ប្រធានពន្ធនាគារខេត្តកណ្ដាល លោក ចាត ស៊ីនាង ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួនអ្នកទោសម្នាក់ ឈ្មោះ ម៉ាត ត្រេះ ដែលបានផ្លោះរបងបន្លាលួស រត់ចេញពីពន្ធនាគារខេត្ត កាលពីថ្ងៃទី២៨ សីហា។
ប្រធានពន្ធនាគាររូបនេះឱ្យដឹងថា ជនជាប់ឃុំឈ្មោះ ម៉ាត ត្រេះ បានផ្លោះឡើងលើពីជញ្ជាំងបន្លាលួសពន្ធនាគារខេត្តកណ្ដាល ក្នុងពេលសមត្ថកិច្ចចាក់សោបន្ទប់ អនុញ្ញាតឱ្យជនជាប់ឃុំនោះ ចេញមកហាត់ប្រាណ និងងូតទឹក។ លោកបន្តថា អ្នកទោសរូបនោះ លោតចេញតាមជញ្ជាំងរបងពន្ធនាគារ ហើយឆ្មាំពន្ធនាគារបានឃើញ និងចុចកណ្ដឹងប្រកាសឱ្យតាមចាប់។ ឆ្មាំពន្ធនាគារបានដេញតាមចាប់នៅក្រៅពន្ធនាគារដែរ តែអ្នកជាប់ឃុំនោះ រត់លឿន ហើយគេចខ្លួនទៅបាត់។
លោក ចាត ស៊ីនាង ប្រាប់ថា ខាងពន្ធនាគារបានជូនដំណឹងទៅតំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងអភិបាលខេត្តកណ្ដាលរួចហើយ ដើម្បីស្វែងរកចាប់ខ្លួនត្រលប់មកវិញ។ លោកឱ្យដឹងបន្ថែមថា អ្នកទោស ដែលរត់គេចខ្លួននោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ សីហា នៅស្រុកមុខកំពូល ពីបទលួចទូរស័ព្ទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។