ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិអះអាងថា ចំណុចមួយចំនួននៃសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន មិនមានធម្មនុញ្ញភាពនោះឡើយ។ ការលើកឡើងនេះ ធ្វើឡើងស្របពេលក្រុមប្រឹក្សាធម្មនុញ្ញកំពុងពិនិត្យមើលសេចក្ដីព្រាងច្បាប់នេះ មុននឹងបញ្ជូនទៅឲ្យប្រមុខរដ្ឋស្ដីទី ដើម្បីចុះហត្ថលេខា។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មើលឃើញថា មាត្រា៥ ដែលចែងអំពីការដកហូតសិទ្ធិសេរីភាពរបស់ពលរដ្ឋ គឺជាចំណុចដែលមិនស្របទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ ចំណែក លក្ខខណ្ឌដាក់ប្រទេសក្នុងភាពអាសន្នទៀតសោត លោកថា ចែងក្នុងន័យទូលាយពេក មិនសមស្របនឹងស្ថានភាពជាក់ស្ដែង។
លោក អេង ឆៃអ៊ាង យល់ថា លោក ហ៊ុន សែន ធ្វើច្បាប់នេះដើម្បីទុកការពារអំណាចរបស់ខ្លួន តែ ប៉ុណ្ណោះ មិនមែនដើម្បីប្រយោជន៍ជាតិនោះទេ៖ «»
មាត្រា៥ នៃសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ផ្ដល់សិទ្ធិឱ្យរដ្ឋាភិបាល ដកហូតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដូចជា ការធ្វើដំណើរ ការជួបប្រជុំ ការប្រមូលផ្តុំ និងការប្រកបមុខរបរជាដើម ព្រមទាំងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមផងដែរ។ ជាងនេះទៅទៀត មាត្រានេះបើកដៃឱ្យរដ្ឋាភិបាលធ្វើអ្វីក៏បានឱ្យតែយល់ថា សមស្រប និងចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន រហូតដល់អាចប្រើកម្លាំងទ័ពគ្រប់គ្រងសភាពការណ៍ទៀតផង។
សេចក្ដីព្រាងច្បាប់នេះ កំពុងស្ថិតក្នុងដៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូល មានតួនាទីត្រួតពិនិត្យមើលធម្មនុញ្ញភាព ឬភាពត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ ចំពោះច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់។ ស្ថាប័ននេះ បានកោះហៅរដ្ឋមន្ត្រីថ្មីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដែលតំណាងឱ្យរដ្ឋាភិបាល ដើម្បីបំភ្លឺលើអត្ថបទច្បាប់នេះ នៅថ្ងៃទី២៤ មេសា។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យទាំងពីររូបនៃក្រុមប្រឹក្សាធម្មនុញ្ញ គឺលោក តាំង រតនា និងលោក ព្រហ្ម វិចិត្រអក្ខរា ដើម្បីសាកសួរអំពីដំណើរការពិនិត្យសេចក្ដីព្រាងច្បាប់នេះបាននៅឡើយទេ នៅថ្ងៃទី២៤ មេសា ដោយពួកលោកមិនលើកទូរស័ព្ទ។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ថា សេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ននេះ ផ្ដល់សិទ្ធិអំណាចច្រើនលើសលប់ដល់រដ្ឋាភិបាល ក្នុងការកម្រិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ៖ «»
ទោះជាមានការហៅតំណាងរដ្ឋាភិបាលទៅបំភ្លឺលើអត្ថបទច្បាប់នេះក៏ដោយ ក៏មន្ត្រីបក្សប្រឆាំង និងអ្នកតាមដានស្ថានការណ៍ជឿថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងមិនកែប្រែចំណុចណាមួយនោះឡើយ ពីព្រោះស្ថាប័នកំពូលមួយនេះ ក៏ដូចជា រដ្ឋសភា និងព្រឹទ្ធសភា ដែរ គឺចាំតែប្រថាប់ត្រាលើសេចក្ដីព្រាងច្បាប់ដែលស្នើឡើងដោយរដ្ឋាភិបាលប៉ុណ្ណោះ។
អនុប្រធានគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង ជឿថា សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវចុះហត្ថលេខាប្រកាសឱ្យប្រើដោយប្រមុខរដ្ឋស្ដីទី និងជាអនុប្រធានគណបក្សកាន់អំណាច លោក សាយ ឈុំ ព្រោះព្រះមហាក្សត្រ ទំនងជាមិនសព្វព្រះហឫទ័យ ចំពោះច្បាប់នេះឡើយ ទើបបានជាទ្រង់យាងទៅប្រទេសចិន តាំងពីពេលរបបក្រុងភ្នំពេញរៀបចំធ្វើច្បាប់នេះមកម្ល៉េះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។