សាលាឧទ្ធរណ៍​ខេត្ត​បាត់ដំបង​បដិសេធ​បណ្ដឹង​ជំទាស់​របស់​លោក កង សារ៉ន

ដោយ ហ៊ុំ ចំរើន
2024.02.15
សាលាឧទ្ធរណ៍​ខេត្ត​បាត់ដំបង​បដិសេធ​បណ្ដឹង​ជំទាស់​របស់​លោក កង សារ៉ន (ពីស្ដាំ) លោក កង សារ៉ន កូនស្រី និងប្រពន្ធ លោកស្រី ហង្ស ត្រឹប កាលលោកនៅមានសេរីភាព​ជាមួយគ្រួសារ។
រូប៖ ហ្វេសប៊ុក ហង្ស ត្រឹប

សាលាឧទ្ធរណ៍​ប្រចាំ​តំបន់​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ បាន​ប្រកាស​សាលដីកា ដោយ​បដិសេធ​បណ្ដឹង​ជំទាស់​របស់​សកម្មជន​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម លោក កង សារ៉ន ដោយ​រក្សា​ការ​សម្រេច​របស់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ឱ្យ​លោក កង សារ៉ន ជាប់​ពន្ធនាគារ ៣​ឆ្នាំ ដដែល។ ប៉ុន្តែ ការ​ប្រកាស​សាលដីកា​នេះ តុលាការ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​របស់ លោក កង សារ៉ន បាន​ចូលរួម​ស្ដាប់ និង​មានឱកាស​ជួប​មុខ​ប្ដី​ឡើយ។

ប្រពន្ធ​របស់​លោក កង សារ៉ន គឺ​លោកស្រី ហង្ស ត្រឹប ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ ថា ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ ប្រចាំ​តំបន់​ខេត្ត​បាត់ដំបង នេះ​គឺជា​រឿង​អយុត្តិធម៌។ លោកស្រី​បញ្ជាក់​ថា លោកស្រី​នឹង​ដាក់​ពាក្យបណ្ដឹង ទៅ​តុលាការ​កំពូល​ក្រុងភ្នំពេញ​បន្ត​ទៀត ដើម្បី​រក​យុត្តិធម៌​ឱ្យ​ប្ដី។

លោកស្រី ហង្ស ត្រឹប៖ «បើ​គេ​មិន​លើកលែងទោស​ឱ្យ ក៏​នៅ​ទៀត​ទៅ គាត់​(​កង សារ៉ន​) ថា​អ៊ីចឹង​ឯង​។ តស៊ូ​ទៀត​ទៅ ធ្វើ​ម៉េច​ឯង បើ​គ្រាន់តែ​ខ្ញុំ​និយាយ​ប៉ុណ្ណោះ មាន​ទោស ត្រូវ​ដាក់​បន្ត​ទៀត មិនដឹង​ធ្វើ​ម៉េច​ទេ​(​លោក កង សារ៉ន ប្រាប់​ប្រពន្ធ​)​។ និយាយ​ប៉ុណ្ណោះ ក៏​ប្រាប់​ខ្ញុំ​ថា ទៅផ្ទះ​វិញ​ទៅ​ឯង ហើយ​ខ្ញុំ​ក៏​ចេញ​មក​ផ្ទះ​ទៅ។ ថ្ងៃ​នេះ ខ្ញុំ​មក​តាំង​ពី​ព្រឹក ចាំ​មើល​ក្រែង​គេ​ឱ្យ​ជួប ប៉ុន្តែ​នៅ​តែ​មិន​បាន​ជួប ហើយក៏​មាន​គេ​ប្រាប់​ខ្ញុំ​ថា ឱ្យ​ទៅ​ផ្ទះ​សិន​ទៅ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង និង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​បាត់ដំបង​អ្នកស្រី ទៀង សំបូរ ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​១៥ ខែកុម្ភៈ។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន មាន​ប្រសាសន៍​សោកស្ដាយ​នៃ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នេះ។

លោក ភុន ឈិន៖ «យើង​ឃើញ​ថា អ្វី​ដែល​គាត់​លើកឡើង​នឹង​វា​គ្រាន់តែ​ជា​ការ​បញ្ចេញ​មតិយោបល់​ទស្សន​របស់​គាត់​ទាក់ទង​នឹង​ជំនឿ​នយោបាយ​របស់​គាត់​។ ហើយ​ករណី​ហ្នឹង​ខ្ញុំ​គិតថា​គ្មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ដែល​ចាត់ជា​បទល្មើស​នៅក្នុង​មាត្រា​៤៩៥​នឹង​ទេ​បាទ​!»

កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​បាត់ដំបង​បាន​បើកសវនាការ ជម្រះក្ដី​ក្នុង​សំណុំរឿង​របស់​លោក កង សារ៉ន។ នៅក្នុង​សវនាការ​សាកសួរ លោក កង សារ៉ន បាន​បញ្ជាក់​នៅមុខ​តុលាការ​ថា លោក​ជា​មនុស្ស​ស្អាតស្អំ ដោយ​ពុំបាន​ប្រព្រឹត្ត​ខុសច្បាប់​ដូច​ការចោទប្រកាន់​របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ឡើយ។ ទន្ទឹម​គ្នា​នេះ លោក​បាន​បង្ហាញ​ឆន្ទៈ ដោយ​សុខចិត្ត​ស៊ូទ្រាំ​លំបាក​នៅក្នុង​ពន្ធនាគារ ទោះបីជា ស្ថានភាព​គ្រួសារ​ក្រីក្រ និង​ជំពាក់​បំណុល​ធនាគារ យ៉ាងណាក្ដី។

លោក កង សារ៉ន រស់នៅ​ភូមិ​បន្ទាយ​១ ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំខ្លួន​ដាក់​ក្នុង​ពន្ធនាគារ កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ បន្ទាប់ពី​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៣​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​វីដេអូ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០២៣។ នៅ​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​នោះ លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​ក្រោយ​ពី​បក្ស​ប្រជាជន​ឈ្នះ​ឆ្នោត នឹង​មាន​វិធានការ​ដេញ​ពលរដ្ឋ​វៀតណាម ចេញ​ឬ​បន្ត​ឱ្យ​ហូរ​ចូល​ដោយ​ខុសច្បាប់​បន្ត​ទៀត?

កាល​នៅ​មាន​សេរីភាព លោក កង សារ៉ន ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មូលហេតុ​ដែល​លោក​បញ្ចេញមតិ​នៅ​លើ​បណ្ដាញ​សង្គម​គឺ​លោក​ចង់បាន​សង្គម​មាន​យុត្តិធម៌ ព្រមទាំង​ចង់​ឃើញ​មេដឹកនាំ​ប្រទេស​បើក​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ និង​ស្តា​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។