ពលរដ្ឋស្នើដល់រដ្ឋាភិបាលឲ្យបង្កើតច្បាប់ត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងនៅកម្ពុជា។ ពួកគាត់លើកឡើងថា ការលក់ដូរ និងការផ្សព្វផ្សាយដោយសេរី និងគ្មានត្រួតពិនិត្យ គឺជាការលើកទឹកចិត្តឲ្យពលរដ្ឋប្រើប្រាស់គ្រឿងស្រវឹងដោយមិនគិតពីផលប៉ះពាល់សុខភាព និងសង្គម។ ការលើកឡើងនេះ បន្ទាប់ពីមានការរិះគន់ព្រោងព្រាតពីមហាជនអំពីការផ្សព្វផ្សាយរបស់ក្រុមហ៊ុនលើកទឹកចិត្តយុវជនឲ្យប្រើប្រាស់ផលិតផលគ្រឿងស្រវឹងដោយមិនបានគិតពីផលវិបាក។
ពលរដ្ឋមួយចំនួនបារម្ភថា សីលធម៌សង្គមកម្ពុជាអាចនឹងធ្លាក់ចុះកាន់តែខ្លាំងដោយសារតែអ្នកផឹកគ្រឿងស្រវឹងទាំងក្មេងទាំងចាស់ កំពុងកើនឡើងយ៉ាងផុសផុលស្ទើរគ្រប់ច្រកល្ហកនៅក្នុងប្រទេស ហើយរដ្ឋាភិបាលមិនបានអើពើធ្វើច្បាប់ត្រួតពិនិត្យការផ្សព្វផ្សាយគ្រឿងស្រវឹងនោះឡើយ។
អតីតមន្ត្រីជាន់ខ្ពស់ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន និងជាមន្ត្រីគណបក្សភ្លើងទៀន លោក ខឹម មុន្នីកុសល ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ មករា ថា ទាល់តែមានការរិះគន់ខ្លាំងពីពលរដ្ឋចំពោះការផ្សព្វផ្សាយគ្រឿងស្រវឹង ទើបក្រសួងស្ថាប័នរដ្ឋ ចេញសេចក្ដីប្រកាសក្រើនរំលឹកអំពីហានិភ័យ នៃការប្រើប្រាស់គ្រឿងស្រវឹង។ លោកបន្ថែមថា អាជ្ញាធរគួរតែដាក់ពិន័យចំពោះក្រុមហ៊ុន ដែលបានឲ្យយុវជនប្រណាំងគ្នាផឹកស្រាបៀលើកញ្ចក់ទូរទស្សន៍ និងបង្កើតឲ្យមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង។
លោក ខឹម មុន្នីកុសល៖ «រដ្ឋាភិបាលមកដល់ពេលសព្វថ្ងៃនេះ មិនទាន់មានវិធានការអ្វីឲ្យបានជាក់លាក់មុតមាំទេ ដើម្បីឆ្លើយតបទៅនឹងការគ្រប់គ្រងគ្រឿងស្រវឹងដូចជា ត្រូវកំណត់ច្បាប់ទម្លាប់ឲ្យបានច្បាស់លាស់ថា យុវជនអាយុប៉ុន្មាន ទើបអាចឲ្យទទួលទានគ្រឿងស្រវឹងបាន ហើយអាយុក្រោមប៉ុន្មានមិនអាចទទួលទានគ្រឿងស្រវឹង។ បើតាមខ្ញុំចាំអាចថាមាន ប៉ុន្តែការអនុវត្តច្បាប់ខ្ជីខ្ជា ហើយមួយទៀតយើងមិនបានទូលំទូលាយ មិនមានវិធានការឲ្យបានជាក់លាក់»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល នៅថ្ងៃទី១០ មករា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផលប៉ះពាល់សុខភាពពីការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង ។ ក្រសួងសុខាភិបាល ឲ្យដឹងថា ជាតិអាល់កុល ដែលមាននៅក្នុងផលិតផលគ្រឿងស្រវឹងនោះ ប៉ះពាល់ដល់សុខភាពភ្លាមៗ ដូចជា ចលនាអន់ថយ ការមើលឃើញធ្លាក់ចុះ និងសន្លប់បាត់ស្មារតី និងប្រឈមជំងឺឆ្លងផ្សេងទៀត ហើយបង្កប៉ះពាល់រយៈពេលវែងចំពោះសុខភាពដូចជា ជំងឺក្រិនថ្លើម ជំងឺមហារីក ប្រព័ន្ធភាពស៊ាំចុះខ្សោយ ជំងឺបេះដូង សរសៃឈាម និងក្លាយជាអ្នកញៀនគ្រឿងស្រវឹងជាដើម។ ក្រសួងសុខាភិបាលឲ្យដឹងទៀតថា គ្រឿងស្រវឹងអាចទាញយុវជនឲ្យប្រើប្រាស់គ្រឿងញៀន និងថ្នាំជក់ ហើយបង្កឲ្យមានអំពើហិង្សា ការប្រព្រឹត្តបទឧក្រិដ្ឋ ការខាតបង់ពេលវេលា ថវិកា និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។
ក្រសួងសុខាភិបាល ស្នើដល់ស្ថាប័នផ្សេងទៀតឲ្យចូលរួម និងទប់ស្កាត់ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង តាមរយៈការរៀបចំឯកសារច្បាប់ជំរុញឲ្យមានការផ្លាស់ប្ដូរការរស់នៅរបស់ពលរដ្ឋឲ្យរស់នៅគ្មានផលិតផលគ្រឿងស្រវឹង និងអំពាវនាវដល់ពលរដ្ឋ ចៀសវាង និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង។
គេសង្កេតឃើញថា នៅស្ទើរតែគ្រប់ដងផ្លូវក្នុងប្រទេសកម្ពុជាមិនថា នៅទីក្រុង ឬនៅតាមទីជនបទនោះទេ គឺមានការដាក់ស្លាកផ្សព្វផ្សាយពីគ្រឿងស្រវឹងគ្រប់ទីកន្លែង។ ក្រៅពីនោះ ក៏មានការផ្សព្វផ្សាយព្រោងព្រាតនៅតាមកញ្ចក់ទូរទស្សន៍ បណ្ដាញទំនាក់ទំនងសង្គម និងការប្រគំតន្ត្រីជាដើម។ ជាងនេះទៅទៀតក្រុមហ៊ុនស្រាបៀមួយចំនួនបានជួលតារាល្បីៗឱ្យជួយផ្សព្វផ្សាយ និងលើកទឹកចិត្តអតិថិជនឱ្យទិញស្រាបៀតាមរយៈការឈ្នះរង្វាន់ ឡាន ម៉ូតូ និងលុយជាដើម។ កាលពីថ្ងៃទី៦ មករា ទូរទស្សន៍បាយ័ន ឬBTV បានហៅយុវជនប្រុសស្រីចំនួន ៤នាក់ឡើងលើសង្វៀនប្រដាល់ ហើយឲ្យពួកគាត់គាស់ក្រវិលកំប៉ុងស្រាបៀកម្ពុជារបស់ក្រុមហ៊ុនជីបម៉ុង រួចផឹកបង្ហាញទស្សនិកជនតាមកញ្ចក់ទូរទស្សន៍។
ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា កាលពីថ្ងៃទី៨ មករា បាន ចេញលិខិតស្ដីពីការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងថា ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយ ការលើកទឹកចិត្ត ការអូសទាញពលរដ្ឋឲ្យប្រើប្រាស់គ្រឿងស្រវឹង នោះ ម្ចាស់ក្រុមហ៊ុនសេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវអនុវត្តតាមស្មារតីស្ដីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្ដល់រង្វាន់ ហាមយកស្ត្រី និងអនីតិជនក្រោម១៨ឆ្នាំមកផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ត្រូវដាក់សារព្រមាន «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ» ឬ «ពិសាដោយមានការទទួលខុសត្រូវ» ហើយ «ពិសាគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាព» ជាដើម។
ទោះជាយ៉ាងណា ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ មករា ថា ដើម្បីទប់ស្កាត់ ការប្រើប្រាស់គ្រឿងស្រវឹងបាន លុះត្រាតែក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធមានឆន្ទៈ និងមានការអនុវត្ត ពិតប្រាកដ។
លោក កើត សារ៉ាយ៖ «ពុំឃើញមានសាមីក្រសួងណាចេញមុខអះអាង រារាំងហើយធ្វើឲ្យមានប្រសិទ្ធភាព ក្រៅតែពីគ្រាន់តែធ្វើឲ្យមហាជនស្ងប់ចិត្តហើយ ក៏ស្ងាត់ទៅវិញទៅ។ នេះហើយជាអ្វី ដែលយើងមើលឃើញកន្លងមក ច្បាប់វាមានហើយ ប៉ុន្តែមន្ត្រី គឺគ្មានឆន្ទៈក្នុងការទប់ស្កាត់ខ្ញុំមិនចោទប្រកាន់ថា ទទួលបានផលប្រយោជន៍យ៉ាងម៉េចទេ ប៉ុន្តែសង្ឃឹមថា ក្នុងនោះនឹងមិនមានការទទួលបានផលប្រយោជន៍អំពីពួកក្រុមហ៊ុនទាំងអស់នោះទៅចុះ»។
ពលរដ្ឋបន្តស្នើដល់រដ្ឋាភិបាលឲ្យបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង សំដៅគ្រប់គ្រងការផលិត ការចែកចាយ ការផ្សព្វផ្សាយ និងការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង ដើម្បីធានាសុខុមាលភាពពលរដ្ឋ និងទប់ស្កាត់ការធ្លាក់ចុះសីលធម៌សង្គមដែលបណ្តាលមកពីការសេពគ្រឿងស្រវឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។