តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​ ក្នុង​សំណុំ​រឿង​ហិង្សា​នៅ​វត្តភ្នំ​កាល​ពី​ ៥ឆ្នាំមុន ប្ដឹង​ដោយ​ស្រ្តី​បឹង​កក់​ ២នាក់​ នៅ​ដើម​ខែ​តុលា

តុលាការ​កំពូល​កោះហៅ​ស្ត្រី​ពីរ​នាក់​នៅ​សហគមន៍​បឹង​កក់ ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ដើមបណ្ដឹង​ លើ​សំណុំ​រឿង​ហិង្សា​ទៅលើ​សហគមន៍​បឹង​កក់ បង្ក​ដោយ​សមត្ថកិច្ច​ចម្រុះ​រឿង​ហិង្សា ​នៅ​ក្បែរ​វត្ត​ភ្នំ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣។ ក្នុង​សំណុំ​រឿង​ដែល​អូស​បន្លាយ​អស់​ជា​ច្រើន​មក​នេះ ស្ត្រី​បឹង​កក់​យល់​ថា តុលាការ​មិន​បាន​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ពិត​ប្រាកដ​នោះ​ឡើយ ខណៈ​ជន​ប្រព្រឹត្ត​ហិង្សា​នៅតែ​មាន​សេរីភាព ដោយ​គ្មាន​ការ​កាត់​ទោស​តាម​ច្បាប់។ ជុំវិញ​រឿង​នេះ តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា នៅ​ថ្ងៃ​ទី១ ​តុលា ​ឆ្នាំ​២០១៨ ។

ភាព​យុត្តិធម៌​ដែល​ស្ត្រី​បឹង​កក់ ២នាក់ រង់ចាំ​អស់​រយៈ​ពេល​ជាង​ ៥​ឆ្នាំ​មក​នេះ នៅ​មិន​ទាន់​លេច​ចេញ​ជា​ពន្លឺ​នៅ​ឡើយ​ សម្រាប់​ពួក​គាត់ ក្នុង​នាម​ជា​ដើមបណ្ដឹង ដែល​រងគ្រោះ​ដោយ​ការ​វាយ​ដំ​ដោយ​ដំបង​ឆក់​របស់​កងកម្លាំង​រាជ​អាវុធហត្ថ និង​គ្រាប់​ឃ្លី​ដោយ​ចម្ពាម​កៅស៊ូ​ របស់​កង​សន្តិ​សុខ​ខណ្ឌ​ដូនពេញ។

នៅ​ក្នុង​បន្ទប់​សវនាការ​តុលាការ​កំពូល​ នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា លោកស្រី ង៉ែត ឃុន វ័យ​ជាង ៨០​ឆ្លាំ បាន​យក​រូប​ថត​ជាច្រើន​សន្លឹក​បង្ហាញ​ពី​ប្រើ​ហិង្សា​របស់​កម្លាំង​សមត្ថកិច្ច​ទៅ​លើ​អ្នក​បឹង​កក់ និង​គ្រាប់​ឃ្លី​មួយ​ដែល​គាត់​រើស​បាន ដាក់​ជូន​ចៅក្រម​ជំនុំជម្រះ។ លោកស្រី ង៉ែត ឃុន ដែល​រងគ្រោះ​ត្រង់​ទ្រូង​ដោយ​គ្រាប់​ឃ្លី ឲ្យ​ដឹង​ថា នៅ​ពេល​រូប​គាត់​រៀបរាប់​ពី​ដំណើរ​រឿង​ហិង្សា​ ដោយ​មាន​រូបភាព​អម​ផង ស្រាប់​តែ​ចៅ​ក្រម​ជំនុំជម្រះ ​ហាម​គាត់​ហាម​មិន​ឲ្យ​និយាយ​ច្រើន​ឡើយ ហើយ​មេធាវី​ការពារ​ក្ដី ​ក៏​ត្រូវ​បាន​ហាម​មិន​ឲ្យ​និយាយ​ច្រើន​ដែរ៖ «ខ្ញុំ​បាន​លើក​បង្ហាញ​ភស្តុតាង​របស់​ខ្ញុំ​នេះ​ថា ខ្ញុំ​មាន​ភស្តុតាង​កម្លាំង​អ្នកណាដែល​ចុះ​មកវៃ​ខ្ញុំ​ហ្នឹង គឺ​កម្លាំង​សមត្ថកិច្ច​នៅ​ខណ្ឌ​ដូនពេញ ដែល​បញ្ជា​ឲ្យ​វៃ​ហ្នឹង​ ត្រូវ​តែ​ឲ្យ​តុលាការ​កំពូល​ហ្នឹង សុំ​ឲ្យ​គាត់​ទៅ​សួរ​នៅ​សាលា​ខណ្ឌ​ដូនពេញ​ទៅ​បាន​ស្គាល់​ ព្រោះខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ខ្ញុំ​អត់​ស្គាល់​ទេ​ ចាស៎។ សូម​ឲ្យ​តុលាការ​កំពូល​ហ្នឹង​ ជួយ​រក​យុត្តិធម៌ ចាប់​ជន​ល្មើស​ដៃ​ដល់​ផ្តន្ទា​ទោស​​ឲ្យ​ខ្ញុំ​ និង​សង​ជំងឺ​ចិត្ត​ថ្លៃ​ថ្នាំ​ពេទ្យ​ព្យាបាល​ខ្ញុំ ឲ្យ​សង​សំណង​ឲ្យ​ខ្ញុំ​ ហើយ​រក​ភាព​យុត្តិធម៌​សម្រាប់​ខ្ញុំ»។

ចំណែក​ស្ត្រី​បឹងកក់​ម្នាក់​ទៀត​ដែល​រង​របួស​បែកបាក់​ដោយ​ដំបង​របស់​សន្តិសុខ​ខណ្ឌ​ដូន​ពេញ លោក​ស្រី ផាន់ ឈុនរ៉េត ថ្លែង​ថា លោកស្រី​មិនសូវ​មាន​ជំនឿ​លើ​ចំណាត់​ការ​ និង​ការ​កាត់​សេចក្ដី​របស់​តុលាការ​កំពូល​នោះ​ឡើយ ថា​នឹង​អាច​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គាត់៖ «ខ្ញុំ​ថា​រំពឹង​ដូច​ជា​មិន​រំពឹង ចេញ​មក​គឺ​សាលា​ឧទ្ធរណ៍​គេ​រក្សា​ទុក​សាលា​ដំបូង។ ខ្ញុំ​ក៏​មិន​សង្ឃឹម​ថា​សាលា​កំពូល​នេះ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ដែរ។ ប៉ុន្តែ​ខ្ញុំសង្ឃឹម​ថា ពាក់​កណ្ដាល​ចុះ​ថា​តុលាការ​កំពូល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ» ។

ទាក់ទង​នឹង​ការ​អូស​បន្លាយ​ពេល​វេលា​អស់​ជា​ច្រើន​ឆ្នាំ ​កាត់​សេចក្ដី​ ផ្ដល់​យុត្តិធម៌​ឲ្យ​អ្នក​បឹង​កក់​នេះ មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក លោក ស៊ឹង សែន​ករុណា យល់​ថា បើ​ប្រព័ន្ធ​តុលាការ​នៅ​បន្ត​អនុវត្ត​ស្តង់ដារ​ពីរ​ នោះ​ការ​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ​ពិត​ប្រាកដ នឹង​មិន​អាច​កើត​មាន​ឡើយ​ ហើយ​ជំរុញ​​ឲ្យ​មាន​អំពើ​និទ្ទណ្ឌភាព​បន្ត​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា។ លោក​ស្នើ​ឲ្យ​តុលាការ​ឈរ​លើ​គោលការណ៍​ឆន្ទាគតិ​ទាំង​បួន ទើប​អាច​ផ្ដល់​យុត្តិធម៌​ និង​ភាព​កក់ក្ដៅ​ដល់​ពលរដ្ឋ​រងគ្រោះ​បាន៖ « យើង​ដឹង​ហើយ​ថា គោលការណ៍​អនុវត្ត​ច្បាប់​ទាំងអស់​ហ្នឹង រួម​ទាំង​ស្ថាប័ន​តុលាការ​ដែរ យើង​ហៅ​ថា កុំ​ឲ្យ​មាន​ការ​លម្អៀង​ទៅ​ហ្នឹង​អគតិ​ទាំង​បួន​ហ្នឹង។ លម្អៀង​ដោយ​ស្រលាញ់​ ដោយ​ស្អប់ ដោយ​ខ្លាច អីជា​ដើម​ដោយ​មិន​ដឹង​មិន​យល់​អី​ទាំង​អស់​ហ្នឹង។ ប៉ុន្តែ​យើង​ឃើញ​ថា ការ​អនុវត្ត​ជាក់​ស្ដែង គឺ​ផ្ទុយ​ទៅ​នឹង​ការ​កំណត់​ទាំង​អស់​ហ្នឹង ។ ដូច្នេះ​កាលណា អ្នក​ដែល​អនុវត្ត​ច្បាប់​ទាំង​អស់​ហ្នឹង​ មិន​បាន​អនុវត្ត​ទៅ​តាម​តួនាទី និង​គ្មាន​អំណាច​អនុវត្ត​ទៅ​លើ​តួនាទី​របស់​ខ្លួន អញ្ចឹង​ហើយ​ករណី​បែប​នេះ ឬ​ករណី​និទ្ទណ្ឌភាព​នេះ មិន​អាច​កាត់​ផ្ដាច់​ចេញ​ពី​សង្គម​កម្ពុជា​បាន​នោះ​ទេ» ។

លោកស្រី​ ផាន់ ឈុនរ៉េត និង​លោកស្រី ង៉ែត ឃុន​ដែល​គេ​ច្រើន​ហៅ​ថា យាយ​ម៉ាំម៉ី​ រស់នៅ​តំបន់​បឹង​កក់ បាន​ដាក់​ពាក្យ​ប្ដឹង​ ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ស្វែង​រក​​មុខ​ជន​ដៃ​ដល់​ និង​វែក​មុខ​អ្នក​បញ្ជា​ឲ្យ​មាន​អំពើ​ហិង្សា យក​មក​កាត់​ទោស​តាមច្បាប់។ ក្នុង​ពាក្យ​បណ្ដឹង​នោះ ពួក​គាត់​ប្ដឹង​អភិបាល​ខណ្ឌ​ដូនពេញ លោក សុខ ពេញ​វុធ ​ប្រធាន​ក្រុម​សន្តិសុខ​ លោក ទឹម វុត្ថា អធិការ​នគរបាល​ខណ្ឌ​ដូន​ពេញ លោក សៅ ណុល និង​មន្ត្រី​សាលា​ខណ្ឌ ​អ្នកស្រី ពេជ្រ សុ​ជាតា ថា ជា​អ្នក​បញ្ជា​ដោយ​ផ្ទាល់​ ឲ្យ​មាន​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​វាយ​បង្ក្រាប​ធ្វើ​បាប​មក​លើ​ពួក​គាត់។

ប៉ុន្តែ​មក​ដល់​ពេល​នេះ លោកស្រី​ ផាន់ ឈុនរ៉េត ថ្លែង​ថា បណ្ដឹង​ពួកគាត់​ដែល​ប្ដឹង​បុគ្គល​ទាំង​នោះ ចាប់​តាំង​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ រហូត​មក​ដល់​តុលាការ​កំពូល​ មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ និង​ដោះ​ស្រាយ​ឲ្យ​ឡើយ ក្រោយ​ពី​មាន​សមត្ថកិច្ច​ប្រើ​ហិង្សា​វាយ​បំបែក​ការ​ប្រមូល​ផ្ដុំ​សហគមន៍​បឹង​កក់​ដែល​ធ្វើ​សមាធិ បួងសួង​សុំ​យុត្តិធម៌ នៅ​វត្ត​ភ្នំ​កាល​ថ្ងៃ​ទី​២២ ខែ​កញ្ញា​ ឆ្នាំ​២០១៣ ។

នៅ​ក្នុង​ហេតុការណ៍​បង្ក្រាប​ដោយ​ហិង្សា​នោះ អ្នក​បឹង​កក់​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​ចម្រុះ​រាប់​រយ​នាក់ មាន កងរាជអាវុធហត្ថ និង​កង​សន្តិសុខ បាន​ប្រើ​ដំបង​ឆក់ ​ដំបង​ឈើ​ ចម្ពាម​កៅស៊ូ ប្រើ​គ្រាន់​ឃ្លី វាយ​សំពង និង​បាញ់​សំដៅ​ទៅលើ​ពួក​គាត់ ដែល​ធ្វើ​សមាធិ​បង្អត់​អាហារ​បួងសួង​សុំ​យុត្តិធម៌ និង​​សន្តិភាព។ ការ​វាយ​បង្ក្រាប​នោះ បណ្ដាល​ឲ្យ​មនុស្ស ១១​នាក់​រង​របួស ក្នុង​នោះ​របួស​ធ្ងន់​ចំនួន ៦​នាក់​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ក្នុង​ចំណោម​អ្នក​រង​របួស​ ក៏​មាន​អ្នក​កាសែត មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​ឃ្លាំ​មើល​សកម្មភាព​បង្ក្រាប​នោះ​ផង​ដែរ។ ក្រៅពី​នេះ សមត្ថកិច្ច​ក៏​បាន​វាយ​ឲ្យ​ខូត​ខាត​រថយន្ត​សង្គម​ស៊ីវិល​ ២គ្រឿង ​និង​រឹបអូស​យក​ម៉ូតូ​កង់​បី​របស់​ពលរដ្ឋ ២គ្រឿង​ថែម​ទៀត។

មុន​ប្រើ​អំពើ​ហិង្សា​នេះ ភ្លើង​អគ្គិសនី សម្រាប់​បំភ្លឺ​នៅ​តាម​បង្គោល​ជុំវិញ​រមណីយដ្ឋាន​វត្ត​ភ្នំ​ ក៏​ត្រូវ​បាន​កាត់​ផ្ដាច់។

ស្ត្រី​បឹង​កក់​វ័យ​ចំណាស់​ទាំង​ពី​នាក់ បង្ហាញ​ជំហរ​ថា ពួកគាត់​នឹង​ពិភាក្សា​ជាមួយ​មេធាវី​ជាថ្មី​ទៀត​ដើម្បី​ ដាក់ពាក្យ​បណ្ដឹង​តាម​ស្ថាប័ន​ជាតិ​ផ្សេងទៀត ដូច​ជា​ក្រសួង​យុត្តិធម៌ និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ ដើម្បី​ជួយ​ផ្ដល់​យុត្តិធម៌​ឲ្យ​ពួកគាត់ បើសិនជា​តុលាការ​កំពូល​មិន​អាច​យុត្តិធម៌​ឲ្យ​ពួក​គាត់​បាន នៅ​ដើមខែ​តុលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។