តុលាការខេត្តមណ្ឌលគិរីកោះហៅប៉ូលិស២នាក់ចូលបំភ្លឺរឿងជំរិតប្រាក់ជនជាតិវៀតណាម
2014.07.31
ចៅក្រមស៊ើបសួរតុលាការសាលាដំបូងខេត្តមណ្ឌលគិរី កោះអញ្ជើញមន្ត្រីប៉ូលិសនៃស្នងការដ្ឋានខេត្តពីរនាក់ ឲ្យចូលខ្លួនទៅបំភ្លឺពីការចោទប្រកាន់បទជំរិតទារប្រាក់ ២ម៉ឺនដុល្លារ ពីពលរដ្ឋវៀតណាម អ្នកលួចឆ្លងដែនខុសច្បាប់មកកាប់ឈើក្នុងដីខ្មែរ។
មន្ត្រីប៉ូលិស ២នាក់ នៃស្នងការដ្ឋានប៉ូលិសខេត្តមណ្ឌលគិរី នឹងចូលទៅបំភ្លឺនៅតុលាការខេត្តនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ បន្ទាប់ពីចៅក្រមស៊ើបសួរបានចេញដីកាកោះឲ្យមន្ត្រីទាំងពីរនាក់ចូលខ្លួន។
វរសេនីយ៍ទោ នង ប៊ុនថុង នាយសេនាធិការនៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក ជឹម ទូច ត្រូវបានពលរដ្ឋវៀតណាម មួយរូបចោទប្រកាន់ពីបទជំរិតទារប្រាក់ ៤០០លានដុង ប្រហែល ២ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែងពលរដ្ឋវៀតណាម ពីរនាក់ ដែលមន្ត្រីប៉ូលិសទាំងពីរនាក់ឃាត់ខ្លួន ខណៈលួចឆ្លងដែនចូលមកកាប់ឈើក្នុងដីខ្មែរ។
ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោក ឈិត សុផល ទទួលស្គាល់ថា ក្នុងកំណត់ហេតុសាកសួរជនជាតិវៀតណាម ទាំងពីរនាក់ ដោយមន្ត្រីបរិស្ថាន បន្ទាប់ពីសមត្ថកិច្ចប៉ូលិសបានបញ្ជូនពួកគេមកមន្ត្រីជំនាញ គឺពួកគេបានឆ្លើយបញ្ជាក់ថា ពិតជាមានការជំរិតទារប្រាក់។ យ៉ាងណាក៏ដោយ លោកថាបានកសាងសំណុំរឿងនេះបញ្ជូនទៅស្ថាប័នអយ្យការអស់ហើយ៖ «ចាប់មកហើយ ថាមានទារអីអ៊ីចឹង ខាងមន្ទីរអត់ដឹងទេ គ្រាន់តែខាងវៀតណាម គាត់ឆ្លើយអ៊ីចឹង ពិតមិនពិតខ្ញុំមិនដឹងដែរ»។
ទាក់ទិនរឿងក្តីនេះ ព្រះរាជអាជ្ញារងអមតុលាការខេត្តមណ្ឌលគិរី លោក ជា សុវ៉ាន់ថេត បានចោទប្រកាន់ជនជាតិវៀតណាម ទាំងពីរនាក់ ក្នុងបទឆ្លងដែន និងប្រមូលផលព្រៃឈើខុសច្បាប់ក្នុងដីខ្មែរ។ លោកបញ្ជាក់ថា បានបញ្ជូនសំណុំរឿងពលរដ្ឋវៀតណាម ទាំងពីរនាក់ទៅចៅក្រមស៊ើបសួរបន្ត ក៏ប៉ុន្តែលេចចេញការចោទប្រកាន់បទល្មើសជំរិតទារប្រាក់ ទើបចៅក្រមស៊ើបសួរពន្លាតការសាកសួរទៅលើមន្ត្រីប៉ូលិសទាំងពីរនាក់៖ «លោកចៅក្រមគាត់បានចេញដីកាហ្នឹងសម្រាប់ឲ្យលោកប៉ូលិសទាំងពីរហ្នឹង គាត់ចូលមកបំភ្លឺនៅចំពោះមុខ។ យើងចោទតែជនជាតិវៀតណាម តែប៉ុណ្ណឹងទេ ហើយរឿងប៉ូលិសហ្នឹងគាត់ គឺគាត់អ្នកពន្លាតខ្លួនឯង»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣១ ខែកក្កដា មិនអាចទាក់ទងមន្ត្រីប៉ូលិសទាំងពីរនាក់ សុំអធិប្បាយការចោទប្រកាន់នេះបានទេ។
យ៉ាងណា ស្នងការប៉ូលិសខេត្តមណ្ឌលគិរី លោក ញ៉ែម វ៉ាន់នី ទទួលស្គាល់ថា លោកបានផ្តល់រថយន្តស៊ីរ៉ែនមួយគ្រឿង អន្តរាគមន៍ដឹកជញ្ជូនពលរដ្ឋវៀតណាម ពីរនាក់មកស្នងការដ្ឋានប៉ូលិស តាមសំណើរបស់មន្ត្រីប៉ូលិសដែលបានឃាត់ខ្លួនពួកគេពីបទឆ្លងដែនខុសច្បាប់ មកកាប់ឈើក្នុងដីខ្មែរ។ លោកបន្តថា ចៅក្រមស៊ើបសួរនឹងស្វែងរកអង្គហេតុ និងភស្តុតាងដាក់បន្ទុក មកលើមន្ត្រីប៉ូលិសទាំងពីរនាក់ ប្រសិនពួកគេបានប្រព្រឹត្តដូចការចោទប្រកាន់៖ «ខ្ញុំអត់ហ៊ានអះអាងថា រឿងហ្នឹង តើវាពិតមែន ឬក៏អត់ទេ ព្រោះខ្ញុំហៅសាមីខ្លួនមកសួរ បដិសេធរហូត។ មួយទៀត អ្នកប៉ោងសភាពការណ៍ គឺដោយសារយើងអត់ធ្វើតាមសំណូមពរពួកគាត់យកលុយមកសូក ខ្ញុំបញ្ជាដាច់ខាត ថាអត់បានទេ»។
ជនជាតិវៀតណាម ទាំងពីរនាក់ មានឈ្មោះ ឡេង វ៉ាន់ចាង ភេទប្រុស អាយុ ២៥ឆ្នាំ និងឈ្មោះ វាង តុងបាវ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិទី១០អា (10A) ឃុំដាក់ឡាវ ស្រុកដាក់ម៉ីល ខេត្តដាក់ណុង។ អ្នកទាំងពីរ ត្រូវឃាត់ខ្លួននៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ នៅក្បែរតំបន់ព្រំដែនកម្ពុជាវៀតណាម ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី គ្រាដែលជនជាតិវៀតណាម កំពុងដឹកឈើគគីរតាមរទេះគោយន្ត បំណងឆ្លងចូលដីវៀតណាម៕