សាលាដំបូងខេត្តរតនគិរី លើកពេលសវនាការសំណុំរឿងអតីតអ្នកកាសែត ខេមបូឌា ដេលី (The Cambodia Daily) ២រូប គឺលោក អូន ភាព និងលោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor) ទៅថ្ងៃក្រោយវិញ ដោយមិនកំណត់ពេល។
មេធាវីការពារក្តីឱ្យអតីតអ្នកកាសែតខេមបូឌា ដេលី ទាំងពីររូប គឺលោក សេក សុភ័ណ្ឌ ប្រាប់អាស៊ីសេរីថា លោកបានទៅដល់បន្ទប់សវនាការនៃតុលាការខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ធ្នូ នេះ ដើម្បីជួយការពារកូនក្តីរបស់លោក ក៏ប៉ុន្តែស្រាប់តែប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសថា សវនាការត្រូវលើកពេលវិញ ដោយសារអវត្តមានចៅក្រមមួយរូបដែលជាប់បេសកកម្មនៅប្រទេសឥណ្ឌា។ លោកបញ្ជាក់ថា លោកភ្ញាក់ផ្អើល និងខកចិត្តចំពោះទង្វើបែបនេះ ព្រោះតុលាការគួរតែជូនដំណឹងជាមុនថា សវនាការត្រូវលើកពេល មិនគួរដល់ថ្ងៃហើយ ទើបប្រាប់ដូច្នេះទេ។
សាលាដំបូងខេត្តរតនគិរីបានចោទប្រកាន់លោក អូន ភាព និងលោក ភីតធ័រ ហ្សមប៊័រ ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” កាលពីខែសីហា ឆ្នាំ២០១៧ កន្លងទៅ ក្រោយពេលពួកគេចុះសម្ភាសពលរដ្ឋក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អំពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ការចោទប្រកាន់នេះ ធ្វើឡើងមួយសប្ដាហ៍មុនពេលកាសែតភាសាអង់គ្លេស ខេមបូឌា ដេលី (The Cambodia Daily) បញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ដោយសារបញ្ហាពន្ធដ៏ចម្រូងចម្រាស។ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ អំពាវនាវដល់តុលាការឱ្យទម្លាក់ចោលបទចោទបែបប្រឌិតប្រឆាំងនឹងអ្នកកាសែតទាំងពីររូប និងអ្នកសារព័ត៌មានមួយចំនួនទៀត ព្រមទាំងបញ្ឈប់ទង្វើយាយីទាំងឡាយប្រឆាំងនឹងអ្នកសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។