យុទ្ធនាការ​បំបាត់​អំពើ​និទណ្ឌភាព មាន​អ្នក​ចូលរួម​បាន​ជាង ៧ម៉ឺន ១ពាន់​នាក់

អ្នក​ចូលរួម​យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ចុះ​ហត្ថលេខា​គាំទ្រ​យុទ្ធនាការ​នេះ បាន​ជាង ៧ម៉ឺន ១ពាន់​នាក់ (៧១.៧៧៧) គិត​មក​ត្រឹម​យប់​ថ្ងៃ​ទី៩ ខែមេសា។

ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បន្ត​ចុះ​ហត្ថលេខា​គាំទ្រ​យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ដល់​ជន​ល្មើស​នៅ​កម្ពុជា​នេះ ដោយ​គ្រោង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់ ដើម្បី​ដាក់​ញត្តិ​ទៅ​តុលាការ​អន្តរជាតិ​នានា ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​អយុត្តិធម៌ ក្រោម​របប​គ្រប់​គ្រង​របស់​លោក ហ៊ុន សែន។

គណៈកម្មការ​ស្រាវជ្រាវ​សៀវភៅ​ស ឲ្យ​ដឹង​ថា សំណុំ​រឿង​ធំៗ ដែល​កំពុង​ចងក្រង​នោះ​រួមមាន ព្រឹត្តិការណ៍​បោក​គ្រាប់​បែក​ចូល​ហ្វូង​បាតុករ​ដឹកនាំ​ដោយ លោក សម រង្ស៊ី ក្នុង​ពេល​តវ៉ា​ទាមទារ​រក​យុត្តិធម៌​សង្គម និង​ទាមទារ​ឱ្យ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​១៩៩៧ សំណុំរឿង​លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ករណី​សម្លាប់​អ្នកកាសែត សិល្បៈករ និង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ថ្ងៃ​ទី៥-៦ កក្កដា ឆ្នាំ​១៩៩៧។

គណៈកម្មការ​នេះ​ឲ្យ​ដឹង​ទៀត​ថា ការ​ចងក្រង​សៀវភៅ​ស នេះ​មាន​ជា​ទិស​ដៅ ដើម្បី​បង្ហាញ​ការ​ពិត​នៃ​រឿងរ៉ាវ​ឃាតកម្ម​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដែល​អ្នក​ជាប់​ពាក់ព័ន្ធ​មិន​ហ៊ាន​លាត​ត្រដាង ជា​ឯកសារ​ភស្តុតាង​ដ៏​រឹង​មាំ​មួយ ដើម្បី​ឈាន​ទៅ​បញ្ចប់​អំពើ​និទណ្ឌភាព​នៅ​កម្ពុជា។

សៀវភៅ​ស នេះ មាន​ចំនួន ៥ជំពូក។ ជំពូកទី១ និយាយ​ពី​ឃាតកម្ម លើ​មេ​ដឹក​នាំ សហជីព លោក ជា វិជ្ជា ករណី​បាញ់​សម្លាប់​អ្នក​វិភាគ​ឥត​សំចៃ​មាត់ លោក​បណ្ឌិត កែម ឡី និង​មនុស្ស​មួយ​ចំនួន​ទៀត។ ជំពូកទី២ រៀបរាប់​ពី​ករណី​បាញ់​សម្លាប់​សិល្បករ និង​អ្នក​កាសែត។ ជំពូ​ទី៣ ករណី​បោក​គ្រាប់បែក​ថ្ងៃ​ទី៣០ មិនា ឆ្នាំ​១៩៩៧។ ជំពូកទី៤ និយាយ​ពី​រដ្ឋប្រហារ​ឆ្នាំ១៩៩៧ និង​ជំពូក​ទី៥ ចងក្រង​ពី អំពើ​និទណ្ឌភាព និង​អំពើ​អយុត្តិធម៌​នៅ​កម្ពុជា៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។