សង្គម​ស៊ីវិល​ស្នើ​ឱ្យ​មានច្បាប់​ការពារ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ក្រោយ​អាជ្ញាធរ​ចុះ​បង្ក្រាប

0:00 / 0:00

សកម្មជន​សិទ្ធិមនុស្ស​ចង់ឱ្យ​រដ្ឋាភិបាល​តាក់​តែង​ច្បាប់ ការពារ​ផ្នែក​សុខភាព និង​សិទ្ធិ​សម្រាប់​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ ដោយ​ពួកគេ​ចាត់ទុកជា​មុខរបរ​មួយ​កើតឡើង​ពី​ការ​ស្ម័គ្រចិត្ត និង​មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។ ការ​ស្នើ​សុំ​នេះ បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​មហាជន​ទៅ​នឹង​វិធានការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​នាំ​ឱ្យ​មានការ​បំពាន​សិទ្ធិ​របស់​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង ក្នុង​រាជធានី​ភ្នំពេញ។

ក្រុម​សង្គម​ស៊ីវិល​លើកឡើង​ថា មុខរបរ​រកស៊ី​ផ្លូវភេទ ដែល​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត គឺជា​សិទ្ធិមនុស្ស ក្នុង​ការ​ផ្ដល់​សេវាកម្ម​ឆ្លើយតប​ទៅ​នឹង​តម្រូវការ និង​មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ ដូច​ករណី​ជួញដូរ​ផ្លូវភេទ​នោះ​ទេ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​លោក នី សុខា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​១៧​មិថុនា ថា ថ្វី​ត្បិត​មុខរបរ​រកស៊ី​ផ្លូវភេទ​មិនសូវ​មានការ​សាទរ និង​លើកទឹកចិត្ត​ពី​សង្គម​ឱ្យ​ស្ត្រី​ប្រកប​របរ​នេះ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​មាន​ចំណាត់ការ ឬ​បង្កើត​ច្បាប់ ដើម្បី​ផ្ដល់​ភាព​ស្របច្បាប់​និង​ការ​គាំពារ​សង្គម​ចំពោះ​ស្ត្រី​ទាំងនោះ​។ លោក​បន្ត​ថា ការ​បង្កើត​ច្បាប់ មិនមែន​ដើម្បី​រឹត​បន្តឹង​ឡើយ ប៉ុន្តែ​ដើម្បី​ឱ្យ​មុខរបរ​រកស៊ី​ផ្លូវភេទ​នៅ​កម្ពុជា មាន​របៀបរៀបរយ​ដូច​បណ្ដា​ប្រទេស​ដទៃទៀត ដូចជា​ការកំណត់​ទីតាំង​ច្បាស់លាស់​សម្រាប់​ប្រកបមុខរបរ​នេះ និង​ដើម្បី​ឱ្យ​មាន​ការធានា​ពី​រដ្ឋាភិបាល ជួយ​ទៅលើ​ផ្នែក​ពិនិត្យ​សុខភាព​ទៀងទាត់​សម្រាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ។

លោក នី សុខា៖ «ប្រទេស​ខ្លះ គេ​រៀបចំ​ឱ្យ​មាន​ប្លុក ហើយ​ប្លុក​ទាំងអស់​ហ្នឹង គេ​ហាម​មិន​ឱ្យ​ក្មេង​ជា​អនីតិជន ចូល​ទៅ​ក្នុង​តំបន់​ហ្នឹង​ទេ ដោយសារតែ​គេ​ខ្លាច​ប៉ះពាល់ ទៅ​ដល់​សតិអារម្មណ៍ ឬ​ស្មារតី​របស់​ក្មេង​កុមារា​កុមារី​ទាំងអស់​ហ្នឹង​។ អ៊ីចឹង​ហើយ បាន​គេ​រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ប្រសិន​យើង​អត់​មាន​រៀបចំ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ទេ នៅពេល​យើង​បង្ក្រាប​ម្ដងៗ ដូច​ឃើញ​ហើយ ដូច​វែក​ចក​អ៊ីចឹង នៅ​ពេល​យើង​ទៅ​ចាប់​ទៅ​បង្ក្រាប​មក​អប់រំ​ណែនាំ នៅពេល​ដោះលែង​មកវិញ គឺ​សំខាន់ ការងារ​(​របស់​ពួកគាត់​)អ្នកខ្លះ​អត់​មានការ​ងារ​ធ្វើ»។

លោក​យល់​ឃើញ​ថា មូលហេតុ​ដែល​ស្ត្រី​មួយចំនួន​សម្រេច​ប្រកបមុខរបរ​រកស៊ី​ផ្លូវភេទ ដោយសារ​ពួកគេ​ទ័ល​ច្រក និង​ជា​ជម្រើស​ចុងក្រោយ​ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ។

ការ​អំពាវនាវ​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​បន្ទាប់ពី​កងកម្លាំង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍សែនជ័យ កាលពី​យប់​ថ្ងៃទី​៨ មិថុនា បាន​ចុះ​ប្រមូល​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ​ជាង​៣០​នាក់ នៅ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង រួច​ដឹក​តាម​រថយន្ត​យក​ទៅ​អប់រំ ហើយ​បាន​ដោះលែង​វិញ ដោយ​អាជ្ញាធរ​អះអាង​ថា ក្រុម​ស្ត្រី​ទាំង​នោះ​បាន​អង្គុយ​ហៅភ្ញៀវ​យ៉ាង​អនាធិបតេយ្យ ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម។

ប៉ុន្តែ​ការ​ចុះ​បង្ក្រាប​នេះ បាន​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ប្រឆាំង​ពី​មន្ត្រី​រដ្ឋាភិបាល អ្នក​ធ្វើ​ការងារ​ផ្នែក​ស្ត្រី និង​ពលរដ្ឋ​មួយចំនួន បន្ទាប់ពី​មាន​ការ​ថត​បង្ហោះ និង​បង្ហាញមុខ​ក្រុម​ស្ដ្រី​ទាំងនោះ​ជា​សាធារណៈ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ជា​ទង្វើ​ធ្វើ​ឱ្យ​ប៉ះពាល់ និង​បំពាន​សិទ្ធិ​របស់​ក្រុម​ស្ត្រី​ទាំងនោះ​។ នៅ​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​ដែល​រិះគន់​វិធានការ​បង្ក្រាប​លើ​ក្រុម​ស្ដ្រី​រកស៊ី​ផ្លូវភេទ​ទាំងនោះ ក៏​មាន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ ម្នាក់​ដែរ ដោយ​លោក​បាន​គាំទ្រ​ឱ្យ​មាន​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ​លើ​អ្នក​ថត​បង្ហោះ​រូប​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទាំងនោះ ដោយ​មិន​បាន​បិទបាំង​មុខ​ពួកគេ។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ​លោក ម៉េត មាសភក្ដី ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​លោក កត្តា អ៊ន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១៧ មិថុនា នេះ។

ការសិក្សា​មួយ​ដោយ​បណ្ដាញ​ស្ត្រី​ការងារ​រួបរួម​ដែល​ជា​សហជីព​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅ​រាជធានី​ភ្នំពេញ​មាន​សមាជិក ៦​ពាន់​នាក់ កាលពី​ឆ្នាំ​២០២០ បង្ហាញ​ថា ៩៣%​នៃ​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទាំងនេះ បាន​ប្រឈមមុខ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារ​ជីវភាព​។ ការសិក្សា​នេះ​បន្ត​ថា ក្នុង​ចំណោម​ស្ត្រី​រកស៊ី​ផ្លូវភេទ​១៣០​នាក់ មាន​១៧% បាន​ក្លាយជា​អ្នក​បម្រើសេវា​កម្សាន្ត​ឯករាជ្យ ឬ​ចុះ​ហៅភ្ញៀវ​នៅ​តាម​ដងផ្លូវ បន្ទាប់ពី​ការ​បិទ​ខារ៉ាអូខេ និង​បៀរហ្គាឌិន​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​-១៩ ហើយ​៤៥% ជា​ស្ត្រី​គ្មាន​ការងារ​ធ្វើ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត លើកឡើង​ថា ការ​ស្នើ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ចង់ឱ្យ​បង្កើត​ច្បាប់​ការពារ​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ​នេះ គឺ​ដោយសារ​មុខរបរ​នេះ​បាន​កើតឡើង​នៅក្នុង​សង្គម​ជា​យូរ​មក​ហើយ។

លោក អំ សំអាត៖ «​កន្លងមក ដូច​យើង​បានឃើញ​ហើយ ស្ត្រី​រកស៊ី​ផ្លូវភេទ តាម​សួនច្បារ តាម​ទី​សាធារណៈ​មួយចំនួន ក៏​ត្រូវ​បាន​ប្រមូល​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ​ព្រៃស្ពឺ ហើយ​ថ្មីៗ​នេះ យើង​ក៏​ឃើញ​មានការ​ប្រមូល​។ ក៏ប៉ុន្តែ​ទិដ្ឋភាព​ទាំងអស់​ហ្នឹង មិនអាច​លុប​បំបាត់​បាន នៅតែ​កើតមាន​បន្ត​។ អ៊ីចឹង​ហើយ បាន​អង្គការ​សង្គម​ស៊ីវិល​ភាគច្រើន គេ​មើល​ឃើញ​ថា ប្រសិនបើជា​បញ្ហា​ទាំង​ហ្នឹង​នៅតែ​បន្ត វា​គួរតែ​មានច្បាប់​តែម្ដង​ទៅ ជាជាង​អត់​មានច្បាប់ ហើយ​ស្ត្រី​ទាំងអស់​ហ្នឹង អាច​នឹង​ត្រូវ​រងគ្រោះ​ជា​បន្តបន្ទាប់»។

ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ នៅតែ​ទទួលរង​នូវ​ការរើសអើង និង​កេងប្រវ័ញ្ច ជាពិសេស​ក្រុម​ស្ត្រី​ដែល​ចុះ​ហៅភ្ញៀវ​នៅ​តាម​ដងផ្លូវ​។ ពួកគេ​ប្រឈម​ហានិភ័យ​ខ្ពស់​ទៅ​នឹង​ការ​យាយី​ពី​សំណាក់​ប៉ូលិស និង​អំពើ​ហិង្សា​ពី​អតិថិជន និង​ទទួល​បាន​ប្រាក់ចំណូល​មិន​ទៀងទាត់​ជាដើម។

កាលពី​ខែមករា​ឆ្នាំ​២០១៧ ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​ឈ្មោះ ប៉ែន សុគន្ធា វ័យ ៣៣ ឆ្នាំ បាន​រអិល​ជើង​ធ្លាក់​ក្នុង​ទន្លេសាប​បណ្ដាល​ឱ្យ​លង់ទឹក​ស្លាប់ បន្សល់ទុក​កូនប្រុស​ពិការ​ជើង​អាយុ ៦​ឆ្នាំ បន្ទាប់ពី​នាង​រត់គេច​ពី​ការ​តាម​ចាប់​របស់​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​ចុះ​បង្ក្រាប​អ្នក​ប្រកប​របរ​ផ្លូវ​ភេទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។