"វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ប៉ះពាល់​ដល់​គ្រប់​បក្ស​នយោបាយ​និង​អភិបាលកិច្ច"

ដោយ ទីន ហ្សាការីយ៉ា
2017-07-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។
អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។
Photo: RFA

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដ៏​ចម្រូងចម្រាស​ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ជា​ផ្លូវការ​ហើយ​នោះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​រង​សម្ពាធ​ផ្នែក​នយោបាយ ដោយ​ទទួល​ស្គាល់​ច្បាប់​នេះ​គ្មាន​ការ​កែប្រែ​អ្វី​ឡើយ។ អ្នកច្បាប់​មើល​ឃើញ​ថា ច្បាប់​នេះ​គឺ​ជា​ច្បាប់​ដែល​មិន​បម្រើ​ដល់​ប្រយោជន៍​ប្រទេស​ជាតិ និង​ជា​ច្បាប់​អាក្រក់​ហួសហេតុ តែ​បែរ​ជា​តំណាងរាស្ត្រ ព្រឹទ្ធសភា​ឯក​បក្ស និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៅ​តែ​បោះ​ជំហាន​ទៅ​មុខ ហើយ​ទទួល​ស្គាល់​ដោយ​បិទ​ផ្លូវ​តវ៉ា។

​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី គឺ​ជា​ច្បាប់​មួយ​ដែល​អ្នក​វិភាគ​លើក​ឡើង​ថា បាន​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​គណបក្ស​នយោបាយ​ជា​ច្បាប់​មាន​ចរិត​នយោបាយ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រប់​គណបក្ស​នយោបាយ និង​អភិបាលកិច្ច ដែល​មិន​ឆ្លុះ​បញ្ចាំង​ច្បាប់​មួយ​សម្រាប់​អនុវត្ត​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះ​ឡើយ។

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដ៏​ចម្រូងចម្រាស​ត្រូវ​បាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ជា​ផ្លូវការ និង​បិទ​ផ្លូវ​តវ៉ា​កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា។ នៅ​ស្រប​ពេល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ច្បាប់​នេះ គណបក្ស​ប្រឆាំង​វិញ ក៏​បើក​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​មក​ពី​គ្រប់​ខែត្រ​ក្រុង​ដើម្បី​សម្រេច​ដក​រូប​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឈរ​ចាប់​ដៃ​គ្នា​លើក​ឡើង​លើ​ជាមួយ​លោក កឹម សុខា នោះ ចេញ​ពី​​ស្លាក​គណបក្ស និង​ដាក់​ជំនួស​មក​វិញ​នូវ​ពាក្យ​ស្លោក​ថា៖ «រួម​គ្នា​សង្គ្រោះ​ជាតិ​យើង»។

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី ទោះបីជា​ប៉ះពាល់​ដល់​គ្រប់​គណបក្ស​នយោបាយ​ក្ដី ក៏ប៉ុន្តែ​នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ គេ​មើល​ឃើញ​ពី​ចេតនា​របស់​បក្ស​កាន់​អំណាច​ចង់​គាបសង្កត់ និង​ធ្វើ​បាប​បក្ស​ប្រឆាំង ពីព្រោះ​ថា នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ដោយ​ឯក​បក្ស​ចំនួន​ពីរ​ដង គឺ​លើក​ទី​១ កែប្រែ​មិន​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​ធ្វើ​ជា​ប្រធាន​គណបក្ស និង​លើក​ទី​២ តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​បាន​ធ្វើ​វិសោធនកម្ម​ដោយ​ឯក​បក្ស​ជា​ថ្មី​ម្ដង​ទៀត មិន​ឲ្យ​មាន​រូបថត​ទណ្ឌិត​នៅ​លើ​ស្លាក​គណបក្ស​នយោបាយ​ជាដើម។ បើសិនជា​គណបក្ស​នយោបាយ​ណា​មួយ​មិន​គោរព​តាម​ច្បាប់​នេះ តុលាការ​នឹង​រំលាយ​គណបក្ស​នោះ​ចោល​តែម្ដង។

ក្រៅ​ពី​នេះ​ទៀត សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដែល​ត្រូវ​បាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ទាំង​ពីរ​លើក​ដោយ​គ្មាន​ការ​ជំទាស់ ឬ​កែប្រែ​ខ្លឹមសារ​ណា​មួយ​នោះ នៅ​ស្រប​ពេល​ព្រះមហាក្សត្រ​យាង​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព ដោយ​ទុក​ឲ្យ​ប្រមុខ​រដ្ឋ​ស្ដីទី​គឺ​លោក សាយ ឈុំ និង​ជា​ប្រធាន​ព្រឹទ្ធ​សភា ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ធរមាន។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច លោក​បណ្ឌិត ចាន់ វិបុល មាន​ប្រសាសន៍​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ច្បាប់​នេះ​ម្ដង​ជា​ពីរ​ដង​នោះ គឺ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ស្ថិត​នៅ​ក្រោម​សម្ពាធ​​អ្នក​នយោបាយ៖ «ក្រុមប្រឹក្សា​ធម្មនុញ្ញ​លោក​ប្រហែល​ជា​លោក​មិន​បាន​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​ពី​ផល​ប៉ះពាល់​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​នៅ​ថ្ងៃ​ក្រោយ​ទៀត។ ប្រហែល​ជា​លោក​ពិនិត្យ​មើល​គោលការណ៍ ច្បាប់​រង​ឥទ្ធិពល​របស់​អ្នក​នយោបាយ»

អ្នកនាំពាក្យ​ព្រឹទ្ធ​សភា លោក ម៉ម ប៊ុននាង មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ ខាង​ព្រះបរមរាជវាំង​មិន​ទាន់​ជូន​ដំណឹង ឬ​រៀបចំ​ដើម្បី​ឲ្យ​ប្រមុខ​រដ្ឋ​ស្ដីទី​ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ​នៅ​ឡើយ​ទេ៖ «សម្ដេច សាយ ឈុំ លោក​ចុះ​ហត្ថលេខា​ក្នុង​នាម​ប្រទាន​សិទ្ធិ​ពី​ព្រះមហាក្សត្រ អ៊ីចឹង​ខាង​ព្រះបរមរាជវាំង​ជា​អ្នក​រៀបចំ»

ទោះបីជា​យ៉ាង​នេះ​ក្ដី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា តាម​លោក​ដឹង សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នេះ ប្រមុខ​រដ្ឋ​ស្ដីទី លោក សាយ ឈុំ នឹង​ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​សប្ដាហ៍​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​លើក​ឡើង​ថា បើ​គិត​តាម​ទ្រឹស្ដី​វិទ្យាសាស្ត្រ​នយោបាយ រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ធ្វើ​ច្បាប់​មាន​បំណង​ពីរ ទី​១ ការ​ធ្វើ​ច្បាប់ ឬ​វិសោធនកម្ម​ច្បាប់​ណា​មួយ​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ជាតិ និង​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ទី​២ ការ​ធ្វើ​ច្បាប់​ដើម្បី​តែ​ការពារ​ផលប្រយោជន៍​បក្សពួក ឬ​បក្ស​កាន់​កំពុង​កាន់​តែ​អំណាច​តែប៉ុណ្ណោះ។

អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA
អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA Photo: RFA

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី បាន​លើក​ជា​ចម្ងល់​ថា ក្នុង​មួយ​ឆ្នាំ​ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចំនួន​ពីរ​ដង​នេះ តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ខ្នង? លោក​បន្ត​ថា ចំពោះ​ការ​ទទួល​ស្គាល់​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី ដោយ​គ្មាន​ការ​កែប្រែ​នេះ គឺ​ជា​រឿង​ចម្លែក​មួយ៖ «បញ្ញវន្ត​វិញ​កាល​ណា​យក​ឯកសារ​អី​មួយ​មក​ពិនិត្យ អត់​មាន​ការ​កែប្រែ​នោះ មាន​ពីរ។ ទី​១ អាច​មាន​ភាព​លំអៀង ទោះ​ជា​គេ​ឲ្យ​មើល​អ្វី​ក៏​មិន​ចេះ​ខុស​ដែរ ទី​២ គាត់​គ្មាន​សមត្ថភាព អ៊ីចឹង​ទើប​មើល​មិន​ឃើញ​ចេះ​ខុស»

​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នរណា​ក៏​ដឹង​ដែរ​ថា ជា​ការ​កែប្រែ​ដើម្បី​តម្រូវ​ចិត្ត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បិទ​ផ្លូវ​លោក សម រង្ស៊ី ឲ្យ​ចាក​ឆ្ងាយ​ពី​ជីវិត​នយោបាយ និង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា ក្នុង​ពិធី​ខួប​លើក​ទី​៦៦ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​ដល់​តំណាងរាស្ត្រ​របស់​លោក​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​ឌឺដង​ឲ្យ​លោក សម រង្ស៊ី ថា បើ​ចិត្ត​សឿង​ចូល​ស្រុក​វិញ​ជាដើម៖ «កុំ​ឲ្យ​អ្នក​ទោស​ធ្វើ​សកម្មភាព​របៀប​នេះ ព្រោះ​រឿង​នេះ​ជា​រឿង​ផ្លូវ​ច្បាប់ មិន​អាច​លេង​សើច​បាន​ទេ​នៅ​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ យើង​មិន​ខ្លាច​អ្នក​ទេ ក៏ប៉ុន្តែ​យើង​មិន​ចង់​ឲ្យ​អ្នក​មក​ច្របូកច្របល់​នូវ​អ្វី​ដែល​ជា​សមិទ្ធផល​របស់​ប្រទេស​ជាតិ ប៉ុន្តែ​បើ​អ្នក​ចិត្ត​សឿង​អញ្ជើញ​ចូល​ប្រទេស​មក»

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​២​នេះ មិន​មែន​តែ​ប៉ះពាល់​តែ​លើ​លោក សម រង្ស៊ី តែ​ម្នាក់​នោះ​ទេ អ្នក​វិភាគ​លើក​ឡើង​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណបក្ស​ប្រឆាំង​ទាំង​មូល និង​បក្ស​ផ្សេង​ទៀត ពិសេស​ការ​ដោះដូរ​ស្លាក​សញ្ញា​ចាស់​ដែល​មាន​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ចោល ហើយ​ផ្លាស់ប្ដូរ​ធ្វើ​ថ្មី​វិញ ដែល​បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ ខាតបង់​ថវិកា​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ការ​ដក​ស្លាក​គណបក្ស​ដែល​មាន​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ចាប់​ដៃ​គ្នា​នេះ​ចេញ​ពី​គ្រប់​ខែត្រ ក្រុង និង​ដាក់​ស្លាក​សញ្ញា​ថ្មី​នេះ យ៉ាង​យូរ​បំផុត​នៅ​ចុង​ខែ​កញ្ញា ខាង​មុខ គឺ​មុន​កាលកំណត់​នៃ​ច្បាប់​ដែល​ទុក​ពេល​ឲ្យ​រុះរើ​ចេញ​រយៈពេល​បី​ខែ​នោះ។

ចំពោះ​បញ្ហា​ថវិកា​វិញ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ការ​ធ្វើ​ស្លាក​ថ្មី​ដែល​មាន​ពាក្យស្លោក «រួម​គ្នា​សង្គ្រោះ​ជាតិ​យើង» ដែល​ដាក់​នៅ​គ្រប់​ខែត្រ​ក្រុង​នោះ គឺ​ជា​បន្ទុក​របស់​ប្រធាន​បក្ស​ខែត្រ មិន​មែន​ប្រើប្រាស់​ថវិកា​បក្ស​ទេ គឺ​ថវិកា​អ្នក​គាំទ្រ​ដែល​ធ្វើ​ស្លាក​គណបក្ស​នៅ​តាម​តំបន់​នីមួយៗ៖ «ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​គ្រប់​ច្រក​ល្ហក​ទូទាំង​ប្រទេស​ហ្នឹង យើង​អត់​ដឹង​ចំនួន​ទេ គឺ​កើត​ចេញ​ពី​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែល​គេ​ជួយ»

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច លោក​បណ្ឌិត ចាន់ វិបុល មាន​ប្រសាសន៍​ថា សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​គណបក្ស​នយោបាយ​ប៉ុណ្ណោះ​ទេ គឺ​ប៉ះពាល់​ដល់​អភិបាលកិច្ច​ដែល​សំដៅ​ដល់​ការ​គ្រប់គ្រង​រដ្ឋ៖ «ទាក់ទង​នឹង​របៀប​គ្រប់គ្រង ចាត់​ចែង​រដ្ឋ​ហើយ​អ៊ីចឹង មាន​ន័យ​ថា សំឡេង​របស់​គណបក្ស​នយោបាយ សេរីភាព​របស់​បុគ្គល​ទាក់ទង​នឹង​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នេះ ត្រូវ​បាន​រឹត​បន្តឹង​ហើយ ពិត​ជា​ប៉ះពាល់​ធាតុ​មួយ​សំខាន់​នៃ​អភិបាលកិច្ច​នេះ គេ​ហៅ​ថា រូបវន្តបុគ្គល ឬ​ជីវភាព​នយោបាយ»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ពន្យល់​ថា ច្បាប់​នេះ​លោក​មិន​គិត​ថា នឹង​មាន​ផល​ប៉ះពាល់​អ្វី​ទេ​នៅ​ពេល​អនុវត្ត ក៏​ប៉ុន្តែ​ច្បាប់​នេះ មាន​គោលបំណង​សំខាន់​ដើម្បី​រារាំង​មិន​ឲ្យ​ទណ្ឌិត​ដឹក​នាំ​គណបក្ស​នយោបាយ៖ «ពាក្យ​ថា​ទណ្ឌិត មនុស្ស​មាន​ទោស វា​អស់​សិទ្ធិ​ទៅ​ហើយ និយាយ​ឲ្យ​ចំ​ទៅ គ្មាន​សិទ្ធិ​ទេ មាន​តែ​សិទ្ធិ​ស៊ី​បាយ និង​សិទ្ធិ​នៅ​ក្នុង​គុក​ប៉ុណ្ណោះ​ទេ»

ទោះបីជា​យ៉ាង​នេះ​ក្ដី អ្នក​ច្បាប់​មួយ​ចំនួន​ចាត់​ទុក​ច្បាប់​នេះ​ជា​ច្បាប់​អាក្រក់​ហួសហេតុ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កតិកា​សញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ និង​នយោបាយ។ រដ្ឋធម្មនុញ្ញ​មាត្រា​៣១ ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកា​សញ្ញា ព្រម​ទាំង​អនុសញ្ញា​ទាំង​ឡាយ​ទាក់ទង​​ទៅ​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ។ ឯ​មាត្រា​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។

ចំពោះ​គណបក្ស​ប្រឆាំង​វិញ​ចាត់​ទុក​ច្បាប់​នេះ​ថា ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ធ្វើ​ឱ្យ​ជាតិ​បែក​បាក់ ព្រម​ទាំង​មាន​ចរិត​នយោបាយ​គាប​សង្កត់​លើ​សិទ្ធិ​បុគ្គល និង​គណបក្ស​នយោបាយ ដែល​អាច​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ មិន​សេរី និង​មិន​យុត្តិធម៌ ជាពិសេស​នឹង​ដើរ​ផ្ទុយ​ពី​ព្រះរាជ​បំណង​របស់​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​ខ្មែរ​គ្រប់​ភាគី​ត្រូវ​បង្រួបបង្រួម​ជាតិ និង​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

All Khmer pple be ready in 2018

How to threat and chasing evil out of your house in 2018,tell comrade HS to balancing equal right for both powerful parties,if HS ccp can remove CNRP's poster on the buildboard and why not HS ccp can't remove their poster on the buildboard too...this isn't fair and injustice.

Jul 27, 2017 09:01 PM

this stupid outlaw man can't 4ever

All khmer people must reject to all stupid lawless man who try to rewrite for his own draftlaw to fit whatever he wants,in easier control for his power with no anybody else above him.Time to eliminate this voodoo zombie dictator from the power and all khmer people be ready in 2018.

Jul 27, 2017 02:12 PM

គេហទំព័រ​ទាំងមូល