សមត្ថកិច្ចចាប់ខ្លួនមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ទៀតក្រោយពីបានដឹកជនជាតិចិនចំនួន ២៨នាក់ពីទីក្រុងភ្នំពេញទៅព្រំដែនបាវិត ខេត្តស្វាយរៀង បំពានទៅនឹងបម្រាមរបស់រដ្ឋាភិបាលក្នុងខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាលខ្លាំងនៅក្នុងសហគមន៍។
សមត្ថកិច្ចចាប់ខ្លួនលោក ស៊ុំ ពៅ មន្ត្រីយោធាផ្កាយពីរម្នាក់នៅក្នុងក្រសួងការពារជាតិដោយចោទប្រកាន់ពីបទរត់ពន្ធមនុស្សក្រោយពីរដ្ឋាភិបាលបានដាក់បម្រាមមិនឱ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។
អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២២ មេសាថា សមត្ថកិច្ចកំពុងសាកសួរលោក ស៊ុំ ពៅ បញ្ជូនខ្លួនទៅតុលាការ។
សូមគោរពរាយការណ៍ជូនឯកឧត្តមជាទីគោរព: មន្ត្រីយោធាផ្កាយ២ ថ្នាក់ឧត្តមសេនីយ៍ទោម្នាក់ និងបក្សពួក០៦នាក់ទៀត...
Posted by Kanharith Khieu on Thursday, April 22, 2021
ចំណែកជនជាតិចិនទាំង ២៨ នាក់សមត្ថកិច្ចដាក់ឱ្យធ្វើចត្តាឡីស័ក ចំនួន១៤ ថ្ងៃសិននៅមុននឹងសម្រេចថា តើពួកគេនឹងត្រូវទទួលទោសបែបណា៖ «យើងអត់ទាន់ចោទថា ម៉េចនៅឡើយទេ កំពុងប្រមូលភស្តុតាង ប្រមូលសាក្សី និងប្រមូលព័ត៌មានបន្ថែម»។
ពាក់ព័ន្ធ នឹងរឿងជនជាតិចិននេះផងដែរ តុលាការខេត្តកំពត កាលពីថ្ងៃទី២២ មេសា បានសម្រេចចេញដីកាឃុំខ្លួនជនជាតិចិនចំនួន ១៤នាក់ និងជនជាតិខ្មែរម្នាក់ បន្ទាប់ពីបានធ្វើដំណើរពីខេត្តព្រះសីហនុ មកទីក្រុងភ្នំពេញដោយឆ្លងកាត់ខេត្តកំពត។
ដោយឡែកសមត្ថកិច្ចខេត្តចំនួនពីរខេត្តផ្សេងទៀត គឺខេត្តកែប និង ខេត្តកំពង់ស្ពឺ ក៏ឃាត់ខ្លួនមនុស្ស បំពាន បំរាមរាំងខ្ទប់រដ្ឋាភិបាលដែរ។
សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ៧នាក់ និងខ្មែរម្នាក់បន្ទាប់ពីបានធ្វើដំណើរ ពីខេត្តព្រះសីហនុ ឆ្ពោះទៅប្រទេសវៀតណាម ដោយឆ្លងកាត់ខេត្តកែប។ ចំណែក ខេត្តកំពង់ស្ពឺឯណោះវិញសមត្ថកិច្ច បានចាប់ខ្លួនជនជាតិឥណ្ឌូណេស៊ី ១៦នាក់ និងជនជាតិខ្មែរចំនួន ២នាក់ បន្ទាប់ពីពួកគេធ្វើដំណើរពី ខេត្តបន្ទាយមានជ័យ ឆ្ពោះមកទីក្រុងភ្នំពេញ។
សមត្ថកិច្ចឱ្យដឹងថា មនុស្សទាំង ១៦នាក់នេះកំពុងដាក់ឱ្យនៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃសិន មុននឹងសម្រេចបញ្ជូនទៅតុលាការ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដ (Adhoc) លោក សឹង សែនករុណា ស្វាគមន៍អាជ្ញាធរចាត់វិធានការលើមន្ត្រីយោធាប្រើអំណាចរំលោភបំរាម៖ «ពីព្រោះគាត់ជាមន្ត្រីជាន់ខ្ពស់គាត់គួរតែដឹងពីវិធានការរដ្ឋបាលរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ មិនគួរណាគាត់ទៅប្រើប្រាស់តួនាទីខ្លួនឯងដើម្បីរកប្រយោជន៍នៅក្នុងបរិបទដែលគេកំពុងតែមានការភ័យខ្លាចរាតត្បាតជំងឺនេះជាច្រើន»។
គិតចាប់ពីថ្ងៃទី១៥ មេសា មកដល់ថ្ងៃទី២២ មេសា ក្រោយចេញបម្រាមបិទខ្ទប់ទីក្រុង អាជ្ញាធរក្រុងភ្នំពេញ ឃាត់ខ្លួនពលរដ្ឋខ្មែរ និងបរទេសប្រមាណជិត ២០០នាក់ ដោយភាគច្រើន អ្នកទាំងនោះ រងការពិន័យជាប្រាក់ និងមួយចំនួន ត្រូវឃុំខ្លួននៅពន្ធនាគារ និងខ្លះទៀតត្រូវបញ្ជូនទៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។