សំណុំរឿងជនត្រូវចោទដែលបាញ់សម្លាប់លោក កែម ឡី បានដល់ដៃចៅក្រមស៊ើបសួរហើយ បន្ទាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីរករណី គឺបទឃាតកម្មគិតទុកជាមុន និងកាន់អាវុធខុសច្បាប់ ដែលនឹងត្រូវជាប់ទោសអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា ពិតជាមានទោសមែន។
ក្រោយការសាកសួរពេញមួយថ្ងៃនៅថ្ងៃទី១៣ ខែកក្កដា ពីសំណាក់ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមសមត្ថកិច្ចបានបញ្ជូនជនត្រូវចោទទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ឬហៅថា មណ្ឌលអប់រំកែប្រែ ម១។ ការសាកសួរនៅថ្ងៃទី៣នេះ ក៏មិនខុសពីថ្ងៃមុនៗដែរ ក្រុមសមត្ថកិច្ចបានការពារយ៉ាងតឹងរ៉ឹងពេញបរិវេណតុលាការក្រុងភ្នំពេញ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្ន ប៉ុន្តែលោកមិនទាន់ឲ្យដឹងពីពេលវេលាស៊ើបសួរបន្តនៅឡើយទេ។ លោកបញ្ជាក់ថា ការសម្រេចចោទប្រកាន់ថា ជនត្រូវចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ពីបទឃាតកម្មគិតទុកជាមុន និងបទកាន់កាប់អាវុធគ្មានការអនុញ្ញាត តាមមាត្រា២០០ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោកបានសួរចម្លើយ ពិនិត្យឯកសារ និងភស្តុតាងនៅក្នុងសំណុំរឿងឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ ដែលត្រូវបានឃាតកបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា នៅក្នុងហាងលក់ទំនិញ ឬហៅថា ស្តាម៉ាត (Star Mart) ស្ថានីយសាំងកាល់តិច ស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កណ្ដាលក្រុងភ្នំពេញ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ អះអាងពីការចាប់បានជនសង្ស័យ។ លោកថា
ជននេះសារភាពថា ឈ្មោះ ជួប សម្លាប់ ដែលនៅពេលធ្វើសកម្មភាពប្រើកាំភ្លើងខ្លីចំនួនគ្រាប់ចំក្បាល និងចំដើមដៃធ្លាយដល់ដល់ក្រោមដោះ។ ទោះយ៉ាងក្តីក្នុងពេលបង្ហាញមុខជនសង្ស័យ លោកស្នងការមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានសួរសំណួរទៅកាន់ជនរូបនោះទេ៖ «តាមរយៈកម្លាំងល្បាតយើងឃើញថា ប្រសិទ្ធភាពយើងអាចចាប់ជនល្មើសបាននៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ជិតវត្តស្វាយពពែ។ យើងពិនិត្យឃើញថា ទាំងការនៅកន្លែងកើតហេតុ បន្ទាប់ពីកោសល្យវិច័យ ទាំងវត្ថុតាងដែលបានរឹបអូសពីជនល្មើសបញ្ជាក់ថា ជនសង្ស័យនេះ គឺជាឃាតកសម្លាប់លោកបណ្ឌិត កែម ឡី»។
សមត្ថកិច្ចអះអាងថា ចម្លើយសារភាពរបស់ជនសង្ស័យនឹងអាចធ្វើឲ្យសមត្ថកិច្ចស្វែងមុខអ្នកនាំពីក្រោយ ឬក៏បក្សរបស់ជននេះ។
ទាក់ទងរឿងនេះដែរ លោក លី សុផាណា បន្ថែមពីនេះ តំណាងអយ្យការក៏ចោទប្រកាន់លើបុគ្គលដែលបានលក់អាវុធអោយជនល្មើសពីបទលក់អាវុធដោយគ្មានការអនុញ្ញាតដែរ។
នៅថ្ងៃទី១៣ ខែកក្កដា នេះដែរ សារព័ត៌មានក្នុងស្រុកមួយចំនួនដែលមាននិន្នាការគាំទ្រគណបក្សកាន់អំណាចបានភ្ជាប់ករណីទៅនឹងគណបក្សប្រឆាំង បន្ទាប់ពីប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ថា ការបាញ់សម្លាប់លោក កែម ឡី ជាអំពើភេរវកម្មដែលរៀបចំដោយរដ្ឋអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។