សកម្មជន​បក្ស​ប្រឆាំង លោក ខៀវ ឌីន ដែល​រង​ការ​វាយ​ធ្វើបាប មិន​អាច​ធ្វើការ​ងារ​ដូច​មុន

0:00 / 0:00

សកម្មជន​បក្ស​ប្រឆាំង លោក ខៀវ ឌីន ដែល​រង​ការ​វាយ​ធ្វើបាប​មិន​អាច​ធ្វើការ​ងារ​ឬ​ប្រកប​ការ​រកស៊ី​ដូច​មុន​បានទេ​។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ទៅ​សមត្ថកិច្ច ឬ​ស្ថាប័ន​អនុវត្ត​ច្បាប់​ស្វះស្វែង​រក​ជន​ប្រព្រឹត្ត​មក​ផ្តន្ទាទោស​ដើម្បី​ជៀសវាង​ការចោទប្រកាន់ និង​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

ក្រោយ​ការវាយប្រហារ​ពី​ក្រុម​ជន​មិន​ស្គាល់​មុខ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ខៀវ ឌីន បាន​បាត់បង់​មុខរបរ​ចិញ្ចឹមជីវិត​ដោយ​លោក​មិន​អាច​ធ្វើ​ដំណើរ និង​ធ្វើ​ការងារ​ធ្ងន់​បាន​ទេ ហើយ​លោក​នៅតែ​ឈឺ​ចុកចាប់​កន្លែង​មុខរបួស​របស់​លោក​ដដែល។

ប្រពន្ធ​លោក ខៀវ ឌីន គឺ​លោកស្រី ពេជ្រ សុខ​ណា ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី៣ ខែ​ឧសភា ថា ប្ដី​លោកស្រី​មិន​អាច​ចេញទៅ​រត់​ម៉ូតូ​កង​បី​បានទេ គឺ​បាន​ត្រឹម​នៅផ្ទះ​ជួយ​មើល​ចៅ​ប៉ុណ្ណោះ​។ លោកស្រី​ត្អូញត្អែរ​ថា គ្រួសារ​លោកស្រី​គ្មាន​ប្រាក់ចំណូល​ដូច​មុន​ទៀត​ទេ ហើយ​ពេលខ្លះ​ស្ទើរ​គ្មាន​លុយ​ឱ្យ​ថ្លៃ​ពេទ្យ​ពេល​ប្ដី​លោកស្រី​ទៅ​ពិនិត្យ​របួស​ម្តងៗ៖ «ធ្វើ​អី​អត់​កើត​ទេ ងើប​ឱន​ចុះ​ឱន​ឡើង​គាត់​ងងឹត​មុខ​ម៉ង អត់​ដូច​មុន​ទេ អត់​ធ្វើ​អី​ទេ​គ្រាន់​មើល​តែ​ចៅ​អាយុ​ប្រាំ ប្រាំមួយ​ឆ្នាំ​ពីរ​នាក់ អឺយ​ពិបាក​ណាស់​ប្អូន​អឺយ​យើង​រក​ធ្លាប់​បាន​ឥឡូវ​យើង​រក​មិនបាន»។

ប្រពន្ធ​លោក ខៀវ ឌីន បន្ត​ថា នៅ​ពេល​ប្ដី​ជួប​បញ្ហា​បែបនេះ​គ្រួសារ​លោកស្រី​រស់នៅ​ពឹងផ្អែក​លើ​កូន​ជា​អ្នក​ជួយ​ផ្គត់ផ្គង់។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក ខៀវ ឌីន រស់នៅ​សង្កាត់​កាកាប​១ ខណ្ឌ​ពោធិ៍សែនជ័យ ក្រុងភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ជិះ​ម៉ូតូ​គ្មាន​ស្លាក​លេខ លួច​វាយ​ពីក្រោយ​នឹង​ដំបង​បណ្ដាល​ឱ្យ​រង​របួស​បែក​ក្បាល កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា។

អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ លោក ម៉ន វុធី ប្រាប់​ថា សមត្ថកិច្ច​រក​ជនសង្ស័យ​មិន​ទាន់​ឃើញ​ទេ​។ លោក​ថា សំណុំ​រឿង​នេះ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី។

ទាក់ទង​ដំណើរ​រឿង​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី លោក អ៊ី រិន្ទ ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា យល់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន គឺជា​អ្នកទទួលខុសត្រូវ​លើ​បញ្ហា​នេះ ដោយ​លោក​ចោទ​ប្រកាន់​ថា អាជ្ញាធរ​នៃ​របប​នេះ គឺជា​អ្នក​ចិញ្ចឹម​ក្រុម​ជន​ដៃដល់​ទាំងនោះ ទុក​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ លោក​ឱ្យ​ដឹង​ដែរ​ថា នៅ​ពេល​មានការ​វាយ​ធ្វើបាប​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ក្រុម​ការងារ​គណបក្ស​នេះ​បាន​រៃអង្គាស​ថវិកា​ខ្លះ​ដែរ សម្រាប់​ជួយ​សម្រាល​ការ​លំបាក ឬ​ថ្លៃ​ព្យាបាល​ដល់​សកម្មជន​របស់​ខ្លួន៖ «ថវិកា​ដែល​យើង​បាន​អំពាវនាវ​ដែល​យើង​បាន​ប្រមូល​នោះ​មិន​មាន​ចំនួន​ច្រើនយ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ជា​ទឹកចិត្ត​នៃ​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ទុក្ខ​លំបាក​របស់​សកម្មជន​ដែល​ត្រូវ​គេ​ធ្វើបាប​ទាំង​ស្មារតី ទាំង​រាងកាយ​ដោយ​របប​នៃ​អាជ្ញាធរ​ក្រុងភ្នំពេញ»។

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក​សោកស្តាយ​នៅ​ពេល​សកម្មជន​គណបក្ស​ប្រឆាំង​ត្រូវ​ជន​​ដៃដល់​វាយ​ធ្វើបាប ប៉ុន្តែ​មិនដែល​ឃើញ​សមត្ថកិច្ច​រក​ជនសង្ស័យ​ឃើញ​។ លោក​ជំរុញ​ឱ្យ​សមត្ថកិច្ច​ចាត​វិធានការ ឬ​អនុវត្ត​ច្បាប់​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ធ្វើ​ឱ្យ​សាធារណជន​មាន​ជំនឿ​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់៖ «អ៊ីចឹង​ហើយ បាន​ចេះតែ​មាន​ការ​លើកឡើង​ចេះតែ​មាន​ការរិះគន់​ពី​សាធារណជន​ថា ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ អ្នក​មាន​មតិ​រិះគន់​ជំទាស់​ទៅ​លើ​រដ្ឋាភិបាល​តែងតែ​មិន​ឃើញ​មាន​ការ​អន្តរាគមន៍ ចាប់​ជន​ដៃដល់​មក​ផ្ដន្ទាទោស​តាមច្បាប់​បាន​ទេ»។

លោក ម៉ន ផល្លា ឱ្យ​ដឹង​ថា លោក ខៀវ ឌីន ជា​មនុស្ស​ទី​១៥ ក្នុងចំណោម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើបាប ហើយ​ការ​វាយ​ធ្វើបាប​ទាំង ១៥​ករណី មិន​ទាន់​មាន​សំណុំរឿង​មួយ​ណា​ត្រូវ​សមត្ថកិច្ច​បំបែក​បាន​នៅឡើយ​ទេ។

ប្រពន្ធ​លោក ខៀវ ឌីន ឱ្យ​ដឹង​ថា មកដល់ពេលនេះ​ស្វាមី​លោកស្រី​នៅតែ​ឈឺ​ចុកចាប់​កន្លែង​របួស​ត្រង់​ក្បាល ហើយ​មាន​ការ​ភ្លេចភ្លាំង​ច្រើន និង​មានការ​ភ័យខ្លាច​ច្រើន ដែល​ស្ទើរតែ​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។