តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​លោក អ៊ុំ សំអាន ដាក់​ពន្ធនាគារ​២​ឆ្នាំ​កន្លះ

ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​ស្តាប់​ការ​ប្រកាស​សាលក្រម​ទេ នៅ​រសៀល​ថ្ងៃ​ទី​១០ តុលា។ មេធាវី​ការពារ​ក្តី​លោក អ៊ុំ សំអាន គឺ​លោក ជូង ជូងី ឲ្យ​អាស៊ីសេរី ដឹង​ថា មូលហេតុ​ដែល​ក្រុម​មេធាវី ព្រម​ទាំង​កូន​ក្តី​របស់​លោក​មិន​ចូល​ស្តាប់​ការ​ប្រកាស​សាលក្រម​នៅ​រសៀល​នេះ ដោយសារ​ក្រុម​មេធាវី​យល់​ថា តុលាការ​បំពាន​នីតិវិធី។

ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ហេង សុខណា ឲ្យ​អាស៊ីសេរី ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១០ តុលា នេះ​ថា តុលាការ​សម្រេច​ផ្ដន្ទាទោស​លោក អ៊ុំ សំអាន ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល។

លោក អ៊ុំ សំអាន ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​ញុះញង់​នាំ​ឲ្យ​មាន​ការ​រើសអើង និង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ទាក់ទង​នឹង​ផ្សព្វផ្សាយ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម ក្លែងក្លាយ តាម​មាត្រា​៤៩៥ និង​មាត្រា​៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ បន្ទាប់​ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ខេត្ត​សៀមរាប កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​មេសា។

ទោះ​យ៉ាង​ណា ក្រៅ​តែ​ពី​មិន​ទទួល​ស្គាល់​សាលក្រម​ផ្ដន្ទាទោស​នេះ មេធាវី​ការពារ​ក្តី​ឲ្យ​លោក អ៊ុំ សំអាន គឺ​លោក​មេធាវី ជូង ជូងី នៅ​មិន​ទាន់​អាច​បញ្ជាក់​ថា​នឹង​បន្ត​ប្ដឹង​ទាស់​ការ​សម្រេច​នេះ​ទៅ​សាលា​ឧទ្ធរណ៍ ឬ​យ៉ាង​ណា​នោះ​ទេ។ លោក​ថា ក្រុម​មេធាវី​ត្រូវ​ពិភាក្សា​ជាមួយ​កូន​ក្តី​ជា​មុន​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។