អង្គការសង្គមស៊ីវិល៤៨អំពាវនាវឲ្យសាលាឧទ្ធរណ៍បដិសេធការផ្ដន្ទាទោសសកម្មជនបរិស្ថាន៣រូប
2017.01.29
អង្គការសង្គមស៊ីវិលចំនួន៤៨ បានចេញសេចក្ដីថ្លែងការណ៍រួម អំពាវនាវឲ្យសាលាឧទ្ធរណ៍បដិសេធការផ្ដន្ទាទោសសកម្មជនបរិស្ថាន ៣រូប ខណៈដែលសាលាឧទ្ធរណ៍គ្រោងបើកសវនាការ នៅថ្ងៃទី៣១ ខែមករា។ ការអំពាវនាវនេះ បន្ទាប់ពីពួកគេយល់ថា សេចក្ដីសម្រេចរបស់សាលាដំបូងខេត្តកោះកុង ពុំត្រឹមត្រូវ។
អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍មានទំនាស់ដីធ្លីចំនួន ៤៨ អំពាវនាវឲ្យសាលាឧទ្ធរណ៍បដិសេធសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តកោះកុង ដែលផ្ដន្ទាទោសសកម្មជនការពារបរិស្ថាននៃអង្គការមាតាធម្មជាតិ ៣រូប រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង។
ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួមមួយ ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ស្របពេលដែលសាលាឧទ្ធរណ៍គ្រោងបើកសវនាការលើសំណុំរឿងអ្នកទាំង៣ នៅថ្ងៃទី៣១ ខែមករា ខាងមុខ។
សកម្មជនបរិស្ថានម្នាក់ គឺលោក សាន់ ម៉ាឡា ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស បានប្រាប់អាស៊ីសេរី ថា ពួកលោកទាំង ៣នាក់ នឹងមិនចូលរួមសវនាការនៅសាលាឧទ្ធរណ៍នៅថ្ងៃទី៣១ ខែមករា នោះទេ ដោយបារម្ភខ្លាចសាលាឧទ្ធរណ៍សម្រេចក្ដីធ្ងន់ធ្ងរជាងមុន ប្រសិនបើព្រះរាជអាជ្ញាប្តឹងដែរនោះ៖ «ដោយសារយើងមិនជឿជាក់តុលាការនៅក្នុងស្រុកខ្មែរ ហើយយើងឃើញថា កន្លងមកតុលាការមិនដែលផ្តល់យុត្តិធម៌ដល់សកម្មជន ឬប្រជាពលរដ្ឋក្រីក្រដែលមានបញ្ហាជាមួយអ្នកមានអំណាច ឬក្រុមហ៊ុនណាមួយទេ។ ដូច្នេះហើយ ទើបយើងធ្វើពហិការមិនចូលរួមសវនាការនៅក្នុងសាលាឧទ្ធរណ៍នេះទេ»។
សកម្មជនបរិស្ថានទាំង ៣រូប ត្រូវបានតុលាការខេត្តកោះកុង ផ្ដន្ទាទោសដាក់ពន្ធនាគារ ១៨ខែ និងពិន័យជាប្រាក់ ២លានរៀល ព្រមទាំងបង្គាប់ឲ្យសងសំណងខូចខាត ១០០លានរៀលទៅឲ្យក្រុមហ៊ុនបូមខ្សាច់ដែលប្ដឹងពួកគេពីបទព្រហ្មទណ្ឌ កាលពីដើមខែកក្កដា ឆ្នាំ២០១៦។ អ្នកទាំង៣ រងការចោទថា ជាអ្នកផ្ដើមគំនិតក្នុងបទល្មើស "គំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ" តាមមាត្រា២៨ និងមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។ សកម្មជនទាំង ៣រូប ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេល ១០ខែ និង ១៥ថ្ងៃ មុនពេលតុលាការសម្រេចព្យួរទោសដែលនៅសេសសល់។
សកម្មជនបរិស្ថានទាំង ៣រូប ត្រូវបានឃាត់ខ្លួនដោយសារបានគាំទ្រសហគមន៍ភូមិអណ្ដូងទឹក ស្ថិតក្នុងខេត្តកោះកុង ដើម្បីតវ៉ាប្រឆាំងនឹងការបូមខ្សាច់របស់ក្រុមហ៊ុន កាលពីឆ្នាំ២០១៥។ ប៉ុន្តែចាប់តាំងពីនោះមក រាជរដ្ឋាភិបាលក៏បានអះអាងថា បានផ្អាកការបូមខ្សាច់ក្នុងខេត្តកោះកុង ហើយ។ ការផ្អាកនេះ ត្រូវបានអង្គការសង្គមស៊ីវិលមើលឃើញថា កើតចេញពីការខិតខំមួយផ្នែកធំជាបន្តបន្ទាប់របស់អង្គការមាតាធម្មជាតិ។
បើទោះបីជាយ៉ាងណាក៏ដោយចុះ សកម្មជនការពារបរិស្ថានទាំង ៣នាក់ កំពុងភៀសខ្លួនទៅក្រៅប្រទេស បន្ទាប់ពីរងការគំរាមកំហែង និងបំភិតបំភ័យពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។
ក្នុងសេចក្ដីថ្លែងការណ៍រួម អះអាងថា សកម្មជនបរិស្ថានទាំង ៣នាក់ មិនមែនជាឧក្រិដ្ឋជននោះទេ ពោលគឺពួកគេជាអ្នកការពារបរិស្ថានដ៏ក្លាហាន ដែលបានរួមចំណែកយ៉ាងធំធេង ដើម្បីការពារធនធានធម្មជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជា សម្រាប់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ និងសម្រាប់អ្នកជំនាន់ក្រោយ។ សេចក្ដីថ្លែងការណ៍ដដែលបន្តថា ប្រសិនបើការប្ដេជ្ញាចិត្តថ្មីៗនេះ របស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់លើវិស័យបូមខ្សាច់ត្រូវអនុវត្តយ៉ាងតឹងរ៉ឹងមែននោះ យុវជនការពារបរិស្ថានទាំងនេះ ត្រូវតែរួចទោស ហើយគួរតែត្រូវបានគេសរសើរ និងការពារ ជាជាងត្រូវរងការយាយីតាមផ្លូវច្បាប់។
លើសពីនេះ លោក ហ៊ុន សែន ធ្លាប់បានអំពាវនាវឲ្យអាជ្ញាធរចាត់វិធានការបង្ក្រាបលើសកម្មភាពទាញយកធនធានធម្មជាតិខុសច្បាប់ និងត្រូវពង្រឹងការអនុវត្តច្បាប់ ខណៈដែលរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថ្លែងថា យុវជនគឺជាកម្លាំងស្នូលដែលអាចលើកទឹកចិត្តឲ្យសាធារណជនចូលរួមដើម្បីការពារបរិស្ថាន និងទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ៕