សាលាឧទ្ធរណ៍កំពុងពិនិត្យមើលសំណុំរឿងរបស់សកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ដែលជាប់ទោសដោយសារការផលិតវីដេអូស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា។ មន្ត្រីសិទ្ធិមនុស្សជំរុញឱ្យសាលាឧទ្ធរណ៍បើកការជំនុំជម្រះរឿងនេះឱ្យបានឆាប់ និងផ្ដល់យុត្តិធម៌ដល់លោក រ៉ាត់ រត្នមុនី វិញ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ឱ្យដឹងថា តុលាការក្រុងភ្នំពេញបានបញ្ជូនបណ្ដឹងសារទុក្ខករណីលោក រ៉ាត់ រត្នមុនី មកដល់សាលាឧទ្ធរណ៍ហើយនៅអំឡុងសប្ដាហ៍នេះ។ លោកបញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី៣០ សីហាថា សាលាឧទ្ធរណ៍កំពុងរៀបចំចាត់តាំងចៅក្រមឱ្យកាន់សំណុំរឿងនេះ ហើយចៅក្រមនឹងចេញដីកាកោះហៅភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងសវនាការនៅថ្ងៃខាងមុខ។ ទោះជាយ៉ាងណា លោកមិនទាន់ដឹងអំពីពេលវេលានៃសវនាការនោះទេ ព្រោះនេះជាសិទ្ធិសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ៖ «សំណុំរឿងហ្នឹងសាលាឧទ្ធរណ៍ទើបតែទទួលបានពីខាងសាលាដំបូងរាជធានីភ្នំពេញ។ បានបញ្ជូនមកដល់សាលាឧទ្ធរណ៍ហើយ ហើយឥលូវហ្នឹងកំពុងចាត់ទៅចៅក្រមឱ្យគាត់ពិនិត្យទៅតាមច្បាប់។ គាត់នឹងចេញដីកាកោះពាក់ព័ន្ធនឹងសវនាការហ្នឹង»។
សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសលោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ "ញុះញង់ឱ្យមានការរើសអើង" កាលពីចុងខែមិថុនាកន្លងទៅ។ ចៅក្រមជំនុំជម្រះលោក កូយ សៅ បានសម្រេចឱ្យលោកជាប់ទោសពេញទាំង ២ឆ្នាំ ដោយគ្មានការបន្ធូរបន្ថយ ខណៈបទចោទនេះមានកម្រិតទោសអតិបរមា ៣ឆ្នាំក្នុងពន្ធនាគារ។ ក្រៅពីនេះ តុលាការបានបង្គាប់ឱ្យលោកសងសំណងឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៧០លានរៀល ឬស្មើនឹងជិត ២ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត។
មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ស្នើសុំសាលាឧទ្ធរណ៍ឱ្យពន្លឿនសំណុំរឿងនេះ ពីព្រោះគោលការណ៍ច្បាប់ និងសិទ្ធិមនុស្សតម្រូវឱ្យសវនាការត្រូវធ្វើឡើងដោយឆាប់រហ័ស ដើម្បីជាប្រយោជន៍ដល់ជនជាប់ចោទ។ លោកអំពាវដល់សាលាឧទ្ធរណ៍ ពិចារណាឱ្យកូនក្តីរបស់លោកបានរួចផុតពីបទចោទប្រកាន់ ព្រោះគាត់មិនបានប្រព្រឹត្តទោសកំហុសអ្វីឡើយ៖ «ឱ្យសាលាឧទ្ធរណ៍មេត្តាពន្លឿននីតិវិធីក្នុងការបញ្ជូនលោក រ៉ាត់ រត្នមុនី ទៅជំនុំជម្រះ ហើយនិងមួយទៀតសុំឱ្យគាត់រួចផុតពីបទចោទ ដើម្បីគាត់ជួបជុំក្រុមគ្រួសារ ពីព្រោះនៅពេលគាត់ជាប់ពន្ធនាគារ គាត់មានអារម្មណ៍មួយថា នឹករឭកដល់ក្រុមគ្រួសារគាត់មែនទែន»។
ដើមហេតុនៃការដាក់ទោសទណ្ឌ លោក រ៉ាត់ រត្នមុនី នេះ គឺដោយសារលោកបានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា "ម្ដាយខ្ញុំ លក់ខ្ញុំ" ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។ វីដេអូដែលមានចំនួនអ្នកចូលទស្សនារាប់លានដងលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងយូធូប (YouTube) នោះ បង្ហាញពីនារីវ័យក្មេង ៣នាក់ ដែលមានជីវភាពក្រីក្រ ត្រូវបានគេលក់ឱ្យបម្រើផ្លូវភេទ។
អាជ្ញាធររបបក្រុងភ្នំពេញបានចាត់ទុកភាពយន្តឯកសារនេះថា ជាវីដេអូប្រឌិត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា រួចក៏បានតាមចាប់លោក រ៉ាត់ រត្នមុនី ដល់ប្រទេសថៃ ដោយចោទថា លោកបានឱ្យលុយតួអង្គទាំងនោះ ដើម្បីនិយាយប្រឌិតសាច់រឿង។ ក៏ប៉ុន្តែតួអង្គម្នាក់នៅក្នុងភាពយន្តឯកសារ "ម្ដាយខ្ញុំ លក់ខ្ញុំ" ធ្លាប់ប្រាប់អាស៊ីសេរីថា នាងមិនបានទទួលលុយកាក់ពីលោក រ៉ាត់ រត្នមុនី ឡើយ ហើយអ្វីដែលនាងបានរៀបរាប់នៅក្នុងភាពយន្តឯកសារនោះ គឺជារឿងពិតផ្ទាល់ខ្លួនរបស់នាង។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត រិះគន់ភាពយឺតយ៉ាវនៃការបញ្ជូនសំណុំរឿងរបស់តុលាការ ពីព្រោះមេធាវីលោក រ៉ាត់ រត្នមុនី បានប្តឹងសាទុក្ខជិត២ ខែទៅហើយ ទើបសំណុំរឿងនេះបានទៅដល់ដៃសាលាឧទ្ធរណ៍។ លោកថា នីតិវិធីយឺតយ៉ាវបែបនេះ ធ្វើឱ្យខាតប្រយោជន៍ជនជាប់ចោទ។ លោកជំរុញឱ្យសាលាឧទ្ធរណ៍ដាក់ថ្ងៃជំនុំជម្រះឱ្យបានឆាប់ បន្ទាប់ពីទទួលបានសំណុំរឿងនេះ៖ «សង្ឃឹមថា សាលាឧទ្ធរណ៍នឹងពិចារណាទម្លាក់ចោលបទចោទប្រកាន់ទៅលើលោក រ៉ាត់ រត្នមុនី ហើយដោះលែងឱ្យគាត់មានសេរីភាពវិញ ពីព្រោះបើយើងមើលទៅលើបញ្ហានៃការចោទប្រកាន់ ហាក់បីដូចជា មិនមានភស្តុតាង និងមូលដ្ឋានគ្រប់គ្រាន់ទេ ព្រោះគាត់គ្រាន់តែជាអ្នកបកប្រែឱ្យសារព័ត៌មានប៉ុណ្ណោះ»។
គិតត្រឹមពេលនេះ ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេលជិត ៩ខែហើយ ហើយតាមអំណាចនៃសាលក្រមតុលាការក្រុងភ្នំពេញ លោកត្រូវជាប់ឃុំបន្តទៅទៀតរហូតគ្រប់រយៈពេល ២ឆ្នាំ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា ការកាត់ទោស លោក រ៉ាត់ រត្នមុនី ធ្វើឱ្យប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ កាន់តែបាត់ទំនុកចិត្តលើប្រព័ន្ធតុលាការកម្ពុជា ពីព្រោះសកម្មជនសិទ្ធិការងាររូបនេះ មិនទទួលបានសវនាការប្រកបដោយយុត្តិធម៌ឡើយ។ ចំណែកក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិវិញ បានថ្កោលទោសតុលាការកម្ពុជាថា កាត់ក្តីរឿងនេះតាមបែបបាយឡុកបាយឡគួរឱ្យអាម៉ាស់ និងគួរឱ្យស្អប់ខ្ពើម។ ក្រុមអង្គការសិទ្ធិមនុស្សបន្ថែមថា សាលក្រមផ្ដន្ទាទោសលោក រ៉ាត់ រត្នមុនី បានធ្វើឱ្យបាត់បង់សុចរិតភាពនៃប្រព័ន្ធតុលាការកម្ពុជាយ៉ាងដំណំ ហើយពួកគេបានទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងសកម្មជនរូបនេះវិញជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
