ក្រុម​យុវជន​ស្នើ​តុលាការ​ឲ្យ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ដាក់​ទោស​យុវជន គង់ រ៉ៃយ៉ា

ដោយ យ៉ង ចាន់តារា
2016-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​ចូលរួម​កិច្ច​ពិភាក្សា​អំពី ទស្សនៈ​យុវជន​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​លើ​ករណី​យុវជន គង់ រ៉ៃយ៉ា ដែល​រៀបចំ​ដោយ​អង្គការ​បណ្ដាញ​យុវជន​កម្ពុជា នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់ ក្រុង​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Yang Chandara
យុវជន​ចូលរួម​កិច្ច​ពិភាក្សា​អំពី ទស្សនៈ​យុវជន​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​លើ​ករណី​យុវជន គង់ រ៉ៃយ៉ា ដែល​រៀបចំ​ដោយ​អង្គការ​បណ្ដាញ​យុវជន​កម្ពុជា នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់ ក្រុង​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Yang Chandara
RFA/Yang Chandara

យុវជន​ប្រមាណ ៦០​នាក់ ក្នុង​នោះ​ក៏​មាន​ព្រះសង្ឃ​ផង បាន​ជួប​ជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់ ក្រុង​ភ្នំពេញ ដើម្បី​ពិភាក្សា​គ្នា​អំពី​សេចក្តី​សម្រេច​របស់​តុលាការ​លើ​ករណី​យុវជន គង់ រ៉ៃយ៉ា និង​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់ និង​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​កាត់​ទោស​យុវជន​រូប​នេះ។ ក្រុម​យុវជន និង​ព្រះសង្ឃ​មួយ​ចំនួន អំពាវនាវ​ដល់​តុលាការ​ឲ្យ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ដាក់​ទោស​យុវជន គង់ រ៉ៃយ៉ា។

ការ​កាត់​ទោស​យុវជន គង់ រ៉ៃយ៉ា ឲ្យ​ជាប់​ពន្ធនាគារ ១៨​ខែ ដោយ​តុលាការ​ក្រុង​ភ្នំពេញ នៅ​តែ​ជា​ប្រធានបទ​ក្តៅ ក្នុង​ចំណោម​យុវជន​សកម្ម​មក​ពី​អង្គការ​សង្គម​ស៊ីវិល សាកលវិទ្យាល័យ និង​ព្រះសង្ឃ។

នៅ​ក្នុង​វេទិកា​ពិភាក្សា​រយៈពេល​ជាង ៣​ម៉ោង ស្ដីពី "ទស្សនៈ​យុវជន​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​លើ​ករណី​យុវជន គង់ រ៉ៃយ៉ា" ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​បណ្ដាញ​យុវជន​កម្ពុជា ក្រុម​យុវជន​បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា អ្វី​ដែល លោក គង់ រ៉ៃយ៉ា បង្ហោះ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន មិន​មាន​ចេតនា​ណា​មួយ​ក្នុង​ការ​ញុះញង់​សាធារណជន​ឲ្យ​ធ្វើ​បដិវត្តន៍ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ យល់​ឃើញ​ថា ការ​ដាក់​ទោស​នេះ មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​យុវជន គង់ រ៉ៃយ៉ា នោះ​ទេ ពីព្រោះ​ខ្លឹមសារ​ដែល​រូប​គេ​បង្ហោះ​តាម​ហ្វេសប៊ុក មិន​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​បទ​ចោទ​នោះ​ឡើយ។ លោក ទឹម ម៉ាឡៃ គិត​ថា ការ​អប់រំ​ណែនាំ ជា​ជម្រើស​ប្រសើរ​សម្រាប់​ដាក់​ទោស​ទណ្ឌ​យុវជន គង់ រ៉ៃយ៉ា ដែល​មិន​មែន​ជា​ការ​កាត់​ទោស​ដាក់​ពន្ធនាគារ​នោះ​ឡើយ៖ «គ្រាន់​តែមាន​ការ​អប់រំ ការ​ចុះ​ហត្ថលេខា និង​ព្រមាន​គាត់​ថា​មិន​គួរ​ធ្វើ​អ៊ីចឹង​ទៀត​នៅ​ថ្ងៃ​ក្រោយ វា​ជា​ការ​សមរម្យ​ណាស់​ទៅ​ហើយ​សម្រាប់​ពលរដ្ឋ​ខ្មែរ ដើម្បី​ឲ្យ​គាត់​ចេះ​ប្រើប្រាស់​បណ្ដាញ​ហ្វេសប៊ុក​ដោយក្រម​សីលធម៌»

កាល​ពី​ថ្ងៃ​ទី​១៥ មីនា កន្លង​ទៅ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​យុវជន គង់ រ៉ៃយ៉ា ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ក្រោយ​ពេល​យុវជន​រូប​នេះ​លើក​ឡើង​អំពី​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៥ ដោយ​មាន​ខ្លឹមសារ​ថា «តើ​មាន​បង​ប្អូន​ណា​ហ៊ាន​ធ្វើ​បដិវត្ត​ពណ៌​ជាមួយ​ខ្ញុំ​ទេ? ថ្ងៃ​ណា​មួយនៅ​ពេលខាង​មុខ​នេះ ខ្ញុំ​នឹង​ធ្វើ​បដិវត្ត​ពណ៌ ដើម្បី​ផ្លាស់ប្ដូរ​របប​ដ៏​ថោកទាប​មួយ​នេះ​ចេញ​ពី​សង្គម​ខ្មែរ ទោះ​បី​ជា​ត្រូវ​ជាប់​គុក ឬ​ស្លាប់​ក៏ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ»

បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ម្នាក់ គឺ​កញ្ញា សែម នីតា ថ្លែង​ថា ការ​ដាក់​ទោស​យុវជន គង់ រ៉ៃយ៉ា ១៨​ខែ ហាក់​ដូចជា​ធ្ងន់ធ្ងរ​ពេក ដោយ​គ្រាន់​តែ​រូប​គេ​បញ្ចេញ​យោបល់ និង​សួរ​សំណួរ​អំពី​បដិវត្តន៍​ពណ៌​ទៅ​កាន់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត ខណៈ​រូប​គេ​មិន​មាន​ឥទ្ធិពល​អ្វី​អាច​កៀរគរ​មនុស្ស​មក​ធ្វើ​បដិវត្តន៍​បាន​នោះ។ កញ្ញា សែម នីតា ចង់​ឃើញ​តុលាការ​កម្ពុជា ចាត់​ការ​រឿង​នេះ​ដោយ​ត្រឹមត្រូវ និង​ផ្តល់​យុត្តិធម៌​ដល់ លោក គង់ រ៉ៃយ៉ា៖ «បើ​សិន​ជា​អាច សូម​តុលាការ​ធ្វើ​ការ​សម្រេច​ចិត្ត​ក្តី​សាឡើងវិញ ហើយ​សូម​ឲ្យ​ប្រមូល​ព័ត៌មាន និង​ភស្តុតាង​អ្វី​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ពិត​ជា​អ៊ីចឹង​មែន»

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន អះអាង​ថា គ្មាន​នរណា​ម្នាក់​អាច​លូក​ដៃ​ធ្វើ​អន្តរាគមន៍ ដើម្បី​បន្ធូរ​បន្ថយ​ទោស ឬ​ដោះ​លែង​យុវជន គង់ រ៉ៃយ៉ា បាន​ឡើយ ព្រោះ​វា​ជា​កិច្ចការ​របស់​តុលាការ។ ទោះ​បី​ជា​បែប​នេះ​ក្តី លោក ជិន ម៉ាលីន ពន្យល់​ថា មាន​មធ្យោបាយ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ដែល​អាច​ឲ្យ​យុវជន គង់ រ៉ៃយ៉ា ទទួល​បាន​ការ​លើក​លែង ឬ​បន្ធូរ​បន្ថយ​ទោស​បាន គឺ​ការ​ប្រើប្រាស់​យន្តការ​ច្បាប់​ប្ដឹង​ទៅ​តុលាការ​ជាន់​ខ្ពស់​ជា​បន្ត​ទៀត ហើយ​ដែល​នេះ​ជា​កិច្ចការ​របស់​មេធាវី​ភាគី​ពាក់ព័ន្ធ និង​យុវជន គង់ រ៉ៃយ៉ា ខ្លួន​ឯង​ផ្ទាល់៖ «ធ្វើ​ការ​ប្តឹងផ្តល់​បន្ត​ទៀត ហើយ​ត្រូវ​ស្វែងរក​ភស្តុតាង អំណះអំណាង ឬ​ក៏​ទឡ្ហីករណ៍​ថ្មី​ណា ដើម្បី​បង្ហាញ​ថា គាត់​មាន​លទ្ធភាព​អាច​ទទួល​បាន​ការ​សម្រាល​ទោស​ជាង​នេះ ឬ​រួច​ផុត​ពីការ​ចោទ​ប្រកាន់។ នេះ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​គាត់​អាចធ្វើ​បាន»

រហូត​មក​ទល់​ពេល​នេះ ក្រុម​គ្រួសារ​របស់​យុវជន គង់ រ៉ៃយ៉ា មិន​ទាន់​ប្រាកដ​ទេ​ថា នឹង​ត្រូវ​ប្ដឹង​បន្ត​ទៅ​សាលា​ឧទ្ធរណ៍​នៅ​ពេល​ណា​នៅ​ឡើយ។

ការ​ផ្ដន្ទាទោស​យុវជន គង់ រ៉ៃយ៉ា ដាក់​ពន្ធនាគារ ១៨​ខែ​នេះ ធ្វើ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា កាន់​តែ​ខ្លាំង ថា​មិន​ឯករាជ្យ និង​រង​ឥទ្ធិពល​នយោបាយ។ ពួក​គេ​ថែម​ទាំង​ចោទ​ប្រកាន់​ទៀត​ថា ការ​កាត់​ទោស​អ្នក​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​ទំនាក់ទំនង ដូចជា ហ្វេសប៊ុក ជាដើម បូក​រួម​នឹង​ការ​បង្កើត​ច្បាប់​មួយ​ចំនួន​ដូចជា ច្បាប់​សហជីព ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល សុទ្ធតែ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បំបិទ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល