សាលាឧទ្ធរណ៍​​មិន​ប្រគល់​លិខិត​ឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ​ដល់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​វិញ​ឡើយ

0:00 / 0:00

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​សម្រេច​មិន​ប្រគល់​លិខិត​ឆ្លង​ដែន និង​អត្តសញ្ញាណប័ណ្ណ​ឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​វិញ​នោះ​ឡើយ ក្រោយ​បិទ​បញ្ចប់​សវនាការ​នៅ​រសៀល​ថ្ងៃទី៣១ មីនា​នេះ។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប គឺ​លោក សំ ចំរើន ឱ្យ​ដឹង​ថា លោក​សោកស្ដាយ ​ដែល​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​តម្កល់​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។ លោក​បញ្ជាក់​ថា សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​សម្រេច​បែប​នេះ ដោយ​យោង​លើ​ហេតុ​ផល​ថា សំណុំ​រឿង​នេះ​ត្រូវ​បាន​ចាត់​របៀប​ឱ្យ​ស៊ើបសួរ​បន្ថែម​ទៀត​ ដូច្នេះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ទុក​លទ្ធភាព​នេះ​ឱ្យ​ខាង​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​ក្រុង​ភ្នំពេញ​ជា​អ្នក​សម្រេច​វិញ។

មេធាវី សំ ចំរើន នៅ​តែ​អះអាង​ថា លិខិត​ឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ គ្រាន់​តែ​ជា​គ្រឿង​សម្គាល់​ខ្លួន មិន​មែន​ជា​វត្ថុ​តាង ដែល​នាំ​ទៅ​រក​ការ​ពិត​ក្នុង​សំណុំ​រឿង​នោះ​ទេ ដូច្នេះ​គ្មាន​ហេតុ​ផល​អ្វី​ដែល​តុលាការ​គួរ​រក្សា​ទុក​របស់របរ​ទាំង​នោះ​ឡើយ៖« ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សម្រេច​មិន​ប្រគល់​ឱ្យ​យើង​ទេ ដោយ​យល់​ថា ទុក​កិច្ច​ការ​ហ្នឹង​ឱ្យ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ ( តុលាការ​​ក្រុង​ភ្នំពេញ ) ជា​អ្នក​ធ្វើ​ការ​សម្រេច​ចំពោះ​បញ្ហា​ហ្នឹង​ទៅវិញ។ នេះ​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​ពួក​​យើង​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សារ​ថា ពួក​យើង​មាន​ហេតុផល​ផ្លូវ​ច្បាប់​គ្រប់​គ្រាន់​ ដាក់​ពាក្យ​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ទាំងពីរ​ហ្នឹង »

សាលាដំបូង​រាជធានី​​ភ្នំពេញ​បាន​ចោទ​ប្រកាន់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពី​បទ «ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​​ជាអាទិ៍​​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ»និង​បទ «ផលិត​វីដេអូ​អាសអាភាស»។ តុលាការ​បាន​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​ជាង ៩ខែ ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ប៉ុន្តែ​មក​ដល់​ពេល​នេះ ពួក​លោក​គ្មាន​សេរីភាព​ដើរ​ហើរ​ពេញលេញ​ឡើយ ព្រោះ​តុលាការ​ក្រុង​ភ្នំពេញ​មិន​ព្រម​ផ្ដល់​អត្តសញ្ញាណប័ណ្ណ និង​លិខិត​ឆ្លង​ដែន​ដល់​ពួក​លោក​​វិញ។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បាន​លើក​ហេតុ​ផល​ថា វត្ថុ​ចាប់​យក​ទាំង​នេះ​នៅ​មាន​ភាព​ចាំបាច់​ក្នុង​ដំណាក់​កាល​ស៊ើបសួរ។

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក យាង សុធារិន្ទ ថ្លែង​ថា លោក​ខក​ចិត្ត​ជា​ខ្លាំង ចំពោះ​ការ​សម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍។ លោក​​បញ្ជាក់​ថា លោក​បាន​លើក​យក​ទាំង​ហេតុ​ផល​​ផ្លូវ​ច្បាប់ និង​មនុស្ស​ធម៌​ ដើម្បី​ស្នើសុំ​របស់របរ​ទាំង​នោះ​វិញ។ លោក​​ថា ហេតុ​ផល​មនុស្ស​ធម៌​នោះ គឺ​លោក​ត្រូវការ​លិខិត​ឆ្លងដែន​ជា​ចាំបាច់​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ឪពុក​ម្ដាយ​របស់​លោក​​ដែល​មាន​វ័យ​ចាស់​ជរា​ណាស់​ទៅ​ហើយ។ អ្នក​មាន​គុណ​ទាំង​ពីរ​​របស់​លោក យាង សុធារិន្ទ ​កំពុង​រស់​នៅ​ដែន​ដី​កម្ពុជាក្រោម ហើយ​លោក​មិន​បាន​ទៅ​ជួប​ពួក​គាត់​អស់​រយៈពេល​ជាង២ ឆ្នាំ​មក​ហើយ គឺ​តាំង​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​​លោក​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ២០១៧ មក​ម្ល៉េះ៖« នេះ​ជា​រឿង​អមនុស្សធម៌​មួយ​នៅ​​ពេល ដែល​ឃាត់​ឃាំង​មិន​ឱ្យ​ខ្ញុំ​ទៅ​ជួប​ឪពុក​ម្ដាយ​​ មិន​អាច​ឱ្យ​ចូល​រួម​សូម្បី​​បុណ្យ​សព​សាច់ញាតិ​បាន​ហ្នឹង។ មួយ​ទៀត លិខិតឆ្លងដែន និង​អត្តសញ្ញាណ​ប័ណ្ណ គឺ​គ្រាន់​តែ​ជា​លិខិត​សម្គាល់​ខ្លួន​ទេ គ្មាន​ទៅ​បម្រើ​អ្វី​​ដល់​ការ​ស៊ើបអង្កេត​ទេ។ វា​មិន​មែន​អាច​ទុក​ជា​ភស្តុតាង​អ្វី​សម្រាប់​មក​ដាក់​បន្ទុក​​ពួក​ខ្ញុំ​ចេញ​ពី​ការ​ស៊ើបអង្កេត​លើ​ឯកសារ​ទាំងអស់​ហ្នឹង​ទេ​ ហើយ​ឯកសារ​ទាំងអស់​ហ្នឹង បើ​ស៊ើបអង្កេត​ទុក​ដល់​ពេល​ណា​ទៀត ? បើ​តុលាការ​ចាប់​យក ហើយ​យើង​បាន​ប្រគល់​ឱ្យ​​​តុលាការ​យូរ​ហើយ​ហ្នឹង »

លោក​បន្ត​ថា ករណី​លោក អ៊ួន ឈិន វិញ ក៏​ដូច​រូប​លោក​ដែរ គឺ​ត្រូវ​ការ​លិខិត​ឆ្លងដែន និង​អត្តសញ្ញាណ​ប័ណ្ណ ដើម្បី​​អាច​​ប្រកប​​មុខ​​របរ​​ដែល​​ខ្លួន​​ពេញ​​ចិត្ត​ និង​មាន​សេរីភាព​ដើរ​ហើរ​ពេញលេញ​ដូច​ពលរដ្ឋ​ទូទៅ។ លោក យាង សុធារិន្ទ បញ្ជាក់​ថា ពួក​លោក​ទាំងពីរ​នឹង​ប្ដឹង​សាទុក្ខ​ករណី​នេះ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។