ស្ត្រីបឹងកក់ ២នាក់ រងរបួសស្រាលនៅព្រឹកថ្ងៃទី១០ កក្កដា ដោយសារប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ច និងក្រុមសន្តិសុខខណ្ឌដូនពេញ ដែលបានបណ្ដេញពួកគេមិនឲ្យឈរតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ។
ស្ត្រីបឹងកក់ សហគមន៍បុរីកីឡា និងសហគមន៍ថ្មគោល ប្រមាណជាង ៥០នាក់ បាននាំគ្នាទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្ដឹងមួយទៅតុលាការនេះ ប្ដឹង លោកស្រី តុល ស្រីពៅ អតីតតំណាងសហគមន៍បឹងកក់ ដែលបានប្រើហិង្សាដោយចេតនាទៅលើ លោកស្រី ង៉ែត ឃុន ហៅយាយ មុំាមី អាយុ ៧៥ឆ្នាំ កាលពីថ្ងៃទី២៨ មិថុនា នៅភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប៉ុន្តែពេលកំពុងឈរតវ៉ាស្នើសុំឲ្យតុលាការទទួលពាក្យបណ្ដឹង និងចាត់ការរឿងនេះ ស្រាប់តែកម្លាំងសមត្ថកិច្ច និងក្រុមសន្តិសុខមានខែល និងដំបងមករុញច្រានពួកគេ មិនឲ្យឈរតវ៉ានៅមុខតុលាការ ដោយឲ្យទៅតវ៉ានៅផ្លូវម្ខាងទៀតជំនួស។
លោកស្រី សុង ស្រីលាភ តំណាងសហគមន៍បឹងកក់ បញ្ជាក់ថា ការរុញច្រានគ្នាទៅវិញទៅមកនោះ ធ្វើឲ្យស្ត្រីបឹងកក់ ២នាក់របួសស្រាល ហើយម្នាក់ទៀតដោយភ័យពេកក៏សន្លប់នៅលើគំនរសំរាមក្បែរនោះ។
មន្ត្រីសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា មូលហេតុដែលរារាំងមិនឲ្យតវ៉ានៅមុខតុលាការនេះ គឺដើម្បីការពារសុវត្ថិភាពសណ្ដាប់ធ្នាប់របៀបរៀបរយ និងការកកស្ទះចរាចរណ៍ ហើយសមត្ថកិច្ចគ្មានចេតនាធ្វើឲ្យពួកគេរបួសទេ។
លោកស្រី សុង ស្រីលាភ ប្រាប់ថា តុលាការបានយល់ព្រមទទួលពាក្យបណ្ដឹងរបស់ លោកស្រី ង៉ែត ឃុន ហៅយាយ មុំាមី រួចហើយ៖ «ចេតនាពួកខ្ញុំក៏មិនចង់ប្ដឹងបុគ្គលហ្នឹងដែរ ព្រោះគាត់ គឺជាអតីតតំណាងនៅសហគមន៍ខ្ញុំដែរ ប៉ុន្តែបើយើងមិនដាក់ពាក្យបណ្ដឹងគាត់នៅក្នុងថ្ងៃនេះទេ ពីការប្រើប្រាស់អំពើហិង្សាលើ លោកស្រី ង៉ែត ឃុត ទេ អាចបង្កឲ្យជនហ្នឹងបានដៃក្នុងការឃុបឃិតជាមួយរដ្ឋាភិបាល និងអាជ្ញាធរក្នុងខណ្ឌដូនពេញ នឹងប្រព្រឹត្តបទល្មើសច្រើនទៀតដែរ ព្រោះជាក់ស្តែង ពេលថ្មីៗនេះគាត់បានតេមកគំរាម លោកស្រី ទេព វន្នី សម្លាប់រួចដើរចូលគុកអ៊ីចឹង យើងត្រូវតែដាក់ពាក្យបណ្ដឹងដាច់ខាតចំពោះបុគ្គលហ្នឹង»។
កាលពីថ្ងៃទី២៨ មិថុនា លោកស្រី តុល ស្រីពៅ បានយកដុំថ្មគប់ទៅលើ លោកស្រី ង៉ែត ឃុន ឲ្យរបួសក្បាលនៅពេលដែលលោកស្រី និងអ្នកបឹងកក់ផ្សេងទៀត ព្យាយាមទៅរារាំងមន្ត្រីកងរាជអាវុធហត្ថមួយក្រុម ដែលសង់បន្ទាយនៅតំបន់កំពុងមានទំនាស់នៅភូមិ២២។
ក្នុងពាក្យបណ្ដឹងដែល លោកស្រី ង៉ែត ឃុន ដាក់ទៅតុលាការ គឺទាមទារឲ្យតុលាការផ្ដន្ទាទោស និងបង្គាប់ឲ្យ លោកស្រី តុល ស្រីពៅ សងថ្លៃព្យាបាល និងជំងឺចិត្តដល់គាត់ចំនួន ៥០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។