អ្នកវិភាគ និងអ្នកជំនាញចាត់ទុកការរកឃើញរបស់គម្រោងយុត្តិធម៌ពិភពលោក (WJP) ដែលបានដាក់ចំណាត់ថ្នាក់នីតិរដ្ឋនៅកម្ពុជាឱ្យស្ថិតនៅបាតតារាងជាថ្មីម្ដងទៀតក្នុងឆ្នាំ២០២២ នេះថាបានឆ្លុះបញ្ចាំងពីស្ថានភាពពិត។
គម្រោងយុត្តិធម៌ពិភពលោក របស់បណ្ដុំអង្គការអន្តរជាតិច្រើនបានរកឃើញថាកម្ពុជាបានធ្លាក់ពិន្ទុ បន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះ ដែលធ្វើឱ្យប្រទេសក្រីក្រមួយនេះជាប់ចំណាត់ស្ទើរចុងប៉ូចគេផ្នែកនីតិរដ្ឋ គឺចំណាត់ថ្នាក់១៣៩ ក្នុងចំណោម១៤០ប្រទេស។
អ្នកវិភាគនយោបាយ អ្នកសិក្សាច្បាប់ និងមន្ត្រីអង្គការសង្គមស៊ីវិលអះអាងថា រដ្ឋាភិបាលមិនគួរប្រកែក ឬបដិសេធចោលចំណាត់ថ្នាក់នីតិរដ្ឋ ដែលរកឃើញដោយគម្រោងយុត្តិធម៌ពិភពលោកថាបន្តធ្លាក់ចុះបន្តទៀតនេះ ព្រោះស្ថានភាពជាក់ស្ដែងបានបង្ហាញច្បាស់លាស់ណាស់ទៅហើយ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សេង សារី ចង្អុលបង្ហាញថាកម្ពុជាមិនអាចបានចំណាត់ថ្នាក់គ្រាន់បើក៏ដោយសារតែនីតិមាត់នៅតែជាស្នូល នៃការអនុវត្តច្បាប់ជំនួសឱ្យពាក្យថា នីតិរដ្ឋ។
លោក សេង សារី៖«ប្រព័ន្ធតុលាការកម្ពុជាឬក៏ប្រព័ន្ធយុត្តិធម៌កម្ពុជាហ្នឹងគឺត្រូវបានពលរដ្ឋមិនមែនតែអន្តរជាតិទេ សូម្បីតែពលរដ្ឋខ្លួនឯងហ្នឹងក៏មិនទទួលស្គាល់ ឬឹងតែមិនហ៊ានប្រើសេវាយុត្តិធម៌របស់ជាតិទៅទៀត រហូតដល់អ្នកស្រុកមួយចំនួនហ្នឹង ឆ្លើយថា ប្រសិនបើមានជម្លោះអីល្មមៗ ឬមានជម្លោះគ្នាដាច់ខាតកុំទៅឡើងតុលាការ»។
ការលើកឡើងរបស់អ្នកវិភាគនេះធ្វើឡើងក្រោយគម្រោងយុត្តិធម៌ពិភពលោក កាលពីថ្ងៃទី២៦ ខែតុលា ដែលបង្ហាញថា ពិន្ទុនៃការគោរពនីតិរដ្ឋនៅកម្ពុជាធ្លាក់ចុះចំនួន ២% ពីឆ្នាំចាស់ ដែលធ្វើឱ្យកម្ពុជាបានចំណាត់ថ្នាក់ទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក គឺធ្លាក់ទៅលេខរៀងទី ១៥ ក្នុងចំណោម ១៥ប្រទេស។ ចំណែកចំណាត់ថ្នាក់ក្នុងពិភពលោកវិញ កម្ពុជាបានចំណាត់ថ្នាក់បាតតារាងគឺនៅ ទី១៣៩ ក្នុងចំណោម ១៤០ប្រទេស គឺគ្រាន់បើតែជាងប្រទេស វេណេហ្ស៊ុយអេឡា ( Venezuela) តែមួយប៉ុណ្ណោះ។
កាលពីឆ្នាំ ២០២១ ចំណាត់ថ្នាក់នីតិរដ្ឋនៅកម្ពុជាទាបនៅបាតតារាងដែរ គឺលេខរៀង ១៣៨ ក្នុងចំណោមប្រទេសចំនួន ១៣៩ ។
របាយការណ៍ស្ដីពីសន្ទស្សន៍នីតិរដ្ឋប្រចាំឆ្នាំ ២០២២ របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) ដដែលបង្ហាញថា ប្រទេសដែលគោរពនីតិរដ្ឋល្អជាងគេបំផុត គឺប្រទេសដាណឺម៉ាក (Denmark) ទី២ គឺប្រទេសន័រវែ (Norway) បន្ទាប់មក ហ្វាំងឡង់ (Finland) និងស៊ុយអែត (Sweden) ។ ផ្ទុយពីនេះប្រទេសដែលមានការគោរពនីតិរដ្ឋទាបជាងគេបំផុតនៅលើពិភពលោក គឺប្រទេស វ៉េណេស៊ុយអេឡា (Venezuela) ហើយទី២គឺកម្ពុជា បន្ទាប់មកគឺអាហ្វហ្គានីស្ថាន (Afghanistan)។
ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក ជិន ម៉ាលីន បានសរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃទី៣០ ខែតុលា ថា របាយការណ៍នេះកុហកមិនឱ្យគេជឿតែម្តង។ លោកថា ប្រទេសខ្លះដែលលោកសុំមិនបញ្ចេញឈ្មោះ កំពុងមានបញ្ហាសង្គ្រាម និងវិបត្តិជនភៀសខ្លួន ប្រទេសខ្លះទៀតមានបក្សតែមួយមិនមានការបោះឆ្នោត ប្រទេសមួយចំនួនទៀតដឹកនាំដោយរបបយោធា និងរដ្ឋប្រហារ តែបែរជាទទួលបានចំណាត់នៅលើកម្ពុជាទៅវិញ។
លោក ជិន ម៉ាលីន បានអះអាងដដែលៗបែបនេះជាច្រើនឆ្នាំជាប់ៗគ្នាមកហើយ។ លោកថែមទាំងធ្លាប់អះអាងថា នឹងជួបជជែកជាមួយតំណាងអង្គការគម្រោងយុត្តិធម៌ពិភពលោកនេះទៀត ប៉ុន្តែពុំមានព័ត៌មានថា តើលោកបានជួបតំណាងណាម្នាក់នៅឡើយទេមកដល់ពេលនេះ។
បើទោះជាយ៉ាងណា របាយការណ៍របស់ WJP បានបង្ហាញច្បាស់ពីកត្តាចម្បងៗចំនួន៨ ដែលកំណត់ពិន្ទុដំណើរការសន្ទស្សន៍នីតិរដ្ឋ ក្នុងនោះរួមមាន ដែនកំណត់អំណាចរដ្ឋាភិបាល ការលុបបំបាត់អំពើពុករលួយ រដ្ឋាភិបាលបើកទូលាយ សិទ្ធិជាមូលដ្ឋាន សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម ការពង្រឹងការអនុវត្តច្បាប់ យុត្តិធម៌ផ្នែករដ្ឋប្បវេណី និងយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ។ គ្រប់ចំណុចគន្លឹះទាំងនេះកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់បាតតារាងស្ទើរតែទាំងអស់ គឺចន្លោះពី១៣៥ ទៅ១៤០ ក្នុងចំណោម១៤០ប្រទេស។ ក្រៅពីនេះផ្នែកសណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម កម្ពុជាស្ថិតនៅកម្រិតមធ្យមគឺនៅចំណាត់ថ្នាក់ទី ៩៩។
ត្រង់ចំណុចដែនកំណត់អំណាចរដ្ឋាភិបាល និងរដ្ឋាភិបាលបើកទូលាយ លោក បណ្ឌិត សេង សារី បញ្ជាក់ថា ការបែងចែកអំណាចរវាងស្ថាប័នរដ្ឋាភិបាល រដ្ឋសភា និងតុលាការមានតែនៅលើក្រដាសប៉ុណ្ណោះ ការអនុវត្តជាក់ស្ដែង បុរសខ្លាំង លោក ហ៊ុន សែន អាចប្រើប្រាស់ស្ថាប័នទាំង ៣នេះបានដោយងាយ។
សេង សារី៖«ច្បាប់ទាំងឡាយណា ដែលបង្កើតឡើង ដោយសភាឯកបក្ស ឬច្បាប់ទាំងឡាយណា ដែលបង្កើតឡើង ដើម្បីឆ្លើយតបទៅហ្នឹងតម្រូវការរបស់ក្រុមណាមួយដែលមិនឆ្លើយតបនឹងត្រូវការរួមរបស់ជាតិ អាហ្នឹងគេរាប់ថា ជានីតិមាត់ផងដែរ»។
លោក សេង សារី រម្លឹកទៀតថា មេដឹកនាំរដ្ឋាភិបាលអាចប្រើរដ្ឋសភាឯកបក្សឱ្យកែប្រែច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីប្រយោជន៍ក្រុមបក្សកាន់អំណាចតែមួយមុខគត់។
ជាអាទិ៍រដ្ឋសភាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០ កាលពីខែកក្កដា កន្លងទៅ ដែលមានខ្លឹមសារកាត់បន្ថយអំណាចរដ្ឋសភាខ្លួនឯង។
បើទោះជាមានការវាយតម្លៃថា មេដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នរំលោភអំណាចសភាក្ដី ក៏លោក ហ៊ុន សែន នៅតែមានមុខអួតអាងជាសាធារណៈថារដ្ឋសភាកម្ពុជាមានអំណាចជាងប្រទេសមួយចំនួនរាប់ទាំងប្រទេសអង់គ្លេស និងម៉ាឡេស៊ី (Malaysia) ព្រោះការបង្កើតរដ្ឋាភិបាលត្រូវទៅសុំការទុកចិត្តពីរដ្ឋសភា។
យ៉ាងណាក្ដីមកដល់ពេលនេះអំណាចនៅតែស្ថិតក្នុងដៃលោកនាយករដ្ឋមន្ត្រីដដែលព្រោះសមាជិកសភាឯកបក្សទំនងមិនហ៊ានក្អកនឹង លោក ហ៊ុន សែន តទៅទៀតដែរព្រោះច្បាប់បោះឆ្នោតកំណត់ថា ពួកគេអាចបាត់បង់សមាជិកភាពពីសភា ប្រសិនបើបាត់បង់សមាជិកភាពពីគណបក្ស។
ងាកមកបញ្ហាសិទ្ធិសេរីភាពមូលដ្ឋានវិញប្រធានសមាគមអាដហុក (Adhoc) លោក នី សុខា គូសបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះរបាយការណ៍អង្គការជាតិ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង សុទ្ធតែបានរកឃើញថាសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ សិទ្ធិនយោបាយបានធ្លាក់ចុះ។ លោកបន្តថា កម្ពុជាត្រូវហ៊ានទទួលស្គាល់ពីការធ្លាក់ចុះនេះ ទើបអាចរកផ្លូវត្រូវឃើញ។
លោក នី សុខា៖«ដូច្នេះប្រសិនបើមានការអះអាងពីរដ្ឋាភិបាលថា ជាអ្វីដែលពុំបានឆ្លុះបញ្ចាំងការពិត អ៊ីចឹងយើងឃើញហើយអ្នកជំនាញទាំងអស់ ទាំងអ្នកជំនាញជាតិ ទាំងអន្តរជាតិ លើវិស័យសិទ្ធិមនុស្ស លើវិស័យច្បាប់ទាំងអស់ហ្នឹង អ៊ីចឹងសុទ្ធតែអ្នកទាំងអស់ហ្នឹងហាក់ដូចជាមិនមានជំនាញសម្រាប់ធ្វើការរឿងហ្នឹងនេះបើយើងទាញបញ្ច្រាសទៅវិញ ហ្នឹងបើយើងក្រឡេកទៅមើលអីចឹងវិញ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះបញ្ជាក់ទៀតថា ការរំលោភបំពានសិទ្ធិសេរីភាពពលរដ្ឋកើតឡើងជាទូទៅ ព្រោះការបង្ក្រាបការជួបប្រជុំកើតមានហូរហែនៅតាមដងផ្លូវ។ ចំណែកការរំលោភសិទ្ធិនយោបាយមិនបានថមថយទេចាប់តាំងពីការរម្លាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។ សកម្មជននយោបាយ សកម្មជនសង្គម អ្នកការពារសិទ្ធិមនុស្សត្រូវគេលបវាយធ្វើបាប សម្លាប់ និងកាត់ទោសឱ្យជាប់ពន្ធនាគារទាំងក្រុមៗ ដោយសារនិន្នាការនយោបាយ និងការអនុវត្តសេរីភាពបញ្ចេញមតិរបស់ពួកគេ។
រីឯនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា បញ្ហាអំពើពុករលួយនៅតែបន្តចាក់ឫសតាំងពីថ្នាក់ជាតិដល់កម្រិតមូលដ្ឋាន។ លោកមើលឃើញថា អំពើពុករលួយ ដែលមិនបានដោះស្រាយសោះគឺអំពើពុករលួយផ្នែកនយោបាយ ហើយបញ្ហានេះអាចបន្តកើនឡើងនៅពេលកម្ពុជាត្រៀមសម្រាប់ការបោះឆ្នោតជាតិនៅក្នុងឆ្នាំ២០២៣។
លោក ប៉ិច ពិសី៖«(អំពើពុករលួយ)ផ្នែកនយោបាយសំដៅទៅលើការធ្វើការប្រទាក់ក្រឡាគ្នារវាងអ្នកដែលមានអំណាចហើយនិងអ្នកដែលមានផលប្រយោជន៍ដទៃទៀត ដើម្បីកេងប្រវ័ញ្ចប្រយោជន៍សាធារណៈ ហើយធានាថា ពួកគាត់នៅតែប្រើប្រាស់អំពើពុករលួយនៅក្នុងការបន្តដឹកនាំរដ្ឋផ្សេងៗ»។
ចំណែកនៅក្នុងផ្នែកការពង្រឹងការអនុវត្តច្បាប់ ការធានាយុត្តិធម៌សម្រាប់ពលរដ្ឋវិញ អ្នកសិក្សាច្បាប់ លោក វ៉ន ចាន់ឡូត វិញមានទស្សនៈថា ពលរដ្ឋទូទៅពិបាកនឹងទទួលបានយុត្តិធម៌ពីស្ថាប័នតុលាការ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ លោកថា ចាំបាច់ដែលត្រូវកែប្រែប្រព័ន្ធតុលាការ ប្រព័ន្ធយុត្តិធម៌ ដែលជោគជាំដោយអំពើពុករលួយ និងស្ថិតក្រោមឥទ្ធិពលអ្នកនយោបាយ។
លោក វ៉ន ចាន់ឡូត៖«មានតែការគោរពទៅតាមរដ្ឋធម្មនុញ្ញដោយក្នុងនោះគឺត្រូវប្រគល់ នូវអំណាចតុលាការទៅឱ្យឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមជាអ្នកធ្វើការទៅលើហ្នឹង»។
គម្រោងយុត្តិធម៌ពិភពលោកបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា គេបានចុះស្រាវជ្រាវផ្ទាល់នៅកម្ពុជា ដោយពិនិត្យស្ថានភាពជាក់ស្ដែង និងបានសាកសួរគ្រួសារខ្មែរជាង១ពាន់គ្រួសារ រួមនឹងអ្នកជំនាញតាមវិស័យផ្សេងៗជាច្រើននាក់ផ្សេងទៀត។
បើទោះបីជាមានការរកឃើញរបស់គម្រោងយុត្តិធម៌ពិភពលោក រួមនឹងតឹកតាង ដែលអ្នកសិទ្ធិមនុស្ស និងអ្នកជំនាញបានជួបប្រទះជាក់ស្ដែងក៏ដោយក៏របាយការណ៍ ដែលសំដៅដល់ការរិះគន់ការដឹកនាំនៅពេលបច្ចុប្បន្ននេះមិនត្រូវរដ្ឋាភិបាលស្វាគមន៍ ដើម្បីយកទៅកែតម្រូវធ្វើឱ្យស្ថានភាពបានប្រសើរឡើយ ក្នុងនោះរួមទាំងការរកឃើញរបស់អង្គការសហប្រជាជាតិផង។
ទាក់ទងនឹងផលវិបាកពីទម្លាប់បដិសេធមិនទទួលការរិះគន់ដោយរបាយការណ៍របស់ស្រាវជ្រាវទាំងជាតិនិងអន្តរជាតិនេះ អ្នកស្រាវជ្រាវវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា មើលឃើញថា កម្ពុជាអាចជួបផលវិបាកជាច្រើន ទាំងផ្នែកការទូត និងពាណិជ្ជកម្ម នៅពេល ដែលបន្តបដិសេធចោលរបាយការណ៍ ដែលមានលក្ខណៈវិទ្យាសាស្ត្របែបនេះ។
លោក វណ្ណ ប៊ុនណា៖«ក្រុមហ៊ុនដែលនៅក្នុងប្រទេសជឿនលឿន ឬក៏គេគោរពច្បាប់ច្រើន គេនឹងខ្លាចរអាណាស់ក្នុងការទៅវិនិយោគនៅក្នុងប្រទេសដែលវិនិយោគទន់ខ្សោយ។ នេះជាការប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីករទាក់ទាញផ្នែកវិនិយោគទុនពីបរទេស។ ទី២ប្រសិនបើជានៅក្នុងដែលគេហៅថាការសហការរវាងបណ្ដាប្រទេសលោកសេរីហ្នឹងប្រសិនបើប្រព័ន្ធច្បាប់នៅប្រទេសមួយហ្នឹងមិនដំណើរការល្អទេ ការសហការតាមបែបការទូតហ្នឹងក៏គេមិនសូវឱ្យតម្លៃដែរ»។
ជារួមទាំងអ្នកវិភាគនឹងអ្នកជំនាញនៅតែទទូចដល់រដ្ឋាភិបាលឱ្យពិចារណាដោះស្រាយបញ្ហាទៅតាមការរកឃើញរបស់អង្គការជាតិនឹងអន្តរជាតិ ហើយចំណុចគន្លឹះដែលត្រូវកែប្រែបន្ទាន់នោះគឺការងាកមកប្រកាន់យកការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ ជាគោល ដើម្បីផលប្រយោជន៍ជាតិជាធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។