015.09.22
បណ្ដាញអង្គការធ្វើការងារលើកស្ទួយសិទ្ធិស្ត្រី ស្នើ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពិចារណាសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលធានាសមភាពយេនឌ័រក្នុងតួនាទីជាអ្នកដឹកនាំក្នុងមូលដ្ឋាន។
សំណើនេះ ធ្វើឡើងមួយថ្ងៃមុនពេល លោក ស ខេង និងលោក សម រង្ស៊ី នឹងជួបគ្នាពិភាក្សាពាក់ព័ន្ធនឹងច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។
ក្នុងលិខិតចំនួនពីរដាច់ដោយឡែកពីគ្នា ដែលដាក់ទៅ លោក ស ខេង និងលោក សម រង្ស៊ី ក្រុមអង្គការស្ត្រីបានលើកឡើងថា បច្ចុប្បន្ននៅមានវិសមភាពយេនឌ័រ ដែលធ្វើឲ្យការចូលរួមរបស់ស្ត្រី និងបុរស នៅពុំទាន់ស្មើភាពគ្នាក្នុងដំណើរការបោះឆ្នោត។ ក្រុមដដែលបញ្ជាក់ថា ចាំបាច់ត្រូវកែសម្រួលច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
នាយិកាអង្គការសីលការ អ្នកស្រី ធីតា ឃឹះ មានប្រសាសន៍បន្ថែមនៅរសៀលថ្ងៃទី២២ ខែកញ្ញា ថា គណបក្សទាំងពីរដែលមានបំណងជំរុញការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ ចាំបាច់ត្រូវមានគោលការណ៍ពិសេស៖ «អាកប្បកិរិយារបស់ស្ត្រីមិនដូចបុរសទេ ដូច្នេះយើងត្រូវការគោលនយោបាយលើកកម្ពស់ការចូលរួមរបស់ស្ត្រី។ បើសិនយើងនៅតែធ្វើដូចដែលយើងធ្លាប់ធ្វើកន្លងមក ដែលយើងគិតថា ស្ត្រីអាកប្បកិរិយា និងការគិតរបស់គាត់ដូចគ្នានឹងការគិតរបស់បុរស យើងនឹងខុស គឺធ្វើការសម្រេចចិត្តខុសទៀត។ នេះយើងមិនមែនចេះតែថាទេ គឺយើងបានឃើញការអនុវត្តរួចមកហើយ»។
ក្រុមអង្គការស្ត្រីបញ្ជាក់ថា មានមាត្រាចំនួន៣ ដែលគួរមានការកែសម្រួលនោះរួមមាន មាត្រា៤៩ថ្មី ដោយកែថា គណបក្សនយោបាយនីមួយៗត្រូវមានបញ្ជីឈ្មោះបេក្ខជនឆ្លាស់រវាងបុរស និងស្ត្រី។ មាត្រា១២ថ្មី គួរកែថា ត្រូវមានស្ត្រីយ៉ាងហោចមួយរូបរវាងប្រធាន និងអនុប្រធានគណៈកម្មការខេត្ត ក្រុង ឃុំ សង្កាត់ និងការិយាល័យបោះឆ្នោត ជាដើម៕