អ្នកជំនាញកិច្ចការច្បាប់ និងនយោបាយលើកឡើងថា ចៅក្រមខ្មែរគួរតែហ៊ានប្រឈមមុខនឹងសម្ពាធពីអ្នកមានអំណាច ឬអ្នកនយោបាយ ដើម្បីរក្សាតម្លៃ និងកិត្តិយសរបស់ខ្លួន។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីចៅក្រមម្នាក់នៅប្រទេសថៃ ដែលជាប្រទេសជិតខាងកម្ពុជា បានប៉ុនប៉ងធ្វើអត្តឃាតដើម្បីរក្សាកិត្តិយសរបស់ខ្លួន ក្រោយរងសម្ពាធឱ្យផ្ដន្ទាទោសជនសង្ស័យ ទាំងដែលតុលាការគ្មានភស្តុតាងគ្រប់គ្រាន់បង្ហាញពីទោសកំហុសរបស់ពួកគេ។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ កោតសរសើរចៅក្រមថៃម្នាក់ដែលប្រកាន់ខ្ជាប់នូវសតិសម្បជញ្ញៈរបស់ខ្លួន ហ៊ានប្រឈមមុខនឹងសម្ពាធពីអ្នកមានអំណាច។ លោកបន្តថា ចៅក្រមគ្រប់រូបត្រូវតែមានសីលធម៌ល្អ ចរិតរឹងមាំ និងគោលការណ៍ច្បាស់លាស់ ទើបសក្ដិសមជាអ្នកកាត់ក្តី និងរកយុត្តិធម៌ពិតប្រាកដដល់មនុស្សគ្រប់គ្នា៖ «ជនជាតិដែលមានសម្បជញ្ញៈខ្ពស់ មានចរិតរឹងមាំ មានសីលធម៌ខ្ពស់ ជួនកាលគេត្រូវតែលះបង់អ៊ីចឹង ដើម្បីកែប្រែប្រព័ន្ធ ឬមួយក៏ផ្ទាល់ខ្លួនគេ ធ្វើអ្វីមិនកើត គេលាឈប់តែម្ដង»។
កាលពីថ្ងៃទី៤ តុលា កន្លងទៅ ចៅក្រមថៃម្នាក់ឈ្មោះ កាណាកន ភានឆាណា (Kanakorn Pianchana) ដែលបម្រើការនៅតុលាការខេត្តយ៉ាឡា (Yala) ស្ថិតនៅភាគខាងត្បូងប្រទេសថៃ បានយកកាំភ្លើងបាញ់ដើមទ្រូងខ្លួនឯងក្នុងបំណងធ្វើអត្តឃាត ក៏ប៉ុន្តែជាសំណាងល្អ ត្រូវក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា។ សារព័ត៌មានថៃ និងបរទេសផ្សាយថា ចៅក្រមរូបនោះត្រូវបានគេដាក់សម្ពាធឱ្យប្ដូរសាលក្រមពីគ្មានទោស ទៅជាសាលក្រមមានទោសក្នុងរឿងក្ដីមួយដែលមនុស្សចំនួន៣ នាក់ ត្រូវបានកាត់ទោសប្រហារជីវិត និង ២នាក់ទៀតត្រូវជាប់ពន្ធនាគារ។
នៅមុនការបាញ់ប្រហារខ្លួនឯងនេះ ចៅក្រម កាណាកន ភានឆាណា បានបង្ហោះសារនៅលើបណ្ដាញសង្គមថា ចៅក្រមដទៃទៀតនៅតុលាការជាន់ទាប ក៏ដូចជារូបលោកដែរ គឺត្រូវរងសម្ពាធពីចៅក្រមតុលាការជាន់ខ្ពស់នៅពេលសម្រេចសេចក្ដី។ លោកថ្លែងទៀតថា បើលោកមិនអាចគោរពតាមពាក្យសម្បថបានទេនោះ លោកសុខចិត្តស្លាប់ ប្រសើរជាងរស់នៅដោយគ្មានកិត្តិយស។ លោកបានជំរុញឱ្យសមាជិកសភាថៃកែប្រែច្បាប់ ដោយហាមឃាត់ចៅក្រមតុលាការជាន់ខ្ពស់មិនឱ្យពិនិត្យមើលសាលក្រមរបស់ចៅក្រមតុលាការជាន់ទាប មុនពេលសាលក្រមនោះត្រូវប្រកាសនៅក្នុងតុលាការ។
បណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា ចៅក្រមខ្មែរស្ថិតក្នុងប្រព័ន្ធមួយបែបកុម្មុយនិស្ត ដូច្នេះពួកគេមិនអាចសម្រេចសេចក្ដីដោយឯករាជ្យ និងសម្បជញ្ញៈបានឡើយ ជាពិសេសក្ដីក្ដាំដែលមានចរិតនយោបាយ។ លោកថ្លែងទៀតថា ចៅក្រមខ្មែរភាគច្រើនជាសមាជិកគណបក្សកាន់អំណាច ដូច្នេះការកាត់ក្តីចំពោះសំណុំរឿងធំៗ ចៅក្រមទាំងនោះនឹងធ្វើតាមការចង់បានរបស់គណបក្ស ដូចជាករណីតុលាការកំពូលកាត់ក្តីរំលាយគណបក្សសង្គ្រោះជាតិជាដើម។
ទោះជាយ៉ាងណា លោកថា ប្រសិនបើចៅក្រមមិនអាចធ្វើតាមសតិសម្បជញ្ញៈ និងវិជ្ជាជីវៈរបស់ខ្លួនបានទេនោះ ពួកគេគួរតែក្លាហានក្នុងការលាលែងពីតំណែង ដើម្បីរក្សាតម្លៃ និងកិត្តិយសរបស់ខ្លួន៖ «ចៅក្រមខ្មែរបានទទួលការអប់រំខាងច្បាប់ ហើយទៅធ្វើជាចៅក្រមហ្នឹង។ នៅក្នុងប្រព័ន្ធកុម្មុយនិស្ត គេបង្ហាត់បង្ហាញជាស្រេច គឺត្រៀមខ្លួនស្រេចគឺថា អត់ឯករាជ្យទេ។ ចៅក្រមត្រូវតែអនុវត្តគោលនយោបាយរបស់បក្ស ខ្ញុំដឹងច្បាស់ត្រង់ហ្នឹង។ ម្ល៉ោះហើយ អាហ្នឹងវាបាត់បង់ជំហររឹងប៉ឹងរបស់ខ្លួន ប្រកាន់គោលការណ៍អ្វីក៏លែងប្រកាន់គោលការណ៍កើតហើយ សម្របសម្រួលទៅវិញទៅ»។
អាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក សំ ប្រជាមានិត បានទេនៅថ្ងៃទី៦ តុលា ដោយលោកមិនលើកទូរស័ព្ទ។
កម្ពុជាបានជាប់ឈ្មោះថា ជាប្រទេសមិនគោរពនីតិរដ្ឋដោយសារតែស្ថាប័នកំពូលទាំង ៣ របស់ជាតិ ត្រូវបានដាក់ឱ្យស្ថិតក្រោមការបង្គាប់បញ្ជាពីបុគ្គលតែម្នាក់ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្របពេលតុលាការត្រូវបានរកឃើញថា ជាស្ថាប័នដែលពុករលួយជាងគេ និងខ្វះភាពឯករាជ្យពិតប្រាកដ។
ជាងនេះទៅទៀត តុលាការបានក្លាយជាអាវុធដ៏មានប្រសិទ្ធភាពសម្រាប់របបលោក ហ៊ុន សែន ក្នុងការកម្ចាត់សំឡេងប្រឆាំង និងសំឡេងឯករាជ្យនៅកម្ពុជា។ ជាឧទាហរណ៍ ក្រោមការបង្គាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តុលាការបានចាប់ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា ដាក់ពន្ធនាគារ រំលាយចោលគណបក្សសង្គ្រោះជាតិ និងបិទសិទ្ធិសេរីភាពរបស់មន្ត្រីបក្សប្រឆាំងចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំទៀតផង។ ក្រៅពីនេះ មន្ត្រីអង្គការសង្គមស៊ីវិល សហជីព អ្នកសារព័ត៌មាន និងពលរដ្ឋជាច្រើន ក៏ត្រូវបានតុលាការចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនដាក់ពន្ធនាគារ ក្រោមបទចោទមិនសមហេតុផល និងគ្មានមូលដ្ឋានត្រឹមត្រូវផងដែរ។
ក្រុមអ្នកសង្កេតការណ៍ពិនិត្យឃើញថា មូលហេតុសំខាន់ដែលតុលាការកម្ពុជាមិនអាចចេញរួចពីឥទ្ធិពលនយោបាយនេះ គឺដោយសារតែមន្ត្រីតុលាការតាំងពីថ្នាក់ទាប ដល់ថ្នាក់ខ្ពស់ សុទ្ធសឹងតែជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ក្រុមអ្នកសង្កេតការណ៍យល់ថា ទាល់តែមន្ត្រីតុលាការលែងជាសមាជិកគណបក្សណាមួយ ទើបតុលាការកម្ពុជាអាចក្លាយជាស្ថាប័នឯករាជ្យ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។