តុលាការខេត្តឧត្តរមានជ័យឃុំខ្លួនពលរដ្ឋ៧នាក់ពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ
2022.12.13
តុលាការខេត្តឧត្តរមានជ័យឃុំខ្លួនពលរដ្ឋ ៧នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីថ្ងៃទី១២ ខែធ្នូ ពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា ពលរដ្ឋទាំង ៧នាក់ ដែលត្រូវតុលាការឃុំខ្លួននេះមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូឈ្មោះ សុខ សំណាង។
អ្នកការពារសិទ្ធិមនុស្សក្នុងស្រុកបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានចាប់ខ្លួនពលរដ្ឋ ៧នាក់បញ្ជូនទៅតុលាការ កាលពីថ្ងៃទី១០ ខែធ្នូ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបញ្ជាក់ពីអាជ្ញាធរពាក់ព័ន្ធពីការចាប់ឃុំខ្លួនពលរដ្ឋ និងបទចោទប្រកាន់ពលរដ្ឋទាំង៧នាក់នៅឡើយទេគិតមកត្រឹមម៉ោងផ្សាយនេះ។
ទោះជាយ៉ាងណាស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីបំភ្លឺមួយខែ កញ្ញា កន្លងទៅថា អាជ្ញាធរទទួលស្គាល់ថា ក្រុមហ៊ុន សុខ សំណាង ជាម្ចាស់ស្របច្បាប់លើដីដែលមានទំនាស់ ដែលមានពលរដ្ឋចំនួន៣០នាក់ប៉ុនប៉ងទន្ទ្រានយក។ ស្នងការនគរបាលដដែលអះអាងថា ក្រុមហ៊ុនបានឈ្នះក្ដីនៅតុលាការ ហើយកងកម្លាំងសមត្ថកិច្ចសហការចុះអនុវត្តសាលក្រមរបស់តុលាការ ដោយតម្រូវឱ្យពលរដ្ឋចាកចេញពីទីតាំងមានជម្លោះ ប៉ុន្តែករណីនេះធ្លាប់កើតមានការប៉ះទង្គិចគ្នាដោយហិង្សាជាច្រើនសារមកហើយ។ លើសពីនេះកម្លាំងអាជ្ញាធរបានសុំគោលការណ៍ពីស្ថាប័នតុលាការ ដើម្បីឃាត់ខ្លួនពលរដ្ឋថែមទៀត។
ចំណែកប្រជាពលរដ្ឋវិញអះអាងថា ការតតាំងគ្នាជាមួយអាជ្ញាធរក៏ដោយសារពួកគាត់គ្មានជម្រើស ដើម្បីការពារលំនៅឋាន ដែលអាជ្ញាធរគំរាមថា នឹងឈូសឆាយកំទេចចោល និងការពារមិនឱ្យអាជ្ញាធរចាប់ខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសថា អាជ្ញាធរមិនត្រូវចាប់ឃុំខ្លួនប្រជាពលរដ្ឋដោយពួកគេគ្រាន់តែមានជម្លោះដីធ្លីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។