អង្គការជាតិ និងអន្តរជាតិចំនួន ៩ ចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២៦ ឧសភា ថ្កោលទោសរដ្ឋសភា ដែលបានអនុម័តច្បាប់ចំនួនបី ទាក់ទងនឹងការកែទម្រង់ប្រព័ន្ធតុលាការ ដែលមានខ្លឹមសារចន្លោះប្រហោង ហើយបានអំពាវនាវសុំឲ្យដាក់ច្បាប់ទាំងនោះ ពិភាក្សាជាសាធារណៈជាថ្មីម្ដងទៀត។
កាលពីថ្ងៃទី២២ ឧសភា រដ្ឋសភា ដែលសុទ្ធជាសមាជិកគណបក្សប្រជាជន បានអនុម័តច្បាប់ទាំងបី នេះ ហើយច្បាប់ទាំងបីនេះ នឹងត្រូវបញ្ជូនទៅឲ្យព្រឹទ្ធសភាអនុម័តបន្ត នៅពេលឆាប់ៗនេះ ដែលធ្វើឲ្យអង្គការសង្គមស៊ីវិលមួយចំនួន ព្រួយបារម្ភយ៉ាងខ្លាំង។
សេចក្ដីថ្លែងការណ៍របស់សង្គមស៊ីវិលដដែល អំពាវនាវកុំឲ្យព្រឹទ្ធសភាអនុម័តច្បាប់ទាំងបីនោះ បន្តទៅទៀត ព្រោះថា បើសិនជាព្រឹទ្ធសភាអនុម័តច្បាប់ទាំងនោះ នឹងធ្វើឲ្យមានភាពអយុត្តិធម៌នៅក្នុងសង្គម រឹតតែខ្លាំងឡើងថែមទៀត។
មន្ត្រីតំណាងសង្គមស៊ីវិល ត្រូវបានសេចក្ដីថ្លែងការណ៍នោះស្រង់សម្ដីថា ៖ «យើងខ្ញុំ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដូចមានរាយនាមខាងក្រោម សូមអំពាវនាវឲ្យព្រឹទ្ធសភាកម្ពុជា ពន្យារពេលការពិនិត្យសេចក្ដីព្រាងច្បាប់ចំនួនបី ទាក់ទងនឹង "ការកែទម្រង់" ប្រព័ន្ធតុលាការ ដែលរដ្ឋសភាបានអនុម័ត ហើយប្រសិនបើច្បាប់នេះ ត្រូវបានអនុម័តដោយព្រឹទ្ធសភាទៀតនោះ អាចនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់នីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា»។
មន្ត្រីសង្គមស៊ីវិលយល់ឃើញថា បើសិនជាសេចក្ដីព្រាងច្បាប់នេះត្រូវបានព្រឹទ្ធសភាអនុម័ត និងក្រុមប្រឹក្សាធម្មនុញ្ញសម្រេចយល់ព្រម នឹងធ្វើឲ្យរដ្ឋាភិបាលពង្រឹងអំណាចគ្រប់គ្រងរបស់ខ្លួន កាន់តែខ្លាំងឡើង លើប្រព័ន្ធតុលាការ បើសិនជាច្បាប់នេះ នៅមានទម្រង់និងខ្លឹមសារដូចសភាអនុម័តពេលនេះ។ ក្រុមសង្គមស៊ីវិលបានអំពាវនាឲ្យដាក់សេចក្ដីព្រាងទាំងនោះ ពិភាក្សាជាសាធារណៈ ដើម្បីធ្វើច្បាប់ទាំងនោះ មានលក្ខណៈពេញលេញ តាមបទដ្ឋានអន្តរជាតិ។
សេចក្ដីថ្លែងការណ៍សរសេរថា ៖ «យើងខ្ញុំសូមអំពាវនាវជាថ្មី ឲ្យមានការពិគ្រោះយោបល់ជាសាធារណៈ និងទូលំទូលាយ ដើម្បីកែសម្រួលច្បាប់ទាំងនេះ ឲ្យសមស្របនឹងបទដ្ឋានអន្តរជាតិ»។
ឆ្លើយតបទៅនឹងសេចក្ដីអំពាវនាវរបស់សង្គមស៊ីវិលនេះ អគ្គលេខាធិការ និងជាអ្នកនាំពាក្យព្រឹទ្ធសភា លោក អ៊ុំ សារឹទ្ធ បញ្ជាក់ថា ការសម្រេចថា ពិភាក្សាឬមិនពិភាក្សាលើសេចក្ដីព្រាងច្បាប់ទាំងបីនោះ គឺមិនមែនជាសមត្ថកិច្ចរបស់អគ្គលេខាធិការព្រឹទ្ធសភាសម្រេចទេ ៖ « ធម្មតាសេចក្ដីព្រាងច្បាប់ដែលបញ្ជូនមកពីរដ្ឋសភា គឺត្រូវចូលទៅគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការអចិន្ត្រៃយ៍ ត្រូវសម្រេចថា តើត្រូវឲ្យគណៈកម្មាធិការណាត្រួតពិនិត្យ។ អ៊ីចឹង គណៈកម្មាធិការគាត់នឹងយកទៅពិនិត្យ ក្នុងពេលវេលាកំណត់ក្នុងមាត្រា ១១៣ ថ្មីនៃរដ្ឋធម្មនុញ្ញ។ ប៉ុន្តែគ្រាន់តែចង់ជម្រាបថា រហូតមកដល់ថ្ងៃនេះ អត្ថបទច្បាប់ទាំងបីនៅមិនទាន់មកដល់ព្រឹទ្ធសភានៅឡើយទេ ខាងរដ្ឋសភាកំពុងកែសម្រួលទៅតាមអ្វីដែលបានអនុម័តក្នុងកិច្ចប្រជុំពេញអង្គ...»។
សេចក្ដីព្រាងច្បាប់ទាំងបី ដែលរដ្ឋសភាអនុម័តនោះ មានដូចជា៖ សេចក្ដីព្រាងច្បាប់ ស្ដីពីការរៀបចំអង្គតុលាការ សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈ ចៅក្រម និងព្រះរាជអាជ្ញា និងសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម។
តាមនីតិវិធីច្បាប់ សេចក្ដីព្រាងច្បាប់ដែលរដ្ឋសភាបានអនុម័តរួច នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ពេលព្រឹទ្ធសភាអនុមតិហើយ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យសម្រេច មុននឹងថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខា ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។