សាច់ញាតិ​ប្ដឹង​ទៅ​តុលាការ​រក​យុត្តិធម៌​ករណី​បុរស​ម្នាក់​ស្លាប់​ពេល​ជាប់​ឃុំ នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង

ម្ដាយ​មីង​របស់​បុរស​ម្នាក់​ដែល​ស្លាប់​ក្នុង​ពេល​ជាប់​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង​ បាន​ប្ដឹង​ទៅ​តុលាការ ដើម្បី​ឱ្យ​ជួយ​រក​យុត្តិធម៌​ដល់​ក្មួយ។ លោក​ស្រី​នៅ​តែ​សង្ស័យ​ថា ក្មួយ​ប្រុស​របស់​ខ្លួន ​ស្លាប់​ដោយ​ការ​ធ្វើ​ទារុណកម្ម គឺ​ពុំ​មែន​​ជា​ការ​ធ្វើ​អត្តឃាត​ដោយ​ខ្លួន​ឯង​ឡើយ។

ម្ដាយ​មីង​របស់​ជន​រង​គ្រោះ​លោកស្រី យន គិម ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី៨ ឧសភា​ថា មូលហេតុ​ដែល​លោក​ស្រី​ប្ដឹង ពីព្រោះ​យល់​ថា ក្មួយ​ប្រុស​ស្លាប់​ដោយ​អយុត្តិធម៌។ លោក​ស្រី​បញ្ជាក់​ថា​ ការ​ប្ដឹង​នេះ​​ គឺ​ដើម្បី​ឱ្យ​តុលាការ​ជួយ​រក​យុត្តិធម៌ និង​ចាប់​អ្នក​ពាក់ព័ន្ធ​ដែល​វាយ​ធ្វើ​ទារុណកម្ម​លើ​ក្មួយ​ប្រុស​របស់​លោកស្រី ឈ្មោះ អន ទិត្យ ដាក់​ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់៖ «វា​អយុត្តិធម៌​ពេក​ចំពោះ​ប្រជា ពលរដ្ឋ​ក្រីក្រ ដែល​គ្មាន​អំណាច។ ខ្ញុំ​អះអាង​ថា មាន​ការ​វាយ​ធ្វើ​ទារុណកម្ម ពីព្រោះ​វា​អត់​មាន​ចំណុច​ណា​ដែល​ក្មួយ​ខ្ញុំ​ធ្វើ​អត្តឃាត​ដោយ​ខ្លួន​ឯង​ទេ​ ។មនុស្ស​សរសៃ​ប្រាសាទ គឺ​គាត់​មិន​អាច​សម្លាប់​ខ្លួន​រឿង​បែប​នេះ​ទេ គាត់​អាច​ជា​លង់​ទឹក គាត់​អាច​ជា​ចង​ក និង​ដើរ​ចូល​ឡាន​ខ្ញុំ​ជឿ​ខ្លះ។ តែ​នេះ​ធ្វើ​ទារុណកម្ម​ពិតៗ​តែ​ម្ដង​ ពីព្រោះ​ដៃ​ដាក់​ខ្នោះ ជើង​ដាក់​ច្រវាក់​ តើ​គាត់​មាន​អាវុធ​អី​យក​ទៅ​ចាក់​ដៃ​ខ្លួន​ឯង​ ហើយ​ស្នាម​ខ្នង​គាត់​យក​អី​ទៅ​វាយ​ខ្លួន​គាត់ »

បណ្ដឹង​របស់​គ្រួសារ​ជន​រង​គ្រោះ​នេះ ត្រូវ​បាន​សាលាដំបូង​ខេត្ត​បាត់ដំបង ​ប្រថាប់​ត្រា​ទទួល​យក ហើយ​កាល​ពី​ថ្ងៃ​ទី៧ ឧសភា។

ជនរងគ្រោះ ឈ្មោះ អន ទិត្យ អាយុ ៣៨ឆ្នាំ​រស់​នៅ​ភូមិ​រំចេក៤ សង្កាត់​រតនៈ​ក្រុង​បាត់ដំបង បាន​ស្លាប់ នៅ​ពេល​មន្ត្រី​ពន្ធនាគារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៣០ មេសា។ នៅ​លើ​ដង​ខ្លួន​សព មាន​ស្នាម​ជាំ​ជា​ច្រើន​កន្លែង ដូច​ជា​ដៃ ជើង ខ្នង និង​ចង្កេះ​មាន​ស្នាម​ជាំ​ឆូតៗ ដូច​ជា ត្រូវ​គេ​វាយ​ដំ​នឹង​ដំបង ឬ​ខ្សែ​ភ្លើង ហើយ​ក​របស់​ជន​រង​គ្រោះ​ទន់​ខុស​ប្រក្រតី។ សំបុត្រ​ពេទ្យ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​មាន​ជំងឺ​វិកលចរិត ហើយ​ត្រូវ​បាន​​​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១៩ មេសា បន្ទាប់​ពី​គាត់​ចូល​ទៅ​បើក​ឡាន​របស់​អ្នក​ភូមិ​ម្នាក់​បុក​របង​ផ្ទះ​គេ​បណ្ដាល​ឱ្យ​ខូច​ផ្នែក​ខាង​មុខ​ឡាន ហើយ​សាច់ញាតិ​ពុំ​មាន​ប្រាក់​បង់​ថ្លៃ​ខូច​ខាត​គ្រប់​ចំនួន​ដល់​ម្ចាស់​ឡាន ទើប​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង។

ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី៤ ឧសភា​ថា ខាង​ពន្ធនាគារ​ខេត្ត​បាត់ដំបង​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ថា សំណុំ​រឿង​នេះ គឺ​ជន​ជាប់​ឃុំ​ស្លាប់​ដោយ​ខ្លួន​ឯង គឺ​ពុំ​មែន​បណ្ដាល​មក​ពី​ការ​ប្រើ​ហិង្សា ឬ​ការ​ធ្វើ​ទារុណកម្ម​ណា​មួយ​នោះ​ឡើយ៖‍ «ហើយ​ជា​គោល​ការ​ច្បាប់​បើ​សិន​សាច់ញាតិ​មិន​សុខ​ចិត្ត​គាត់​មិន​ទទួល​យក​ការ​បំភ្លឺ​នេះ​គាត់​អាច​ធ្វើ​ការ​ប្ដឹង​​ផ្ដល់​បន្ត​ទៀត​ តាម​នីតិ​វិធី​ច្បាប់ ឱ្យ​តែ​គាត់​មាន​មូលដ្ឋាន​មាន​ភស្តុតាង​ច្បាប់​លាស់​ ដើម្បី​បញ្ជាក់​ទៅ​លើ​ការ​តវ៉ា​របស់​គាត់​បាទ »

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េង​លី មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ មាន​មន្ទិល​សង្ស័យ​ជា​ច្រើន ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​ស៊ើប​អង្កេត​ឱ្យ​បាន​ល្អិតល្អន់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ស្លាប់។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ជន​រង​គ្រោះ​ស្លាប់​ដោយ​ការ​ធ្វើ​ទារុណកម្ម​មែន គឺ​តុលាការ​ត្រូវ​ដាក់​ទោស​ជន​ប្រព្រឹត្ត​តាម​ច្បាប់៖ «ព្រោះ​ថា​មន្ទិល​សង្ស័យ​យ៉ាង​ម៉េច ព្រោះ​ថា សព​ហ្នឹង​មិន​មែន​ស្លាប់​ដោយ​សារ​ជំងឺ​អី​ទេ វា​ការ​សង្ស័យ​ការ​ស្លាប់​នេះ វា​អាច​ការ​ធ្វើ​ទារុណកម្ម ប៉ុន្តែ​យើង​មិន​ច្បាស់​ថា អ្នក​ណា​ជា​អ្នក​ធ្វើ​ទារុណកម្ម។ តែ​កាល​ណា​គាត់​នៅ​ក្នុង​ពន្ធនាគារ​គាត់​អាច​ស្លាប់ ហើយ​មាន​ការ​សង្ស័យ​ថា ការ​ធ្វើ​ទារុណកម្ម អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ពន្ធនាគារ គឺ​អ្នក​ទទួល​ខុស​ត្រូវ​នៅ​លើ​​បញ្ហា​ទាំង​អស់​ហ្នឹង ហើយ​ដើម្បី​ស្វែង​រក​ជន​ដៃ​ដល់​បន្ថែម​ទៀត »

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ទៀត​ថា សំណុំ​រឿង​នេះ ជន​រង​គ្រោះ​ហាក់​រង​អំពើ​អយុត្តិធម៌​តាំង​ពី​ដើម​ដំបូង ព្រោះ​សមត្ថកិច្ច​ចាប់​ជន​វិកលចរិត​ដាក់​ពន្ធនាគារ ដោយ​ខុស​ច្បាប់។ ម្យ៉ាង​ទៀត លោក​ថា នេះ​ជា​រឿង​រដ្ឋប្បវេណី ដែល​សាច់ញាតិ​របស់​ជនរងគ្រោះ អាច​ផ្ដល់​សំណង​បញ្ចប់​រឿង​បាន ដោយ​ពុំ​អាច​ចាប់​ចង​មនុស្ស​ដាក់​ពន្ធនាគារ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។