បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ដោះលែង​ស្ត្រី​ជាប់ឃុំ​ដោយ​អយុត្តិធម៌​

ដោយ សុជីវី
2021-03-07
Share
បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ដោះលែង​ស្ត្រី​ជាប់ឃុំ​ដោយ​អយុត្តិធម៌​ អ្នកនាង ឈឿន ដារ៉ាវី ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី១ ​៤​​នាក់ ​កំពុង​ជាប់ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​ដោយ​គ្រាន់តែ​ពូក​គេ​ធ្វើសកម្មភាព​នយោបាយ​ ​បរិស្ថាន​ ​និង​ជួយ​សង្គម​ជាដើម​។
រូប៖ ហ្វេសប៊ុក

អង្គការសង្គម​ស៊ីវិល​ធ្វើការងារ​ផ្នែក​សិទ្ធិមនុស្ស​ ​និង​គណបក្សប្រឆាំង​យល់ឃើញ​ស្រដៀងគ្នា​ថា​ ​ក្រុម​ស្ត្រី​ដែល​ជាប់ឃុំ​ដោយសារ​ការ​បញ្ចេញមតិ​ទាក់ទង​ការងារ​បរិស្ថាន​ ​នយោបាយ​ ​និង​ការងារ​សង្គម​ជាដើម​គួរ​ត្រូវ​ទទួល​បាន​សេរីភាព​ឡើងវិញ​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​។ ​សេចក្តីថ្លែង​ការណ៍​របស់​គណបក្ស​ស​ង្រ្គោះ​ជាតិ​ចោទ​ថា​ រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​បាន​រំលោភបំពាន​សិទ្ធិមនុស្ស​ ​ជាពិសេស ​លើ​សិទ្ធិ​ស្ត្រី​ជាហូរហែ​រ​ ​និង​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​គ្រប់រូប​ភាព​មិន​ឱ្យ​ស្ត្រី​ធ្វើសកម្មភាព​ជួយ​សង្គមជាតិ​បាន​។​

ប្រពន្ធ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​ស៊ុន​ ​ធន់​ ​គឺ​លោកស្រី​ ​សេង​ ​ចាន់ថន​ ​ដែល​ត្រូវ​សន្តិសុខ​សាលា​ក្រុងភ្នំពេញ​ប្រព្រឹត្ត​ហិង្សា​ខណៈ​កំពុង​ទាមទារ​ឱ្យ​ដោះលែង​ប្ដី​លោកស្រី​ ​ប្រាប់​អាស៊ី​សេរី​ថា​ ​លោកស្រី​ចង់​ឃើញ​រដ្ឋាភិបាល ​ជា​ពិសេស ​ក្រសួង​កិច្ចការ​នារី​គោរព ​និង​ផ្ដល់​តម្លៃ​ដល់​ស្ត្រី​ដូចដែល​ច្បាប់​ជាតិ ​និង​ច្បាប់អន្តរជាតិ​បាន​ចែង​៖ «ខ្ញុំ​សូម​ឱ្យ​គាត់​ (រដ្ឋាភិបាល) ​មាន​វិធានការ​បែប​នេះ​ជួយ​ដល់​ស្ត្រី​ដែល​គាត់​រងគ្រោះ​គ្រប់​បញ្ហា​ទាំងអស់​ក្នុង​សង្គម​យើង​ក្នុងស្រុក​ខ្មែរយើង​ទាំងមូល​នេះ​»

​ទាក់ទង​ការរំលោភ​សិទ្ធិ​នារី​នេះ​ដែរ​ ​អង្គការ​សិទ្ធិមនុស្ស​លី​កា​ដូ​បាន​ធ្វើ​វីដេអូ​ខ្លី​ៗ​ សម្ភាស​តាម​សាច់ញាតិ​សកម្មជន​បរិស្ថាន​ ​និង​សង្គម​ ​ជា​ស្ត្រី​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធ​នាគា​រ​។​ វីដេអូ​នោះ​លោកស្រី​សាន​ ​សារ៉ន​ ​ម្ដាយ​សកម្មជន​បរិស្ថាន​កញ្ញា​ ​ឡុង​ ​គន្ធា​ ​ស្នើ​ឱ្យ​ដោះលែង​កូន​លោកស្រី​៖ «​ខ្ញុំ​ជួបប្រទះ​ការពិបាក​ណាស់ណា​មួយ​កូន​រៀន​ដល់ទៅ​បី​នាក់​ អត់មាន​លុយ​ឱ្យ​កូន​រៀន​អត់​ គន្ធា​ ទៅ​ខ្ញុំ​ពិបាក​។​ ​ទាមទារ​ឱ្យ​ដោះលែង​ហ្នឹង​កូន​ខ្ញុំ​ធ្វើការ​នេះ​មិនមែន​ខុសច្បាប់​ទេ​ ​កូន​ខ្ញុំ​ធ្វើការ​ត្រូវ​ច្បាប់​ហើយ​ព្រោះ​កូន​ខ្ញុំ​ការពារ​ធនធានធម្មជាតិ​»

នាយក​រង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​​លី​កា​ដូលោក​ អំ ​សំអាត​ ​យល់ថា​ ​តុលាការ​គួរ​ពិចារណា​លើ​ស្ត្រី​ជាប់​ទោសស្រាល​ៗ​ឱ្យ​នៅ​ក្រៅ​ឃុំ។ ​ម​ន្រ្តី​សិទ្ធិមនុស្ស​រូប​នេះ​រម្លឹក​ថា​ ​ចំណាត់​ការ​ផ្លូវច្បាប់​លើ​យុវជន​ដែល​ធ្វើការងារ​ស​ង្គម​និង​បរិស្ថាន​កន្លងមក​រង​ការរិះគន់​ពី​អង្គការ​សិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិ​ថា​ ​ជា​ការ​បំពាន​សេរីភាព​ជា​មូលដ្ឋាន​និង​សិទ្ធិ​បញ្ចេញមតិ​៖ «យើង​ឃើញ​ថា​ ក្រុម​គ្រួសារ​ថា​ដូចជា​មិន​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុង​ការចោទប្រកាន់ ​គឺ​សូម​ឱ្យ​ពិចារណា​មានការ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ​ឬក៏​ទម្លាក់​បទចោទប្រកាន់​ ឬក៏​ជំរុញ​ទៅ​តុល​ការ​ពន្លឿន​នីតិវិធី​ឱ្យ​បាន​ឆាប់​»

ទោះ​មានការ​លើកឡើង​បែប​នេះ​ក្តី​ ​សមាជិក​និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​លោក​ ​កត្តា​ អ៊​ន​ ​ថ្លែង​ការ​ពារ​ចំណាត់​ការ​រដ្ឋាភិបាល​ដោយ​អះអាង​ថា​ ​នៅ​កម្ពុជា​គ្មាន​ការរំលោភ​សិទ្ធិ​ ​ឬ​ការរំលោភ​សិទ្ធិ​នារី​នោះ​ទេ​។​ ​លោក​ចោទប្រកាន់​ថា​ ​គណបក្សប្រឆាំង​និង​អង្គការសង្គម​ស៊ីវិល​ ​ដែល​ទាមទារ​ឱ្យ​ដោះលែង​ស្ត្រី​កំពុង​ជាប់ឃុំ​ដោយ​អយុត្តិធម៌​ថា​ ​ជា​សមត្ថកិច្ច​ការ​របស់​តុលាការ​ រដ្ឋាភិបាល​គ្មាន​សិទ្ធិ​អំណាច​ទៅ​បង្គាប់បញ្ជា​តុលាការ​ឡើយ​៖ «ដូច​ខ្ញុំ​បាន​ជម្រាប​អញ្ចឹង​ថា​ ​សំណុំរឿង​ទាំងឡាយ​ណា​ ​សំណុំរឿង​ព្រហ្មទណ្ឌ​ទាំងឡាយ​ណា ​ដែល​ដល់ដៃ​ចៅក្រម​ស៊ើបសួរ​គឺ​ហួស​សមត្ថកិច្ច​រដ្ឋាភិបាល​ហើយ។ បើ​គាត់​ពួក​ចង់បាន​ពួកគាត់​ទៅ​តវ៉ា​ទៅ​តតាំង​តាមរយៈ​មេធាវី​ ​តាមរយៈ​នីតិវិធី​តុលាការ​ចុះ​ ​នេះ​ជា​រឿង​ត្រឹមត្រូវ​ជាង»

មន្ត្រី​សិទ្ធិមនុស្ស​ឆ្លើយតប​ថា​ ​សំណុំរឿង​ខ្លះ​ត្រូវ​តុលាការ​ព​ន្យារ​​ពេល​ញឹកញាប់​ទើប​អង្គការសង្គម​ស៊ីវិល​ជំរុញ​តុលាការ​គួរ​ពន្លឿន​នីតិវិធី​ក្នុង​ការ​ជំនុំ​ជម្រះ​ ​ឬក៏​ដោះលែង​ពួកគេ​វិញ​។​

គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ដឹង​ថា​ ​យ៉ាងហោចណាស់​មាន​ស្ត្រី​ ១​៤​​នាក់ ​កំពុង​ជាប់ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​ដោយ​គ្រាន់តែ​ពូក​គេ​ធ្វើសកម្មភាព​នយោបាយ​ ​បរិស្ថាន​ ​និង​ជួយ​សង្គម​ជាដើម​។​ ​សហគមន៍​អន្តរជាតិ​ ​ជាពិសេស​ក្រុម​ប្រទេស​និយម​លទ្ធិប្រជាធិបតេយ្យ​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​តែង​លើកឡើង​ជា​ញឹកញាប់​ដោយ​បារម្ភ​អំពី​បញ្ហា​រំលោភបំពាន​សិទ្ធិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។​ ​បញ្ហា​នេះ​ធ្វើឲ្យស​ហ​គម​ន៍​អន្តរជាតិ​ទាំងនោះ​ដាក់​ទណ្ឌ​លើ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ជាបន្តបន្ទាប់​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល