សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​បន្ត​ស៊ើប​អង្កេត​សំណុំ​រឿង​ចារកម្ម​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី

0:00 / 0:00

សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃទី២៨ មករា សម្រេច​​ច្រាន​ចោល​បណ្ដឹង​សារទុក្ខ​របស់​អតីត​អ្នក​យក​​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន និង​​លោក យាង សុធារិន្ទ ដែល​ស្នើសុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​បដិសេធ​ការ​ស៊ើបអង្កេត​បន្ថែម​របស់​តុលាការ​ក្រុង​ភ្នំពេញ​​ទាក់ទង​នឹង​បទ​ចោទ​ចារកម្ម​​របស់​អ្នក​ទាំង​ពីរ។

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​យក​ព័ត៌មាន​អាស៊ី​សេរី លោក សំ ចំរើន ថ្លែង​ថា ចៅក្រម​ជំនុំ​ជម្រះ​សាលា​​ឧទ្ធរណ៍​មិន​បាន​បក​ស្រាយ​​អំពី​​ហេតុផល​​នៃ​ការ​បដិសេធ​សំណើសុំ​របស់​កូន​ក្តី​លោក​ឡើយ ដោយ​គ្រាន់​តែ​បញ្ជាក់​​ថា សម្អាង​ហេតុ​ នឹង​មាន​លម្អិត​នៅ​ក្នុង​សាលដីកា​នៅ​ពេល​ក្រោយ។ លោក​ថា ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នេះ បង្ហាញ​ថា ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​មិនបាន​ពិចារណា​ទៅលើ​ផល​​ប្រយោជន៍​នៃ​បណ្ដឹង​ឧទ្ធរណ៍​របស់​កូន​ក្តី​លោក​ឡើយ៖« សាលា​ឧទ្ធរណ៍​សម្រេច​ច្រាន​ចោល​បណ្ដឹង​ឧទ្ធរណ៍​ហ្នឹង។ អម្បាញ់មិញ​នេះ ប្រធាន​​ក្រុមប្រឹក្សា​អត់​បាន​​បញ្ជាក់​ទេ​ថា ចាំ​​បញ្ជាក់​ជូន​នៅ​ក្នុង​លិខិត​សាលដីកា នៅ​ពេល​ប្រគល់​លិខិត​សាលដីកា​ឱ្យ​យើង »

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី លោក យាង សុធារិន្ទ ​ខក​ចិត្ត​​ដែល​​សាលាឧទ្ធរណ៍​​បដិសេធ​សំណើ​​សុំ​នេះ ព្រោះ​លោក និង​​លោក អ៊ួន ឈិន រួម​ទាំង​មេធាវី​ផង បាន​​លើក​ឡើង​នូវ​ទឡ្ហីករណ៍​ជា​ច្រើន​ដែល​បង្ហាញ​ថា សំណុំ​​រឿង​នេះ​គ្មាន​អ្វី​ត្រូវ​ស៊ើបអង្កេត​បន្ត​ទៀត​នោះ​ទេ។ ​​លោក​​នៅ​តែ​យល់​ថា តុលាការ​​មាន​ចេតនា​ធ្វើ​បាប​លោក និង​លោក អ៊ួន ឈិន ទើប​បាន​ជា​បន្ត​​រឿង​ក្តី​នេះ ទោះ​ជា​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ក៏ដោយ។ លោក​​បញ្ជាក់​ថា ពួក​លោក​នឹង​ពិភាក្សា​បន្ថែម​​ជាមួយ​មេធាវី ដើម្បី​​ដាក់​បណ្ដឹង​ប្រឆាំង​ការ​​សម្រេច​របស់​​សាលាឧទ្ធរណ៍​​នេះ​​ទៅ​តុលាការ​កំពូល​បន្ត​ទៀត៖« វា​ជា​រឿង​ខក​​ចិត្ត​​ទៅ​ហើយ ក៏​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​សំណូម​ពរ​ឱ្យ​តុលាការ​ធ្វើ​​បន្ថែម​​ទៀត​នោះ គឺ​សូម​មេត្តា​ពន្លឿន​​នីតិវិធី​ហ្នឹង ហើយ​កុំ​ចេះ​តែ​តម្កល់​ទុក​ដោយ​មិន​សើរើ​ឯកសារ​យក​មក​ធ្វើ​ការ។ បើ​​ថា ជ្រុល​តម្កល់​ទុក​​របស់​គេ​ហើយ ខាង​សាលាដំបូង​ហ្នឹង​សូម​មេត្តា​ជួយ​ពន្លឿន​​នីតិវិធី​ហ្នឹង។ ធ្វើ​ការ​ស៊ើបអង្កេត​ទៅ ហើយ​យក​រឿង​យើង​ខ្ញុំ​មក​ជំនុំ​ជម្រះ​ឡើង​វិញ​ឱ្យ​បាន​លឿន​មក ឬ​ក៏​បែប​ណា។ បើ​រក​មិន​ឃើញ​ ទម្លាក់​​បទ​ចោទ​ពួក​​ខ្ញុំ​មក សូម​​មេត្តា​កុំ​រក្សា​ទុក​​​របៀប​ហ្នឹង »

កាល​ពី​​ចុង​ខែ​ធ្នូ​កន្លងទៅ សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​របស់​អតីត​អ្នក​យក​​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​ ដែល​សុំ​ឱ្យ​​តុលាការ​ជាន់ខ្ពស់​​មួយ​​នេះ​ទម្លាក់​ចោល​​ការ​ស៊ើបអង្កេត​បន្ថែម​​លើ​សំណុំ​​រឿង​ ផលិត និង​កាន់​កាប់​រូបភាព​អាសអាភាស ម្ដង​រួច​មក​ហើយ។ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បាន​លើក​​ហេតុផល​ថា ការ​ស៊ើបអង្កេត​បន្ថែម​លើ​បទ​ចោទ​នេះ មិន​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​អ្នក​ទាំង​ពីរ​ឡើយ ប៉ុន្តែ​លោក​ថា នីតិវិធី​នេះ​ជា​ការ​ជួយ​ស្វែងរក​យុត្តិធម៌​សម្រាប់​អ្នក​ទាំង​ពីរ​ទៅ​វិញ​ទេ។

ទោះ​ជា​យ៉ាង​ណា អង្គការ​សិទ្ធិមនុស្ស លីកាដូ (LICADHO) ពិនិត្យ​ឃើញ​ថា ការ​​សម្រេច​របស់​សាលាឧទ្ធរណ៍​នេះ​​ ធ្វើ​ឱ្យ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន នៅ​តែ​មិន​ទទួល​​បាន​​សេរីភាព​ពេញលេញ​ក្នុង​ដំណើរ​ការ​តស៊ូ​តា​ម​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការ​កំណត់​ពេល​វេលា​ក្នុង​សំណុំ​​រឿង​ដែល​មាន​​ចរិត​នយោបាយ​នេះ។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​​នៃ​អង្គការ​លីកាដូ សោក​ស្ដាយ​ដែល​តុលាការ​បដិសេធ​សំណើ​របស់​អតីត​អ្នក​យក​​ព័ត៌មាន​អាស៊ី​សេរី​។ លោក​​ថា សំណុំ​រឿង​ចារកម្ម​របស់​អ្នក​ទាំងពីរ​គ្មាន​អ្វី​​ត្រូវ​ស៊ើបអង្កេត​ទៀត​នោះ​ទេ ពី​ព្រោះ​តុលាការ​បាន​ប្រើ​ពេល​ដ៏​យូរ​ក្នុង​ការ​ស៊ើបអង្កេត ប៉ុន្តែ​គ្មាន​ភស្តុតាង​ណាមួយ ដែល​បង្ហាញ​ពី​ទោស​កំហុស​របស់​អ្នក​ទាំងពីរ​​នោះ​ឡើយ។ លោក​​បន្ត​​ថា ការ​បន្ត​ស៊ើប​អង្កេត​របស់​តុលាការ​ ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​អ្នក​ទាំង​ពីរ​ធ្ងន់ធ្ងរ​ ជាពិសេស​សេរីភាព​ក្នុង​ការ​ដើរហើរ ការ​ស្វែង​រក​ការងារ ​​ហើយ​ក៏​​ប៉ះពាល់​ដល់​​​កិត្តិយស​​របស់​​អ្នក​ទាំង​ពីរ​ផង​ដែរ៖ « អ្នក​​ទាំងពីរ​ជាប់​បណ្ដឹង​អ៊ីចឹង គឺ​វា​ប៉ះពាល់ ពិបាក​ស្វែងរក​​ការងារ អ៊ីចឹង​ជីវភាព​របស់​ក្រុម​គ្រួសារ​លោក​នឹង​ជួប​ការ​លំបាក។ ទី​ពីរ វា​ប៉ះ​ពាល់​​ទៅដល់​កិត្តិយស​ទៀត អា​ហ្នឹង​ដែល​ខ្ញុំ​គិត​​ថា សាលក្រម​​ចាត់​របៀប​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ឬក៏​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​​ថ្ងៃនេះ គឺ​ជា​ការ​អូស​បន្លាយ​នៃ​ការ​រឹតត្បិត​សេរីភាព​របស់​​អ្នក​ទាំងពីរ »

សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ដែល​ស្ថិត​ក្រោម​​ឥទ្ធិពល​បក្ស​កាន់​​អំណាច បាន​ចោទ​ប្រកាន់​​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពី​បទ "ផ្ដល់​​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​​ជាអាទិ៍​​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ" និង​បទ "ផលិត​​​វីដេអូ​អាសអាភាស" ។ តុលាការ​បាន​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​ជាង ៩ខែ ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​នៅ​រក្សា​ទុក​វត្ថុ​ចាប់​យក និង​​លិខិត​ឆ្លង​ដែន​របស់​អ្នក​​ទាំង​ពីរ​ដដែល ធ្វើ​ឱ្យ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរហើរ និង​ស្វែង​រក​ការងារ​នៅ​តែ​ស្ថិត​ក្រោម​ការ​រឹតត្បិត។ តុលាការ​បាន​ជំនុំ​ជម្រះ​រឿង​ក្តី​នេះ​ពីរ​ដង ហើយក៏​​គ្រោង​ប្រកាស​សាលក្រម​ពីរ​ដង​ដែរ ​ប៉ុន្តែ​ចុង​ក្រោយ​​បែរ​ជា​ចាត់​​របៀប​ឱ្យ​ស៊ើប​អង្កេត​រឿង​ក្តី​នេះ​បន្ថែម​ទៅ​វិញ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ពិនិត្យ​ឃើញ​ថា តាំង​ពី​ដើម​មក​ តុលាការ​គ្មាន​ភស្តុតាង​ពិត​ប្រាកដ​ណាមួយ​ដែល​បង្ហាញ​ថា អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំងពីរ​រូប​បាន​ប្រព្រឹត្ត​បទល្មើស​ចារកម្ម​នោះ​ឡើយ។ អង្គការ​អន្តរជាតិ​មួយ​​នេះ​យល់​ថា ការ​បន្ត​សំណុំ​​រឿង​នេះ​មានន័យ​ស្មើនឹង​ការ​ធ្វើ​​ទុក្ខបុកម្នេញ​លើ​អ្នក​សារព័ត៌មាន​ក្នុ​​ង​ប្រទេស​កម្ពុជា និង​ជា​ការ​ដាក់​ទណ្ឌកម្ម​លើ​​វិទ្យុ​អាស៊ី​សេរី​ដែល​រាយការណ៍​ព័ត៌មាន​ឯករាជ្យ​អំពី​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​នៅ​កម្ពុជា​ក្រោម​​របប​ដឹក​នាំ​បែប​ផ្តាច់​ការ​​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ Human Rights Watch បន្ថែម​ថា ការ​មិន​ព្រម​បញ្ចប់​រឿង​ក្តី​ដែល​មាន​លក្ខណៈ​ជាន់​ឈ្លី​ប្រព័ន្ធ​យុត្តិធម៌​នេះ ធ្វើ​ឱ្យ​ការ​បង្ក្រាប​លើ​សេរីភាព​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​បន្ត​​ស្ថិត​ក្នុង​បញ្ជី​នៃ​កង្វល់​ផ្នែក​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដែល​មន្ត្រី​សហភាព​អឺរ៉ុប​ត្រូវ​ពិចារណា នៅ​ពេល​សម្រេច​ចិត្ត​ដក​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។