សាលា​ឧទ្ធរណ៍​​បើក​សវនាការ​សំណុំ​រឿង​អតីត​សកម្មជន​មាតា​ធម្មជាតិ​​ពីរ​នាក់

ដោយ មាន ឫទ្ធិ
2019-08-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature
អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature
Photo courtesy of Mother Nature

សាលា​ឧទ្ធរណ៍លើក​យក​សំណុំ​​រឿង​អតីត​សកម្មជន​មាតា​ធម្មជាតិ​ពីរនាក់ ដែល​ជាប់​ទោស​ដោយសារ​ការ​ថត​កប៉ាល់​ដឹកខ្សាច់​​នៅ​ខេត្តកោះកុង មក​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី៨ សីហា។ ក៏​ប៉ុន្តែ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ មិន​​ទាន់​សម្រេច​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​កំណត់​ថ្ងៃប្រកាស​សាល​ដីកា​នៅ​ចុង​ខែ​សីហា​នេះ​វិញ។

សាលាឧទ្ធរណ៍​​ប្រើ​ពេល​ប្រមាណ ៤៥នាទី ដើម្បី​សួរ​ដេញដោល​អតីត​សកម្មជន​មាតាធម្មជាតិ​​ពីរ​នាក់ គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី ពាក់ព័ន្ធនឹង​ការ​ចោទ​ប្រកាន់​ថា ពួក​គេ​បាន​ប្រព្រឹត្ត​បទ​ល្មើស​លួច​ថត​សកម្មភាព​កប៉ាល់​ដឹក​ខ្សាច់​របស់​លោក​សេដ្ឋី​ម្នាក់ កាលពី​ឆ្នាំ២០១៧ កន្លង​ទៅ។

អតីតសកម្មជន​មាតាធម្មជាតិ លោក ហ៊ុន វណ្ណៈ ឱ្យ​អាស៊ី​សេរីដឹង​ថា សវនាការ​នៅ​សាលា​ឧទ្ធរណ៍​នេះ​ ខុស​គ្នា​ដាច់​ពី​សវនាការ​លើក​មុនៗ។ លោក​​ថា អំឡុង​សវនាការ​សុំ​​នៅ​ក្រៅ​ឃុំ​កាល​ពី​លើក​មុន និងការ​ជំនុំ​ជម្រះ​​នៅ​តុលាការ​ខេត្ត​កោះកុង ខាង​តុលាការ​ព្យាយាម​ដាក់​បន្ទុក​លើ​ពួក​លោក​ទាំង​ពីរ។ ក៏​ប៉ុន្តែ​លោក​ថា លើក​នេះ ទាំង​ចៅក្រម និង​តំណាង​មហាអយ្យការ​ បាន​ស្តាប់​ការ​បក​ស្រាយ​របស់​ពួក​លោក និង​មេធាវី​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​មិន​បាន​ចោទសួរ​ដាក់​បន្ទុក​ទៀត​ឡើយ។ លោក​​ជឿ​ជាក់​ថា សាលា​ឧទ្ធរណ៍​នឹងផ្តល់​យុត្តិធម៌​ដល់​ពួក​លោក​ ដោយ​បដិសេធ​ចោល​នូវ​សាលក្រម​ផ្តន្ទាទោស​របស់​តុលាការ​ខេត្ត​កោះកុង៖ «វា​ជា​បទចោទ​ដែល​អត់​មាន​​សម្អាង​ច្បាស់លាស់​ទេ ព្រោះ​ជជែក​គ្នា​ព្រឹក​មិញ​ហ្នឹង​ សូម្បី​តែ​មេធាវី​ក៏​គាត់​និយាយ​ឡើង​ច្បាស់ សូម្បី​តែ​តំណាង​មហាអយ្យការ​ក៏​ការពារ​យើង​ថា យើង​មិន​មែន​បាន​ទៅ​លួច​ថត​គេ​ឯ​ណា។ ​យើង​ថតហ្នឹង យើង​ថត​នៅលើ​ដែន​សមុទ្រ​ហ្នឹង មិន​មែន​នៅលើ​ដីក្រុមហ៊ុន​ឯណា ហេតុអ្វី​បាន​ជា​គេ​ចោទ​យើង​ថា ប៉ះពាល់​សិទ្ធិ​រូបភាព​បុគ្គល បើ​ច្បាប់​ហ្នឹង​ គេ​ថា​យើង​ល្មើស នៅ​ពេល​ណា​ដែល​យើង​ទៅថត​នៅ​កន្លែង​ឯកជន​របស់​គេ ប៉ុន្តែ​នេះ​យើង​ថត​នៅ​លំហ​សមុទ្រ​ ហើយ​ញុះញង់បង្ក​ឱ្យ​មាន​​បទ​​ឧក្រិដ្ឋ​ យើង​​គ្រាន់​តែ​ទៅ​ថត​មិន​ទាន់​ចប់​ផង គេ​ក៏​ចាប់​។ យើង​អត់​មាន​ទៅផុស អត់​មាន​ធ្វើ​សកម្មភាព​អីផង​ហ្នឹង ចោទ​ញុះញង់​ម៉េច​កើត»

កាល​ពី​ដើម​ឆ្នាំ២០១៨ កន្លង​ទៅ សាលា​ដំបូង​ខេត្ត​កោះកុង បាន​កាត់​​ទោ​សលោក ហ៊ុន វណ្ណៈ និង​លោក​ ឌឹម គុនឌី ​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ១ឆ្នាំ ដោយ​​អនុវត្ត​ទោស ៥ខែ​ក្នុង​ពន្ធនាគារ ហើយ​​ទោស​នៅ​សល់​ត្រូវ​ព្យួរ​ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ម្នាក់​ ១លាន​រៀល​ថែម​ទៀត។ អ្នក​​ទាំងពីរ​ត្រូវ​បាន​ផ្តន្ទាទោស​ ពី​បទ “ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍” និង “​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល” ក្រោយ​ពេល​យុវជ​ន​ទាំង​ពីរ បាន​ជិះ​ទូក​ថត​រូប​សកម្មភាព​កប៉ាល់​ដឹក​ខ្សាច់​នៅ​​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។

ដើម​បណ្តឹងនៃ​​សំណុំ​រឿង​នេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​​កោះកុង ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​​ប្រជាជន​កម្ពុជា និង​ជា​អ្នក​រក​ស៊ី​នាំ​ចេញ​ខ្សាច់​នៅ​ខេត្ត​កោះ​កុង ជា​យូរ​អង្វែង​មក​ហើយ។ ឧកញ៉ា លី យ៉ុងផាត់ ក៏​ជា​អ្នក​តែងតែ​ផ្តល់​លុយ​ជា​ប្រចាំ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​របប​ក្រុង​ភ្នំពេញ​ដែរ។ ទោះ​ជា​យ៉ាង​ណា តំណាង​ក្រុមហ៊ុន​ដែល​ជាភាគី​ដើម​បណ្តឹង មិន​ដែល​បាន​ចូល​រួម​ក្នុង​អង្គ​សវនាការ​ម្តង​ណា​ឡើយ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា តុលាការ​គួរតែ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​​ប្រឆាំង​នឹង​យុវជន​ទាំង​ពីរ​​​តាំង​តែ​ពី​ដំបូង​មក​ម្ល៉េះ ពី​ព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ ហើយ​តុលាការ​ក៏​​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់​គ្រាន់​នោះ​ដែរ។ លោក​រិះគន់​ថា ការ​ចាប់​ឃុំ​ខ្លួន​រយៈ​ពេល ៥ខែ និង​កាត់​ឱ្យ​អ្នក​ទាំ​ពីរ​ជាប់​ទោស​ទៀត​នោះ គឺ​ជា​ការ​បំបាក់​ស្មារតី​យុវជន​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​បរិស្ថាន និ​ង​ធនធាន​ធម្មជាតិ៖ «យើង​នៅ​តែ​សង្ឃឹមថា សាលា​ឧទ្ធរណ៍​នឹង​ផ្តល់​យុត្តិធម៌​សម្រាប់​អ្នក​ទាំងពីរ គឺ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ហ្នឹង ហើយ​បដិសេធ​ចោល​សាលក្រម​របស់​សាលាដំបូង​ ដើម្បី​ឱ្យ​អ្នក​ទាំង​ពីរ​នេះ​មាន​សេរីភាពពេញលេញ​​ដូច​ពលរដ្ឋ​ដទៃ​នៅក្នុង​ការ​ធ្វើ​ការ​ងារ​របស់ខ្លួន»

លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី គឺ​ជា​សកម្មជន​មាតា​ធម្មជាតិ​ពីរ​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ផ្តន្ទាទោស​ពាក់ព័ន្ធ​នឹង​សកម្មភាព​​តស៊ូមតិ​ប្រឆាំង​នឹង​​ការ​បូម​ខ្សាច់​បែប​អនាធិបតេយ្យ​នៅក្នុង​ខេត្ត​កោះកុង ​បន្ទាប់​ពី​យុវជន សាន់ ម៉ាឡា ទ្រី សុវិគា និង​ស៊ីម សំណាង។ ក្រៅ​ពី​នេះ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ក៏​​ទំនង​ជា​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​កាត់​ឱ្យ​មាន​ទោស​ដែរ បន្ទាប់​ពី​បាន​បើក​សវនាការ​កំបាំង​មុខ​ កាល​ពី​ពេល​ថ្មីៗ នេះ។

ក្រុម​សកម្មបរិស្ថានបាន​រិះគន់ថា ​តុលាកាខេត្ត​កោះកុង ធ្វើ​អ្វី​​តាម​តែ​ការ​ចង់​បាន​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ ដោយ​ស្ថាប័ន​យុត្តិធម៌​មួយ​​នេះ​មិន​បាន​ឱ្យ​តម្លៃ​លើ​ការងារ​ការពារ​បរិស្ថាន និង​ឈរ​លើ​មូលដ្ឋាន​ច្បាប់​​ត្រឹម​ត្រូវ​ក្នុង​ការ​សម្រេច​សេចក្តី​ឡើយ។

លោក ហ៊ុន វណ្ណៈ អះអាង​ថា ប្រសិន​បើ​សាលា​ឧទ្ធរណ៍​​តម្កល់​សាលក្រម​តុលាការ​ខេត្ត​កោះកុង​ នោះ​លោក​នឹង​ប្តឹង​ទាស់​ទៅ​តុលាការ​កំពូល​បន្ត​ទៀត ពី​ព្រោះ​លោក​​ថា ​​ការ​ផ្តន្ទាទោស​រូប​លោក​ជារឿង​អយុត្តិធម៌ និង​មិនអាច​ទទួល​​យក​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល