សាលាឧទ្ធរណ៍ភ្នំពេញ គ្រោងបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់សមាជិកបក្ស ប្រឆាំង១០ នាក់ នៅសប្ដាហ៍ក្រោយនេះ។ មេធាវីការពារ និងក្រុមគ្រួសារ អំពាវនាវដល់សាលា ឧទ្ធរណ៍ឱ្យផ្ដល់ការកាត់សេចក្ដីដែលត្រឹមត្រូវ ដើម្បីអនុញ្ញាតឱ្យសមាជិកបក្សប្រឆាំងទាំង ១០នាក់ស្ថិតនៅក្រៅឃុំ តាមការស្នើសុំ។
មេធាវីការពារក្តីឱ្យសមាជិកបក្សប្រឆាំងទាំង ១០នាក់ គឺលោក សំ សុគង់ ប្រាប់អាស៊ីសេរីថា សាលាឧទ្ធរណ៍ភ្នំពេញ កំណត់ថ្ងៃសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់កូនក្តីលោក នៅព្រឹកថ្ងៃទី៨ ខែមិថុនា ខាងមុខនេះ។ លោករំពឹងថា តុលាការជាន់ខ្ពស់មួយនេះ នឹងអនុញ្ញាតឱ្យសមាជិកបក្សប្រឆាំង ទាំង១០នាក់ បាននៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំ ដោយសារពួកគេមានមូលហេតុគ្រប់គ្រាន់តាមផ្លូវច្បាប់៖ «បញ្ហាទាក់ទង់នឹងសុខភាពក៏ដូចជាលក្ខខណ្ឌមួយចំនួនដែលធានាបានថា កូនក្តីខ្ញុំ មិនគេចវេះឬមិនធ្វើឱ្យប៉ះពាល់ដល់ការស៊ើបសួររបស់តុលាការទេ ហើយចំណុច ដែលសំខាន់មួយទៀត ដែលយើងឃើញក្រសួងយុត្តិធម៌មានរដ្ឋមន្ត្រីថ្មី និងក្រសួងមហាផ្ទៃ កំពុងតែ ខិតខំធ្វើម៉េចកាត់បន្ថយចំនួនអ្នកជាប់ឃុំ»។
សកម្មជនគណបក្សប្រឆាំងទាំង១០នាក់នេះ រួមមាន លោក សុខ ចាន់ថា លោក ញ៉ែម វាន លោក ជុំ ចាន់ លោក ឃុត ច្រឹប លោក ងិន ឃាង លោក ឡុង ផារី លោក កែវ ថៃ លោក ថៃ គន្ធា លោក យឹម សារ៉េត និងលោក ឃឹម ភាណា។ អ្នកទាំង១០នាក់ ត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួន ជាបន្តបន្ទាប់ ចាប់តាំងពីខែមករា ឆ្នាំ២០២០។ តុលាការ បានចោទប្រកាន់ពួកគេដូចៗគ្នាគឺពីបទរួម គំនិតក្បត់ ញុះញង់ឱ្យយោធិនមិនស្តាប់បង្គាប់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស។
កូនស្រីរបស់ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង លោក កែវ ថៃ គឺកញ្ញា កែវ ចាន់រចនា ថ្លែងថា ឪពុករបស់កញ្ញា មានជំងឺលើសឈាម និងឡើងជាតិអាស៊ីត ព្រមទាំងកើតរមាស់ពេញខ្លួនដោយសារក្នុងពន្ធនាគារចង្អៀតណែន ។ កញ្ញាអំពាវនាវដល់សាលាឧទ្ធរណ៍ សម្រេចដោះលែងឪពុកឱ្យមានសេរីភាពវិញ ដោយអះអាងថា គាត់ មិនបានប្រព្រឹត្តកំហុសដូចការ ចោទប្រកាន់នោះទេ៖ «ព្រៃសណែនតាន់តាប់ ហើយប៉ាខ្ញុំផ្ទាល់ថា គាត់ពិបាក ដោយសារកន្លែងគេងចង្អៀត។ ខ្ញុំសង្ឃឹមថា នឹងដោះលែង ព្រោះទី១ប៉ាខ្ញុំ ក៏អត់មានប្រព្រឹត្តអីខុសច្បាប់ដែរ ព្រោះតាំងពីរំលាយសង្គ្រោះជាតិមក គាត់មិនដែលធ្វើសកម្មភាពនយោបាយទេ គឺគាត់គ្រាន់តែបង្រៀន»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ទូច ថារិទ្ធិ បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា តាមគោលការណ៍ច្បាប់ ប្រសិនបើសមាជិកបក្សប្រឆាំងនោះ មានទីលំនៅ និងមុខរបរច្បាស់លាស់ ហើយ ពួកគាត់សន្យាមិនគេចវេះនោះ តុលាការគួរតែអនុញ្ញាតឱ្យពួកគេបាននៅក្រៅឃុំ ដើម្បីកាត់បន្ថយ ភាពចង្អៀតណែនក្នុងពន្ធនាគារផង និងកាត់បន្ថយការចំណាយធនធានជាតិផងដែរ៖ «យើងដឹងហើយថាការចាប់ខ្លួន ការឃុំខ្លួនអតីតសកម្មជនបក្សប្រឆាំងទាំងអស់កន្លងមកនេះ គឺថា ទាំងមតិជាតិ និងមតិអន្តរជាតិ យល់ថា មិនមែនយកច្បាប់ មកអនុវត្តទេ គឺមានកត្តានយោបាយច្រើនជាង ដូច្នេះហើយទើបតែងតែមានការស្នើសុំពីរដ្ឋាភិបាល ឱ្យដោះលែងពួកគេដោយគ្មានលក្ខខណ្ឌជាដើម។ ខ្ញុំក៏យល់ថា តុលាការគួរតែពិចារណាដោះលែង គាត់ឱ្យមានសេរីភាព ឬទម្លាក់ចោលការចោទប្រកាន់គាត់ ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ»។
លោក នី សុខា បន្ថែមថា ការបន្តឃុំខ្លួនសមាជិកបក្សប្រឆាំងមិនមែនជាជម្រើសល្អឡើយ ពោលគឺ កាន់តែធ្វើឱ្យស្ថានភាពនយោបាយរឹតតែអាក្រក់ថែមទៀត។ លោកយល់ថា ក្នុងស្ថានភាពបច្ចុប្បន្ន នេះ រដ្ឋាភិបាល គួរតែបន្ទន់ឥរិយាបថដោះស្រាយនយោបាយ ហើយផ្ដោតអាទិភាពលើការដោះស្រាយ បញ្ហាជាតិធំៗដូចជាបញ្ហាសេដ្ឋកិច្ច បញ្ហាបាត់បង់ការងារធ្វើរបស់កម្មករ និងការជំពាក់ បំណុលរបស់ពលរដ្ឋជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
