អធិការរងនគរបាលក្រុងបាវិត ត្រូវចាប់ខ្លួនករណីបាញ់ស្ត្រីម្ចាស់ហាងផឹកស៊ីមួយកន្លែង បណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២០ ខែធ្នូ។ សង្គមស៊ីវិល ស្នើសុំឱ្យមន្ត្រី ថ្នាក់លើ និងតុលាការចាត់វិធានការច្បាប់ឱ្យតឹងរ៉ឹងដើម្បីជាគំរូដល់មន្ត្រីនគរបាលផ្សេងទៀត។
អធិការរងនគរបាលក្រុងបាវិត លោក កែវ ចិត្ត្រា ដែលត្រូវជាកូនបង្កើតរបស់អធិការក្រុងបាវិត លោក កែវ គង់ កំពុងត្រូវបានឃុំខ្លួននៅក្នុងស្នងការនគរបាលខេត្តស្វាយរៀងនៅឡើយ ហើយមិន ទាន់បញ្ជូនទៅតុលាការនោះទេ គិតត្រឹមល្ងាចថ្ងៃទី២១ ខែធ្នូ។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង លោក គង់ ច័ន្ទខេមរិទ្ធ ប្រាប់អាស៊ីសេរីនៅថា ស្នងការនគរបាលខេត្ត ប្រហែលជាបញ្ជូនអធិការរងនគរបាលក្រុងបាវិត លោក កែវ ចិត្ត្រា ឱ្យតុលាការសាកសួរ នៅព្រឹកថ្ងៃទី២២ ខែធ្នូ។ លោកយល់ថា ការយឺតយ៉ាវនេះ ដោយសារជាថ្ងៃឈប់សម្រាក។ «»
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអធិការក្រុងបាវិតលោក កែវ គង់ អំពីករណីកូនប្រុសរបស់ លោកបានទេ ដោយទូរស័ព្ទលោកមិនអាចទំនាក់ទំនងបាន។ ចំណែកស្នងការនគរបាលខេត្តស្វាយ រៀង លោក កឹង ឃន ក៏មិនអាចទាក់ទងបានដែរ។
របាយការណ៍របស់នាយប៉ុស្តិ៍នគរបាលសង្កាត់បាវិត លោក ម៉ៅ ភិនភិរម្យ ឱ្យដឹងថា អធិការរង នគរបាល ក្រុងបាវិត លោក កែវ ចិត្ត្រា អាយុ២៨ឆ្នាំ បានផឹកស្រាស្រវឹង រួចយកអាវុធខ្លីទៅបាញ់ ទៅលើជនរងគ្រោះឈ្មោះ សឿន ស្រីណេរ ភេទស្រី អាយុ៣៨ឆ្នាំ ដែលជាម្ចាស់ភោជនីយដ្ឋាន យីហោ ''សំណាងអាណេ'' ។ របាយការណ៍ បញ្ជាក់ថា ជនសង្ស័យ បានបាញ់ចំនួនពីរគ្រាប់ដោយមួយ គ្រាប់ឡើងលើ និងមួយគ្រាប់ទៀតបាញ់ចំក្បាលជនរងគ្រោះ ហើយមូលហេតុដោយសារផឹកស្រាស្រវឹង។ ក្រោយបង្កសកម្មភាពរួច ជនសង្ស័យបានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះបានស្លាប់ពេលសាច់ញាតិបញ្ជូន ទៅសង្គ្រោះនៅប្រទេសវៀតណាម។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង លោក នុត ប៊ូពិណ្ណារ័ត្ន មាន ប្រសាសន៍ថា សំណុំរឿងដែល ប៉ូលិស ប្រើកាំភ្លើងបាញ់ស្ត្រីម្នាក់បណ្ដាលឱ្យស្លាប់នេះ គឺជាបទ ល្មើសឧក្រិដ្ឋ និងជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ព្រោះប៉ូលិសគឺជាអ្នកអនុវត្តច្បាប់ មិនអាចប្រើអំពើហិង្សា ឬប្រើអាវុធបាញ់សម្លាប់មនុស្សផ្តក់គ្រាប់នោះទេ។ លោកពន្យល់ថា តាមច្បាប់ជន ល្មើស អាចប្រឈមចំពោះការចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនាព្រោះបាញ់សំដៅចំ ក្បាល និងពីបទប្រើប្រាស់អាវុធដោយគ្មានច្បាប់អនុញ្ញាត។ ទន្ទឹមគ្នានេះ លោកក៏ជំរុញឱ្យមានការ ស៊ើបអង្កេតចំពោះការទទួលបានតួនាទីជាអធិការរងនគរបាលក្រុងបាវិតទទួលបន្ទុកផែនគ្រឿងញៀន នៅក្រោមបង្គាប់របស់ឪពុកបង្កើតរបស់ខ្លួនដែលមានតួនាទីជាអធិការក្រុងបាវិតដែរ។ «»
ជនសង្ស័យ ធ្លាប់មានកេរ្តិ៍ឈ្មោះល្បីនៅក្រុងបាវិតថា ជាក្មេងទំនើង និងមានប្រវត្តិពាក់ព័ន្ធជាមួយ គ្រឿងញៀនផងដែរ។
ការបាញ់បោះដោយសេរីនេះ គេក៏កត់សម្គាល់ដែរថា អ្នកប្រព្រឹត្តភាគច្រើនជាមន្ត្រីថ្នាក់ធំ ឬជាកូន ចៅមន្ត្រីទាំងនោះ សូម្បីតែក្រុមក្មួយៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ ក៏ធ្លាប់ពាក់ ព័ន្ធនឹងអំពើបាញ់បោះសេរី និងពាក់ព័ន្ធជាមួយគ្រឿងញៀនដែរ។ ទោះយ៉ាងណាក្តី គេមិនសូវឃើញតុលាការ ចាត់វិធានការច្បាប់ដាក់ទោសភ្លាមៗនោះឡើយ។
មន្ត្រីសង្គមស៊ីវិលអះអាងថា ការដែលមិនអាចទប់ស្កាត់ករណីបាញ់បោះនេះប្រកបដោយប្រសិទ្ធ ភាពខ្ពស់នោះ ដោយសារតែបញ្ហានិទ្ទណ្ឌភាព និងប្រព័ន្ធរដ្ឋបាលនៅអន់ខ្សោយ។
មាត្រា ១៩៩ នៃច្បាប់ព្រហ្មទណ្ឌចែងថា អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា ២០០ ដល់មាត្រា ២០៥ គឺជាឃាតកម្ម។ ជនប្រព្រឹត្តបទល្មើស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំដល់ ១៥ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
