សាលាឧទ្ធរណ៍​​នឹង​ប្រកាស​សាលដីកា​រឿង​លោក រ៉ាត់ រត្នមុនី នៅ​​ចុង​ខែ​វិច្ឆិកា

0:00 / 0:00

សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា​សំណុំ​រឿង​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី នៅ​ចុង​ខែ​វិច្ឆិកា ក្រោយ​បញ្ចប់​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា។ អ្នក​ការ​ពារ​សិទ្ធិមនុស្ស​ស្នើ​យ៉ាង​ទទូច​ដល់​សាលាឧទ្ធរណ៍​ឱ្យ​ដោះ​លែង លោក រ៉ាត់ រត្នមុនី ឱ្យ​​មាន​សេរីភាព​វិញ ព្រោះ​លោក​​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

មេធាវី​ការពារក្តី​ឱ្យ​លោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ឱ្យ​អាស៊ីសេរីដឹងថា សហដើម​បណ្តឹង​រដ្ឋ​ប្បវេណីមិន​បាន​ចូល​រួម​នៅក្នុង​​សវនាការ​​សាលាឧទ្ធរណ៍​​នេះ​ទេ មាន​តែ​មន្ត្រី​​ប្រឆាំង​ការ​ជួញ​​ដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ​ម្នាក់​ប៉ុណ្ណោះ​ដែល​បង្ហាញ​​ខ្លួន។ លោក​​បញ្ជាក់​ថា ទោះ​ជា​អវត្តមាន​ដើម​បណ្តឹង​ក្តី ក៏​​​មេធាវី​មិន​ស្នើ​សុំ​ពន្យារ​ពេល​ទៀតនោះ​​ដែរ ដើម្បី​​កុំឱ្យ​ខាត​ប្រយោជន៍​​កូន​ក្តី។ ក្រោយ​បញ្ចប់​សវនាការ​ ចៅក្រម​ជំនុំ​ជម្រះបាន​កំណត់​យក​​ថ្ងៃ​ទី២៩ វិច្ឆិកា ដើម្បី​ប្រកាស​សាល​ដីកា​សំណុំ​រឿង​នេះ។ លោក​ថ្លែង​ទៀត​ថា សហមេធាវី​​បាន​​ដាក់​ភស្តុតាង​មួយ​ចំនួន​​ទៀត​ ជូន​​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍ ដើម្បី​ពិចារណា​មុន​នឹង​សម្រេច​ក្តី​លោក រ៉ាត់ រត្នមុនី៖ «យើង​មាន​​ចំណុច​សន្និដ្ឋាន​​ច្រើន ប៉ុន្តែ​ខ្ញុំ​រៀប​រាប់​ខ្លីៗ គឺទីមួយ​យើង​ស្នើ​សុំ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​រូប​គាត់ ទីពីរ​ឱ្យ​គាត់​ហ្នឹង​បាន​រួច​ផុត​ពីការ​ជាប់​ពន្ធនាគារ​ ក្រោយ​ពេល​ដែល​ប្រកាស​សាលដីកា​ហ្នឹង»។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ពី​បទ "ញុះញង់​​ឱ្យ​មាន​​ការ​រើសអើង" និង​សង​សំណង​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន ៧០លាន​រៀល ឬ​ស្មើនឹង​ជិត ២ម៉ឺន​ដុល្លារ​អាមេរិក។ គិត​ត្រឹម​ពេល​នេះ លោក​បាន​ជាប់​ឃុំក្នុង​ពន្ធនាគារ​ព្រៃស​អស់​រយៈ​ពេល​ជិត​​មួយ​ឆ្នាំ​មក​ហើយ។

អាជ្ញាធរ​បាន​តាម​ចាប់​លោក​​ដល់​ប្រទេស​ថៃ បន្ទាប់​ពីលោក​បាន​​​ជួយ​​ផលិត​ភាពយន្ត​ឯកសារ​ស្តីពី​ការ​ជួញ​​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ឱ្យ​សារព័ត៌មាន​រុស្ស៊ី RT (Russia Today) ក្រោម​ចំណង​ជើង​ថា "ម្តាយ​ខ្ញុំ​ លក់ខ្ញុំ" ដែល​របបក្រុង​​ភ្នំពេញ​​ចាត់​ទុក​ថា ជារឿង​ប្រឌិត ប៉ះពាល់​ដល់​កិត្តិយសស្ត្រីខ្មែរ និងបំផ្លាញ​កេរ្តិ៍​​ឈ្មោះ​កម្ពុជា។

អ្នក​នាំពាក្យ​សមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែង​ថា ភាព​​ត្រឹម​ត្រូវ​យុត្តិធម៌​នៃ​​សំណុំ​រឿង​នេះ មិន​អាច​ស្វែង​រក​ឃើញ​ឡើយ នៅ​ពេល​ដើម​បណ្តឹង និង​សាក្សី​មិន​បាន​ចូល​រួម​ក្នុង​អង្គ​សវនាការ។ លោក​បន្ត​ថា ការ​ផ្តន្ទាទោស​ជន​ជាប់​ចោទ​តាម​រយៈ​សវនាការ​មិន​គ្រប់​ជ្រុង​ជ្រោយ​បែប​នេះ ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​​ផ្តល់​យុត្តិធម៌​ដល់​លោក រ៉ាត់ រត្នមុនី វិញ៖ « លោក រ៉ាត់ រត្នមុនី គាត់​មិន​មាន​សិទ្ធិអ្វី​ក្នុង​ការ​សម្រេច​រឿង​ហ្នឹង​ទេ។ គាត់​បាន​បកស្រាយ​ហើយថា គាត់​គ្រាន់​តែ​ជា​អ្នក​បកប្រែ​នៅក្នុង​​រឿង​ហ្នឹង អ៊ីចឹង​​ហើយស្ថាប័ន​​ហ្នឹង​ទេ​ដែលត្រូវ​​ជា​អ្នក​​ទទួល​ខុស​ត្រូវ​ មិន​គួរ​ណា​ទម្លាក់​​បន្ទុក​ដ៏​​ធ្ងន់​ធ្ងរ​នេះ​មក​ខាង​លោក រ៉ាត់ រត្នមុនី ទេ ហើយ​យើង​ទទូច​សុំ​ឱ្យ​មាន​ការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ចំពោះ​​រូប​គាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ »

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ ​បាន​ថ្កោល​ទោស​របប​ក្រុង​ភ្នំពេញ​ជា​បន្ត​បន្ទាប់​ជុំ​វិញ​ចំណាត់​ការ​លើ​ លោក រ៉ាត់ រត្នមុនី និង​បាន​ទាម​ទារ​ឱ្យ​​របប​នេះ ដោះ​លែង​រូប​លោក​វិញ​ជា​បន្ទាន់។ ក្រុម​​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ខ្លះ វាយ​តម្លៃ​ថា តុលាការ​បាន​​កាត់​ក្តីរឿង​នេះ ​បែប​បាយ​ឡុក​បាយ​ឡគួរ​ឱ្យ​អាម៉ាស់ និង​គួរ​ឱ្យ​ស្អប់​ខ្ពើម ហើយ​សាលក្រម​នេះ​បាន​ធ្វើ​ឱ្យ​បាត់​បង់​សុចរិតភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា​យ៉ាង​ដំណំ។

ជា​មួយ​គ្នា​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ការ​កាត់​ទោស លោក រ៉ាត់ រត្នមុនី ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ កាន់​តែ​បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា ពី​ព្រោះ​សកម្មសិទ្ធិ​ការងារ​​រូប​នេះ មិន​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។