ក្រុមគ្រួសារ និងអ្នកគាំទ្រលោក រ៉ាត់ រត្នមុនី នៅថ្ងៃពុធទី៦ មីនា នេះ នាំគ្នាទៅលើកបដាតវ៉ានៅមុខស្ថានទូតរុស្ស៊ីជាលើកទី៨ ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលរុស្ស៊ីជួយអន្តរាគមន៍ឱ្យមានការដោះលែងសកម្មជនសិទ្ធិការងាររូបនេះ។ ដូចកាលពីលើកមុនៗដែរ មន្ត្រីស្ថានទូតរុស្ស៊ីមិនបានចេញមកជួបក្រុមអ្នកតវ៉ានោះឡើយ។
ភរិយាលោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្លែងថា ទោះជាគ្មានការឆ្លើយតបពីមន្ត្រីទូតរុស្ស៊ីក្ដី ក៏អ្នកស្រីនៅតែធ្វើសកម្មភាពនេះដដែល ព្រោះដើម្បីតស៊ូមតិឱ្យមានការដោះលែងស្វាមី បន្ថែមលើការតតាំងក្ដីនៅតុលាការ។ អ្នកស្រីនៅតែអះអាងថា រដ្ឋាភិបាលរុស្ស៊ីត្រូវមានចំណែកទទួលខុសត្រូវរឿងនេះ ព្រោះស្វាមីរបស់អ្នកស្រី គឺជាអ្នកបកប្រែឱ្យកាសែត RT (Russia Today) ដែលគាំទ្រដោយដោយក្រុងមូស្គូ (Moscow)៖ «នៅពេលណាដែលការចាប់ខ្លួនអ្នកបកប្រែកាសែតរុស្ស៊ីដាក់គុកបែបនេះ វាបង្ហាញឱ្យឃើញថា កាសែតរបស់រុស្ស៊ីហ្នឹងនឹងពិបាកហើយ លែងអាចធ្វើការងារនៅកន្លែងណាបានទៀតហើយ ពីព្រោះដោយសារតែនឹងគ្មាននរណាអាចធ្វើការជាមួយពួកគេទេ ដោយសារតែធ្វើទៅមានបញ្ហា។ ដូច្នេះរដ្ឋាភិបាលរុស្ស៊ី គឺជាអ្នកបំផ្លាញកាសែតរបស់ខ្លួនឯងតែម្ដង បើកាលណាអត់មានការអន្តរាគមន៍ឱ្យដោះលែងប្ដីខ្ញុំ»។
អាស៊ីសេរីបានទាក់ទងសុំប្រតិកម្មរឿងនេះពីមន្ត្រីស្ថានទូតរុស្សីប្រចាំក្រុងភ្នំពេញចំនួនពីរលើករួចមកហើយ តាមសារអេឡិចត្រូនិក ឬអ៊ីមែល (E-mail) ក៏ប៉ុន្តែមិនទទួលបានការឆ្លើយតបណាមួយឡើយ គិតត្រឹមម៉ោងផ្សាយនេះ។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេលជិត៣ ខែមកហើយ ដោយរងការចោទប្រកាន់ពីបទ “ញុះញង់ឱ្យមានការរើសអើង” ។ បទល្មើសនេះ ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ប្រសិនបើតុលាការសម្រេចឱ្យលោកមានទោសមែននោះ។
អាជ្ញាធររបបក្រុងភ្នំពេញបានចោទសកម្មជនសិទ្ធិការងាររូបនេះ ថា បានឱ្យលុយប្រភព ដើម្បីនិយាយប្រឌិតសាច់រឿងក្នុងភាពយន្តឯកសារជួញដូរផ្លូវភេទ ដែលមានចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ដែលលោកបានជួយផលិតឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។
ទោះជាយ៉ាងណា ក្រៅពីការចោទប្រកាន់នេះ អាជ្ញាធររបបក្រុងភ្នំពេញមិនបានបង្ហាញភស្តុតាងដែលបង្ហាញពីពិរុទ្ធភាពរបស់លោកនោះទេ ខណៈតួអង្គម្នាក់ក្នុងភាពយន្តឯកសារធ្លាប់បានអះអាងថា នាងមិនដែលបានទទួលលុយកាក់ពីលោក រ៉ាត់ រត្នមុនី ដើម្បីនិយាយកុហកនោះឡើយ។
មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ថ្លែងថា លោកបានដាក់បណ្ដឹងសាទុក្ខឱ្យកូនក្តីបាននៅក្រៅឃុំ ទៅសាលាឧទ្ធរណ៍ដើម្បីបញ្ជូនទៅតុលាការកំពូល តាំងពីថ្ងៃទី៦ កុម្ភៈ ក៏ប៉ុន្តែមិនដឹងថា តើបណ្ដឹងនោះទៅដល់ណាហើយនោះទេ ព្រោះតុលាការជាន់ខ្ពស់ទាំងពីរថ្នាក់បានរុញដាក់គ្នា ពេលលោកសួរនាំពីរឿងនេះ។ លោកថា មន្ត្រីសាលាឧទ្ធរណ៍បញ្ជាក់ថា បានបញ្ជូនបណ្ដឹងសាទុក្ខនោះ ទៅតុលាការកំពូលរួចហើយ ក៏ប៉ុន្តែពេលលោកសួរទៅខាងតុលាការកំពូល មន្ត្រីនៅទីនោះបានប្រាប់លោកវិញថា តុលាការកំពូលមិនទាន់ទទួលបានបណ្ដឹងនោះ នៅឡើយទេ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គីមសិទ្ធិ ដើម្បីសួរនាំរឿងនេះបានទេនៅថ្ងៃទី៦ មីនា ចំណែកអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ វិញ ប្រាប់អាស៊ីសេរីថា លោកបានដឹងថា មេធាវីលោក រ៉ាត់ រត្នមុនី បានដាក់បណ្ដឹងសាទុក្ខរួចហើយ ក៏ប៉ុន្តែលោកមិនច្បាស់ថា តើបណ្ដឹងសាទុក្ខនោះ ត្រូវបានបញ្ជូនទៅដល់តុលាការកំពូល រួចហើយ ឬនៅនោះទេ ដោយត្រូវសួរមន្ត្រីថ្នាក់ក្រោមរបស់លោកជាមុនសិន។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា ថ្លែងថា ភាពខ្ជីខ្ជារបស់មន្ត្រីតុលាការ ធ្វើឱ្យបាត់បង់ប្រយោជន៍ និងប៉ះពាល់ដល់សិទ្ធិអ្នកជាប់ឃុំ។ លោកកត់សម្គាល់ថា មន្ត្រីតុលាការខ្លះមិនសូវយកចិត្តទុកដាក់នឹងកិច្ចការរដ្ឋបាលសំណុំរឿងនោះទេ ដូច្នេះលោកស្នើឱ្យមានការកែតម្រូវចំណុចអសកម្មនេះឡើងវិញ៖ «គួរតែផ្លាស់ប្ដូរឥរិយាបថដោយមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្តិច ព្រោះសេរីភាពរបស់មនុស្សត្រូវបានការពារ ដោយច្បាប់កំពូលរបស់ជាតិផង ហើយក៏ការពារដោយច្បាប់អន្តរជាតិផងដែរ។ ដូច្នេះការអនុវត្តច្បាប់ សូមឱ្យអ្នកទាំងអស់នោះមេត្តាយកចិត្តទុកដាក់គិតគូរដើម្បីធ្វើយ៉ាងណាមានការពន្លឿននីតិវិធី ពីព្រោះអ្នកជាប់ឃុំមានការចង់ដឹង ចង់លឺ ចង់បានសេរីភាពរបស់ខ្លួន ក្នុងពេលដែលខ្លួនដាក់ស្នើសុំឆាប់ៗហ្នឹង»។
អ្នកការពារសិទ្ធិមនុស្សរូបនេះ ក៏ជំរុញឱ្យតុលាការក្រុងភ្នំពេញពន្លឿននីតិវិធីលើអង្គសេចក្តីនៃសំណុំរឿងនេះផងដែរ ដើម្បីផ្ដល់យុត្តិធម៌ពិតប្រាកដជូនដល់លោក រ៉ាត់ រត្នមុនី វិញ ព្រោះលោកជឿជាក់ថា សកម្មជនសិទ្ធិការងាររូបនេះមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
