បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ផ្លូវ​ភេទ​កុមារ​ក្រោម​អាយុ ១៣​ឆ្នាំ​២​នាក់

តុលាការ​ខេត្ត​កណ្ដាល ចោទប្រកាន់​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់ ពី​បទ​ទិញ​ពេស្យាចារ​កុមារ និង​បាន​រំលោភបំពាន​ផ្លូវ​ភេទ​លើ​កុមារា​ខ្មែរ ក្រោម​អាយុ​១៣​ឆ្នាំ ចំនួន​២​នាក់។

អង្គការ​សកម្មភាព​ដើម្បី​កុមារ អាស្យុង ប៉ូលេ ហ្សង់ហ្វង់ (Action Pour Les Enfants) ហៅ​កាត់​ថា APLE ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៨ ឧសភា ថា កុមារា​ក្រោម​អាយុ​ពីរ​នាក់ ត្រូវ​បាន​ជួយសង្គ្រោះ​ដោយ​អំពើ​រំលោភបំពាន​ផ្លូវ​ភេទ​ពី​សំណាក់​បុរស​ជនជាតិ​អាមេរិកាំង វ័យ ៧៨​ឆ្នាំ​ម្នាក់​។ បុរស​នេះ រង​ការ​ចោទ​ប្រកាន់​តាម​មាត្រា ៣៤ នៃ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ដែល​នឹង​ត្រូវ​ផ្ដន្ទាទោស​ពី ៧​ឆ្នាំ​ដល់ ១៥​ឆ្នាំ។

អង្គការ​នេះ​រាយការណ៍​ថា នេះ​ជា​ជនជាប់ចោទ​ទី ១៥​ហើយ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ផ្លូវ​ភេទ ក្នុង​រយៈពេល ២​ឆ្នាំ គឺ​តាំងពី​ឆ្នាំ​២០១៨។ ជាមួយគ្នា​នោះ​ក៏​មាន​មនុស្ស​ពាក់ព័ន្ធ​ចំនួន ២១​នាក់​ទៀត ជា​ជនជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​បទ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។